ភ្នំពេញៈ ក្រុមហ៊ុន ម៉ូរីសុនកាក់ អិមខេអេ អឌីត-អឹខោនធីង ឯ.ក អ្នកជម្រះបញ្ជីជាផ្លូវការរបស់ធនាគារព្រីនស៍ ម.ក បានចេញសេចក្តីជូនដំណឹងប្រកាសដល់អតិថិជនដែលផ្ញើប្រាក់ និងម្ចាស់បំណុលទាំងអស់របស់ធនាគារព្រីនស៍ អញ្ជើញមកផ្តល់ព័ត៌មាននិងភ័ស្តុតាង ដើម្បីទាមទារសំណង ក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នេះតទៅ នៅទីស្នាក់ការកណ្តាលនៃធនាគារព្រីនស៍ នៅអគារលេខ៤៤៥ ជាន់ទី១ ផ្លូវព្រះមុនីវង្ស កែងផ្លូវ២៣២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សេចក្តីជូនដំណឹង បានបញ្ជាក់ថា «អ្នកជម្រះបញ្ជីធនាគារព្រីនស៍ ម.ក សូមប្រកាសជូនដំណឹងដូចតទៅ ៖ យើងខ្ញុំសូមជម្រាប ដល់អ្នកផ្ញើប្រាក់ និងម្ចាស់បំណុលទាំងអស់របស់សាមី ធនាគារព្រីនស៍ ម.ក សូមមេត្តាបញ្ជូនឈ្មោះ អាសយដ្ឋាន និងព័ត៌មានលម្អិត ស្តីអំពីសិទ្ធិឥណទេយ្យ ឬការតវ៉ា និងឈ្មោះ អាសយដ្ឋានមេធាវីរបស់ខ្លួន (ប្រសិនបើមាន) ទៅឱ្យអ្នកជម្រះបញ្ជីរបស់ធនាគារព្រីនស៍ ម.ក។
ក្នុងករណីជាក់ស្តែង អ្នកផ្ញើប្រាក់ និងម្ចាស់បំណុល ត្រូវអញ្ជើញមកដោយផ្ទាល់ ឬតាមរយៈមេធាវី ដើម្បីបង្ហាញភ័ស្តុតាង ឬការទាមទារ នៅក្នុងចន្លោះពេល ៣០ថ្ងៃ ចាប់ពីថ្ងៃនៃសេចក្តីជូនដំណឹងនេះ ទីស្នាក់ការកណ្តាលនៃធនាគារព្រីនស៍ នៅអគារលេខ៤៤៥ ជាន់ទី១ ផ្លូវព្រះមុនីវង្ស កែងផ្លូវ២៣២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្នុងករណីផុតកាលកំណត់ខាងលើ អ្នកផ្ញើប្រាក់ ឬម្ចាស់បំណុល ពុំអាចទាមទារចំណែកនៃសំណងណាមួយបានឡើយ ការចុះឈ្មោះពាក់ព័ន្ធទៅនឹងការជម្រះបញ្ជីរបស់សាមី នឹងត្រូវទទួលក្នុងរយៈពេល ៣០ថ្ងៃ ផ្តើមគិតចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ តទៅ។
ទន្ទឹមនេះ ចំពោះអ្នកខ្ចីប្រាក់ពីធនាគារព្រីនស៍ ម.ក គឺត្រូវបន្តបំពេញកាតព្វកិច្ចដែលមានជាប្រក្រតី៕