ភ្នំពេញ ៖ ទេព បូព្រឹក្ស និងស្វាមី លោកងួន ចាន់ដេវីត បានចាប់ដៃគ្នាអង្រួនឆាកតន្រ្ដី «ខ្លឹមព្រះនគរ» កាលពីរាត្រីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ដែលបទនេះ មានការចែកចាយ(Share) ពាសពេញបណ្ដាញសង្គម ព្រោះនាងនិងប្ដី ច្រៀងដៀលនិងជេរចោរសៀម (ថៃ) បានស៊ីចង្វាក់គ្នាល្អ រៀបរាប់ពីការឈឺចាប់ ប្រាសាទខ្មែរ ត្រូវខូចខាតខ្ទេចខ្ទី ដោយសារស្នាដៃយោធាសៀមឈ្លានពាន។


Fan បូព្រឹក្ស និងដេវីត ថាប្ដីប្រពន្ធតារា ១គូនេះ ក្លាយជាដៃគូលើឆាកដ៏ទាក់ទាញពិសេស ស្រីនិច្ច ក្រោយមានការបណ្ដុះបណ្ដាលពីប្ដី នាងបានវិវត្តខ្លួនមកច្រៀងចង្វាក់រ៉េបយ៉ាងជឿជាក់។ តាមរយៈកាយវិការនិងសំឡេង បញ្ជាក់ថា បូព្រឹក្ស និងដេវីត បានត្រៀមខ្លួនរួចរាល់ចំពោះការឡើងមកបកអាក្រាតចោរសៀមឈ្លានពាន បំផ្លាញប្រាសាទខ្មែរ ហើយនាងក៏ដាក់បណ្តាសាឲ្យចោរសៀម ទទួលកម្មនូវអ្វីដែលគេបានសាង ខណៈដែលរូបនាងក៏បានប្តេជ្ញាចូលរួមថែរក្សាសិល្បៈ វប្បធម៌ខ្មែរ ឲ្យបានខ្ជាប់ខ្ជួន។


ទេព បូព្រឹក្ស ប្រកាសថា នាងបានធ្វើហើយ នូវការជួយជ្រោមជ្រែង លើកស្ទួយសិល្បៈវប្បធម៌ ដែលជាដួង ព្រលឹងជាតិ។ នាងថា ការប្រើសមត្ថភាពពីកំណើត ជាការផ្ដល់ឲ្យនៃព្រះអង្គម្ចាស់នគរគោកធ្លក ដែលជាពូជ សាសន៍មួយ ចេះសាមគ្គីភាព ថ្លៃថ្នូរ និងក្ដីស្រលាញ់ សម្គាល់អត្តសញ្ញាណខ្មែរ ។ នាងបន្ថែមថា ខ្លួននាងតែងតែរំលឹកនឹកគុណដោយក្ដីគោរ៏ដ៍ខ្ពង់ខ្ពស់បំផុត នូវសមិទ្ធផលដែលលោកម្ចាស់បានប្រតិស្ឋានឡើងនូវលទ្ធិដ៏អស្ចារ្យក្រៃលែងដែលប្រសិទ្ធនាមថា «ទេវរាជ» ។ នាងថា ការធ្វើនៅពេលនេះ វេលានេះ សូមឲ្យផលដែលបានការប្រទានពរពីអង្គមហាទេព សូមកើតជាប្រយោជន៍ដល់ផែនដីនៃនគរមួយនេះ ឲ្យចាកផុតពីបណ្ដាសា និងការប្រាថ្នាឈ្លានពានពីបច្ចាមិត្ត ឬជាតិសាសន៍ណាមួយដែលត្រេកត្រអាលការរំលោភយកដោយសេចក្ដី លោភ ក៏សូមឲ្យជាតិសាសន៍នោះទទួលនូវកម្មនៃសេចក្ដីរំលោភបំពាននោះ ។

ជាមួយគ្នានេះដែរ ទេព បូព្រឹក្ស បាននិយាយទាំងក្ដុលក្ដួលថា នាងសូមដឹងគុណដល់វរកងទ័ពជូរមុខទាំងអស់ ដែលបានពលីនិងការពារដែនដីសុវណ្ណភូមិមួយនេះ ពីចោរឈ្លានពានទឹកដីខ្មែរ។ បូព្រឹក្ស ប្តេជ្ញានៅមុខលោកស្រី ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌និងវិចត្រសិល្បៈថា នាងនឹងចូលរួមថែរក្សានូវសម្បត្តិវប្បធម៌របស់ខ្មែរ ជារៀងរហូត ។

ក្រៅពីចាប់ដៃ និងមានជំនួយពីស្វាមី ទេព បូព្រឹក្ស ក៏ត្រូវបានឱក សុគន្ធកញ្ញា ចេញមកធ្វើជាដៃគូនាង ក្នុងបទ «វីរនារី» (Top Of Lady ) ផងដែរ ដែលបញ្ជាក់ថា អ្នកទាំងពីរ នៅតែសហការគ្នាបានយ៉ាងល្អ ពិសេសពេលប្រគំតន្រ្ដីសប្បុរសធម៌ ទោះបីជាស្រីនិច្ច បានដើរចេញពីហង្សមាស ជាច្រើនឆ្នាំក្ដី ។

សូមបញ្ជាក់ថា ទេព បូព្រឹក្ស-ងួន ចាន់ដេវីត បានបង្កើត «មូលនិធិអ្នកចម្បាំងឈាមខ្មែរ» ដែលនាងនិងដេវីត បានចុះទៅចែកអំណោយជាញឹកញាប់ ដល់វីរកងទ័ព និងជនភៀសសឹក នៅតាមព្រំដែន ។ ចំណែកការធ្វើ Concert «ខ្លឹមព្រះនគរ» នេះក៏នាងអះអាងថា ដើម្បីយកថវិកាទៅជួយទ្រទ្រង់ដល់វីរកងទ័ពជូរមុខផងដែរ ។ បូព្រឹក្ស ជាតារារ៉េបស្រីដំបូង ដែលបានច្រៀងដៀលសៀមឈ្លានពាន លើឆាកតន្ត្រីដ៏ធំ និងធ្លាប់បានផលិតបទចម្រៀងទាក់ទងប្រាសាទខ្មែរ ត្រូវចោរចង់បាន ជាបន្ដបន្ទាប់ ដូចគ្នាទៅនឹងពេជ្រ សោភា និងវណ្ណដា ដែរ។មហាជនបានសរសើរនិងគាំទ្រស្រីនិច្ច និងស្វាមី ដែលបំផុសស្មាតីឲ្យខ្មែរ ចងចាំនូវទង្វើរបស់ចោរសៀមឈ្លានពាន តាមរយៈសិល្បៈ ដែលការច្រៀងសម្ដែងរបស់នាង មិនត្រឹមតែធ្វើឲ្យពិភពលោកស្គាល់ពីចរិតចោរសៀម កាន់តែច្បាស់ទេ តែថវិកានៃការលក់សំបុត្រនោះ ក៏ជួយសម្រួលការលំបាកបានខ្លះដល់វីរកងទ័ពជូរមុខ ដែលកំពុងតែត្រូវការជាចាំបាច់ផងដែរ ៕
