
មែលប៊ន (អូស្រ្តាលី) ៖ ក្រុមអ្នកតស៊ូមតិកម្ពុជា ដែលមានលោកហុង លីម អតីតសមាជិកសភាអូស្រ្តាលី ដើមកំណើតខ្មែរ ជាប្រធាន បានចេញសេចក្តីវិភាគ ទាក់ទងនឹង “ការបញ្ជូនខ្លួនលោក ចេន ហ្ស៊ី ទៅចិន និងការរំលោភបំពានប្រព័ន្ធយុត្តិធម៌កម្ពុជា” ដោយបញ្ជាក់ថា បទល្មើសជួញដូរមនុស្សនិងឆបោក ដែលលោក ចេន ហ្ស៊ី ត្រូវបានចោទប្រកាន់ បានបង្កការខូចខាតយ៉ាងខ្លាំងដល់មុខមាត់ប្រទេសកម្ពុជា និងជាតិសាសន៍ខ្មែរ ទាំងមូល ។ ការមិនបានបើកសវនាការកាត់ទោសក្នុងតុលាការរបស់កម្ពុជា គឺជាការរំលោភសិទ្ធិមនុស្ស ប្រព័ន្ធច្បាប់ អធិបតេយ្យ និងឯករាជ្យភាពរបស់កម្ពុជា ។ ជាពិសេស ការមិនបានបើកសវនាការ គឺជាការបដិសេធ មិនផ្តល់យុត្តិធម៌ដល់ជនរងគ្រោះដែលត្រូវបានធ្វើទារុណកម្មក្នុងតំបន់សេដ្ឋកិច្ច និងជនរងគ្រោះផ្សេងៗទៀត រងទារុណកម្មពីអំពើរបស់លោក ចេន ហ្ស៊ី ។
សេចក្ដីវិភាគរបស់ក្រុមអ្នកតស៊ូមតិកម្ពុជា ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ស្ដីពី “ការបញ្ជូនខ្លួនលោក ចន ហ្ស៊ី ទៅចិន និងការរំលោភបំពានប្រព័ន្ធយុត្តិធម៌កម្ពុជា” មានខ្លឹមសារទាំងស្រុងថា “ព្រឹត្តិការណ៍នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ដែលសមត្ថកិច្ចកម្ពុជា បានចាប់ខ្លួន និងបញ្ជូនអតីតឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) រួមនិងសហការី ២នាក់ទៀត ទៅឱ្យអាជ្ញាធរចិន ភ្លាមៗ បានក្លាយជាប្រធានបទដ៏ក្តៅគគុក ដែលបង្ហាញពីភាពទន់ខ្សោយប្រព័ន្ធច្បាប់ និងអធិបតេយ្យរបស់កម្ពុជា ។ ទោះបីជាក្រសួងមហាផ្ទៃ ព្យាយាមបកស្រាយថា នេះជាកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៉ុន្តែធាតុពិតនៃការចាប់បញ្ជូនភ្លាមៗដូច្នេះ បានរំលោភបំពាននីតិវិធីច្បាប់ របស់កម្ពុជា ទាំងស្រុង ព្រមទាំងបានបង្កប់នូវភាពមិនប្រក្រតីជាច្រើន ។
ទោះបីជារដ្ឋាភិបាល អះអាងថា លោក ចេន ហ្ស៊ី ត្រូវបានដកសញ្ជាតិខ្មែរ កាលពីខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏បុគ្គលរូបនេះ ត្រូវតែទទួលបានការការពារតាមផ្លូវច្បាប់កម្ពុជា ក្នុងនាមជាអតីតពលរដ្ឋខ្មែរ និងជាមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូលៗ ។ ការរំលោភគោលការណ៍ “សន្មតថាគ្មានទោស” នៅក្នុងមាត្រា ៣៨ នៃរដ្ឋធម្មនុញ្ញ ចែងថា “ជនជាប់ចោទ ត្រូវទុកជាមនុស្សឥតទោស ដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ”។ ការចាប់បញ្ជូនខ្លួន ដោយគ្មានសវនាការ គឺជាការដកហូតសិទ្ធិការពារខ្លួន និងសិទ្ធិទទួលបានមេធាវី ដែលជាគ្រឹះនៃសិទ្ធិមនុស្ស ចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ។
