ភ្នំពេញ ៖ ទេព បូព្រឹក្ស និងស្វាមី លោកងួន ចាន់ដេវីត ហៅជី-ដេវីត នឹងចេញមុខព្រមគ្នា ច្រៀងសម្ដែងលក់សំបុត្រ ក្នុងកម្មវិធី «ខ្លឹមនៃព្រះនគរ» នៅសាលមហោស្រព កោះពេជ្រ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ដើម្បីប្រមូលថវិការជួយទ្រទ្រង់ដល់វីរៈកងទ័ព ខណៈដែលអំឡុងផ្ទុះសង្រ្គាមឈ្លានពានដោយយោធាសៀម (ថៃ) លើព្រំដែនខ្មែរ ទាំងពីរលើក នាងនិងប្ដី បានបង្កើត «មូលនិធិអ្នកចម្បាំងឈាមខ្មែរ» ជួយដល់វីរកងទ័ព និងពលរដ្ឋភៀសសឹកផងដែរ។ បូព្រឹក្ស ហៅស្រីនិច្ច សន្យាថា លុយបានទាំងប៉ុន្មាន ពីការលក់សំបុត្រនោះ នាងមិនឲ្យបាត់មួយកាក់ មួយសេនទេ ហើយនឹងយកទៅជួយដល់វីរកងទ័ពជូរមុខ តាមគម្រោង ខណៈដែលរូបនាងផ្ទាល់ ក៏បានត្រៀមលុយ ពី៥ពាន់ ទៅ១ម៉ឺនដុល្លារ បន្ថែមពីលើការរកបានពីការលក់សំបុត្រ ដើម្បីជួយទ្រទ្រង់ដល់វីរកងទ័ពកម្ពុជា ដ៏អង់អាចក្លាហាន ។


មានការកត់សម្គាល់ថា សកម្មភាពរបស់ទេព បូព្រឹក្ស និងងួន ចាន់ដេវីត នាពេលនេះ គឺដូចគ្នាទៅនឹងឱក សុគន្ធកញ្ញា ដែលកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នាងបានច្រៀងលក់សំបុត្រ ប្រមូលលុយជួយដល់វីរកងទ័ពជូរមុខ ក្នុងកម្មវិធី «តន្រ្ដីសប្បុរសធម៌ វិសាលភាពជាតិខ្មែរ» ដែរ ។ មហាជនក៏ចង់ឃើញតារាល្បីៗផ្សេងទៀត ធ្វើសកម្មភាពបែបនេះ ព្រោះជាតារាមិនត្រូវច្រៀងគិតតែពីលុយឡើយ ក្នុងកាលៈទេសៈនេះ ត្រូវតែជួយជាតិ ទាំងអស់គ្នា ។


សូមបញ្ជាក់ថា ទេព បូព្រឹក្ស ក្រោយក្លាយទៅជាប្រពន្ធស្របច្បាប់របស់ងួន ចាន់ដេវីត ជាង៥ខែ នាងបានលុបចោលសឹងតែទាំងស្រុង រឿងអ្នកធ្លាប់តែរិះគន់ខ្លួនថា មានកូនមុនរៀបការ ឬមិនហ៊ានរៀបការ ព្រោះខ្លាចលែងមានអ្នកគាំទ្រ ក្រោយបូព្រឹក្ស ក្រាបផ្ទឹមតាមប្រពៃណីខ្មែរ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ។ បូព្រឹក្ស និងប្ដី ក៏មិនខុសពីតារាល្បីៗផ្សេងទៀតដែរគឺបាត់បង់ប្រាក់ចំណូលមួយផ្នែកធំ ពីការរាំច្រៀង នៅរដូវក្ដៅ ២០២៥-២០២៦ ព្រោះចោរសៀម បង្កសង្រ្គាមឈ្លានពានលើកម្ពុជា ម្ដងជាពីរដង នាំឲ្យការប្រគំតន្រ្ដីទាំងឡាយ ត្រូវបានលុបចោល សឹងតែទាំងអស់។ ប៉ុន្ដែស្រីនិច្ច នៅតែមានប្រភពចំណូលក្រៅពីសិល្បៈ នោះគឺការងាកមករកស៊ី Online ខណៈប្ដីនាងចេញលក់ទឹកអប់។ ដេវីត ដែលធ្លាប់តែចេញបទចម្រៀងឌឺដងគ្នាជាមួយវណ្ណដា ក៏ស្ងប់ស្ងាត់ដែរ មិនផលិតបទ diss track ទៀតទេ ដោយផ្ដោតលើការរកលុយពីវិស័យ Online និងធ្វើ BA ឲ្យក្រុមហ៊ុននានាវិញម្ដង ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរ បូព្រឹក្ស និងដេវីត តែងតែបំផុសពីសម្លៀកបំពាក់ខ្មែរ ជារូបប្រា សាទបុរាណ នៅលើអាវដើម្បីអភិរក្សប្រាសាទនានារបស់ខ្មែរ ហើយការច្រៀងលើកនេះ អ្នកទាំងពីរ ក៏គ្រងឈុតមានរូបប្រាសាទខ្មែរ លើខោអាវពួកគេផងដែរ ។


តាមព័ត៌មានថា រាល់ការច្រៀងសម្ដែង Concerts ធំៗ ទេព បូព្រឹក្ស តែងតែត្រូវបានប្ដី លោកងួន ចាន់ដេវីត ចាត់ចែងឲ្យទាំងអស់ ពោលគឺដូចគ្នាទៅនឹងឱក សុគន្ធកញ្ញា ដែលមានប្ដី លោកអ៊ឹង សុខលី នៅក្រោយខ្នងជានិច្ច ស្រីនិច្ច អត់ទាន់ហ៊ានពពោះកូនទី២ ទេ បើទោះជាស្វាមីនាង លោកងួន ចាន់ដេវីត ធ្លាប់រំអុកចង់បានកូនស្រីក្ដី ។ គូស្នេហ៍តារានេះ ក៏ត្រូវបានគេចាត់ទុកថា ពួកគេសមគ្នាខ្លាំង ព្រោះទាំងការលេងម៉ូដសាក់ សក់ និងគ្រឿងអលង្ការ ជាដើមពួកគេនិយមតែងខ្លួនប្លែកៗដូចគ្នា ។ អ្វីដែលតារាផ្សេងៗទៀតពិបាកធ្វើតាមស្រីនិច្ច និងប្ដីនោះគឺអ្នកទាំងពីរ ប្រើឈុតសម័យ ដែលជាម៉ាកល្បី (ប្រេន ប្រេន) ពីបរទេស មិនចាញ់តារាអន្ដរជាតិឡើយ ខណៈដែលពេលនេះ ពួកគេជិះរថយន្ដម៉ាក Lamborghini យ៉ាងហ៊ឺហា ៕