តាមច្បាប់ស្តីពីសញ្ជាតិ ការដកសញ្ជាតិ ពីបុគ្គលដែលបានចូលសញ្ជាតិ មិនអាចធ្វើឡើងតាមតែអំពើចិត្តឡើយ ។ បើតាមនីតិវិធីដកសញ្ជាតិខ្មែរ ត្រូវតែមានដំណាក់កាលយ៉ាងហោចណាស់ ចំនួន៤ គឺ ការប្រព្រឹត្តបទល្មើសដែលច្បាប់ ចែងថាត្រូវដកហូតសញ្ជាតិ ការចោទប្រកាន់ដោយព្រះរាជអាជ្ញា ការស៊ើបអង្កេតល្អិតល្អន់រកការពិត និងការជំនុំជម្រះរួច ទើបមានសាលក្រមអនុវត្ត ។ ការរកឃើញបទល្មើសឆ្គងធ្ងន់ធ្ងរ ដូចជាបទល្មើសក្បត់ជាតិ ដែលឆ្លងកាត់ការសម្រេចពីសាលក្រមតុលាការ ជាមុនសិន ទើបច្បាប់អនុញ្ញាតឲ្យដកហូតសញ្ជាតិខ្មែរ បាន ។ ការប្រើប្រាស់ព្រះរាជក្រឹត្យដកសញ្ជាតិ យ៉ាងប្រញាប់ប្រញាល់ នៅមុនការចាប់ខ្លួន តែប៉ុន្មានថ្ងៃ គឺជាចេតនាគេចវេះពីនីតិវិធីនិងប្រព័ន្ធច្បាប់ ដែលមានការរៀបចំ មើលទៅដូចជាអនុវត្តច្បាប់ ក៏ប៉ុន្តែជាក់ស្ដែង នោះគឺជា “អន្ទាក់ផ្លូវច្បាប់” ដើម្បីធ្វើការនិរទសឲ្យផុតពីនីតិវិធីតុលាការ និងប្រព័ន្ធច្បាប់របស់កម្ពុជា ។ ក្រុមអ្នកតស៊ូមតិកម្ពុជា យល់ឃើញថា ការបញ្ជូនខ្លួនលោក ចេន ហ្ស៊ី ទៅចិន គឺជាយុទ្ធសាស្ត្រ “កាត់កន្ទុយ ដោះគ្រោះ” ដើម្បីការពារអ្នកមានអំណាចនៅពីក្រោយខ្នង ។
លោក ចេន ហ្ស៊ី មិនមែនជាជនបរទេសធម្មតាទេ តែជាទីប្រឹក្សាជាន់ខ្ពស់របស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ា ណែត។ ក្រុមហ៊ុន Prince Holding Group របស់លោក ចេន ហ្ស៊ី បានចាក់ឫសយ៉ាងជ្រៅក្នុងសេដ្ឋកិច្ចនិងនយោបាយកម្ពុជា តាមរយៈការឧបត្ថម្ភសំណង់អគារគណបក្សប្រជាជន នៅទូទាំងប្រទេស និងចងភ្ជាប់គណបក្សប្រជាជនកម្ពុជា ជាមួយនឹងបក្សកម្មុយនីស្តចិន ។ ប្រសិនមានការអនុវត្តតាមច្បាប់ពិតប្រាកដ នោះនឹងមានការបើកសវនាការនៅក្នុងតុលាការកម្ពុជា ដែលនឹងក្លាយជាប្រអប់ខ្មៅ បើកបង្ហាញពីអាថ៌កំបាំងនៃការផ្ដល់លុយឱ្យមន្ដ្រីជាន់ខ្ពស់ និងការរំលោភអំណាច ។ ដូច្នេះការអនុញ្ញាតឱ្យសមត្ថកិច្ចចិន ចូលមកនាំខ្លួនទីប្រឹក្សាឋានៈស្មើរដ្ឋមន្ត្រី របស់រាជរដ្ឋាភិបាលកម្ពុជា ទៅយ៉ាងងាយដូច្នេះ បង្ហាញថា កម្ពុជា គ្មានអធិបតេយ្យ និងបានបាត់បង់ឯករាជ្យភាព ពិសេសបំពានប្រព័ន្ធយុត្តិធម៌របស់ប្រទេសកម្ពុជា ។ នេះជាសញ្ញាព្រមានថា អាជ្ញាធរប្រទេសចិន អាចមានឥទ្ធិពលលើសពីច្បាប់ជាតិ របស់កម្ពុជា ។
ខណៈដែលសហគមន៍អន្តរជាតិ (សិង្ហបុរី, អង់គ្លេស, អាមេរិក) បានរកឃើញ និងបង្កកទ្រព្យសម្បត្តិរាប់រយលានដុល្លារ របស់លោក ចេន ហ្ស៊ី ដែលពាក់ព័ន្ធនឹងបទល្មើសលាងលុយ និងឆបោកអនឡាញ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា បែរជាធ្វើមិនដឹងមិនឮទៅវិញ ព្រមទាំងមិនបានចោទប្រកាន់ មិនបានស៊ើបអង្កេតក្នុងនីតិវិធី និងមិនបានបើកសវនាការ ជាសាធារណៈ កាត់ទោសតាមច្បាប់ ។
កម្ពុជា មានច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ ប៉ុន្តែមិនត្រូវបានយកមកអនុវត្ត ចំពោះករណីលោក ចេន ហ្ស៊ី ឡើយ ។ ការបញ្ជូនខ្លួនលោក ចេន ហ្ស៊ី ទៅបាត់ គឺជាលុបបំបាត់ភ័ស្តុតាងគន្លឹះ ឱ្យទៅឆ្ងាយពីដែនសមត្ថកិច្ចកម្ពុជា ដើម្បីកុំឱ្យមានការជីកកកាយដល់ប្រភពលុយដែលបានបោះទុនក្នុងស្រុក និងទីតាំងកាស៊ីណូទាំងអស់ ពាក់ព័ន្ធនឹងលោក ចេន ហ្ស៊ី ។ បទល្មើសជួញដូរមនុស្ស និងឆបោក ដែលលោក ចេន ហ្ស៊ី ត្រូវបានចោទប្រកាន់ បានបង្កការខូចខាតយ៉ាងខ្លាំង ដល់មុខមាត់ប្រទេសកម្ពុជា និងជាតិសាសន៍ខ្មែរ ទាំងមូល ។ ការមិនបានបើកសវនាការកាត់ទោសរូបលោក ក្នុងតុលាការរបស់កម្ពុជា គឺជាការរំលោភសិទ្ធិមនុស្ស ប្រព័ន្ធច្បាប់ អធិបតេយ្យ និងឯករាជ្យភាពរបស់កម្ពុជា ។ ជាពិសេស ការមិនបានបើកសវនាការ គឺជាការបដិសេធ មិនផ្តល់យុត្តិធម៌ដល់ជនរងគ្រោះដែលត្រូវបានធ្វើទារុណកម្មក្នុងតំបន់សេដ្ឋកិច្ច និងជនរងគ្រោះផ្សេងៗទៀត រងទារុណកម្មពីអំពើរបស់លោក ចេន ហ្ស៊ី ។
ជារួម ករណីលោក ចេន ហ្ស៊ី មិនមែនជាការអនុវត្តច្បាប់ធម្មតាទេ ប៉ុន្តែវាគឺជា “អំពើនិទ្ទណ្ឌភាពជាប្រព័ន្ធ” ជាក់ស្តែង ដែលបង្ហាញដល់ជាតិនិងអន្តរជាតិ រដ្ឋាភិបាល បានជ្រើសរើសយកការបណ្ដេញជនសង្ស័យចេញ ជាជាងការស្វែងរកការពិតក្នុងប្រព័ន្ធច្បាប់របស់កម្ពុជា ។ ក្រុមអ្នកតស៊ូមតិកម្ពុជា ទាមទារឱ្យរដ្ឋាភិបាល ៖
១. បញ្ចេញភ័ស្តុតាង និងនីតិវិធីច្បាប់ ដែលប្រើប្រាស់ក្នុងការដកសញ្ជាតិ និងការបញ្ជូនខ្លួនឱ្យបានច្បាស់លាស់ តាមយន្តការរដ្ឋសភា និងចំពោះមុខប្រជាជាតិ ជាផ្លូវការ ។
២. បង្ហាញពីស្ថានភាពទ្រព្យសម្បត្តិរបស់លោក ចេន ហ្ស៊ី នៅកម្ពុជា និងចាត់វិធានការដកហូតទ្រព្យសម្បត្តិទាំងនោះ មកជាសម្បត្តិរដ្ឋ ប្រសិនបើរកឃើញថា ជាលុយកខ្វក់ ព្រមទាំងយកទៅសងជនរងគ្រោះ ។
៣. បញ្ឈប់ការប្រើប្រាស់តួនាទី “ទីប្រឹក្សា“ ឬ “ឧកញ៉ា” ដើម្បីផ្ដល់ភាពស៊ាំដល់ឧក្រិដ្ឋជនឆ្លងដែន ។
ក្រុមអ្នកតស៊ូមតិកម្ពុជា នឹងបន្តឃ្លាំមើលនិងកត់ត្រា រាល់ភាពអយុត្តិធម៌ទាំងនេះ ដើម្បីទុកជាសក្ខីភាពក្នុងប្រវត្តិសាស្ត្រនៃការគ្រប់គ្រងសង្គម ក្រោមរបបបច្ចុប្បន្ន និងធ្វើការវិភាគពីជ្រុងច្បាប់ និងនីតិវិធីដែលគណបក្សប្រជាជន និងអ្នកនាំពាក្យ តែងលើកថា “អនុវត្តច្បាប់ អនុវត្តតាមនីតិវិធី” ។
ក្រុមអ្នកតស៊ូមតិកម្ពុជា ដឹងថា ករណីរបស់ឧកញ៉ា ចេន ហ្ស៊ី គឺជាករណីផ្ទាល់របស់លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន ដែលទទួលគាត់ជាទីប្រឹក្សា ឋានៈស្មើរដ្ឋមន្ត្រី ។ ហេតុដូច្នេះ លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន អនុវត្តករណីនេះ ដើម្បីការពារខ្លួនឯង ដោយផ្ទុយនឹងច្បាប់ និងនីតិវិធីរបស់កម្ពុជា ទាំងស្រុង“ ៕ កុលបុត្រ