Friday, January 16, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំនើងបង្ហោះម៉ូតូ ចូលប៉ុស្តិ៍៤នាក់

ក្មេងទំនើងបង្ហោះម៉ូតូ ចូលប៉ុស្តិ៍៤នាក់

ខេត្តកំពង់ស្ពឺ ៖  ក្មេងទំនើង ១ក្រុម ដែលចូលចិត្តបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ត្រូវកម្លាំងនគរបាលស្រុក ឃាត់ខ្លួនបានសរុបចំនួន៤នាក់ ក្រោយពីពួកគេបាននាំគ្នាបង្ហោះម៉ូតូ ថតវីដេអូ បង្ហោះអួតពេញបណ្តាញសង្គម។ករណីក្មេងទំនើងបង្ហោះម៉ូតូនេះ បានកើតឡើង កាលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ នៅត្រង់ចំណុចលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូលេខ៤២-៤៣ ស្ថិតក្នុងភូមិព្រៃរំដួលខាងជើង ឃុំបសេដ្ឋ ស្រុកបសេដ្ឋ។ រហូតមកដល់ល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ទើបកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើង បានចំនួន៤នាក់។

ក្រុមក្មេងទំនើង ទាំង៤នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសុខ ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិដីក្រហម ឃុំនិទាន ស្រុកបសេដ្ឋ (អ្នកធ្វើសកម្មភាពបង្ហោះម៉ូតូ)។ ទី២-ឈ្មោះ ង៉ាន់ សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិត្រពាំងស្តៅ ឃុំនិទាន ស្រុកបសេដ្ឋ (អ្នកធ្វើសកម្មភាពបង្ហោះម៉ូតូ)។ ទី៣-ឈ្មោះយាន គឹមស៊ន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិដីក្រហម ឃុំនិទាន ស្រុកបសេដ្ឋ និងទី៤-ឈ្មោះរី សុភក្ត្រ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិសាឡាំ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបញ្ជាដឹកនាំលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នង ការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងសមត្ថកិច្ចស្រុកបសេដ្ឋ បានបើកប្រតិបត្តិការស្រាវជ្រាវករណីក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ថតវីដេអូបង្អួតសមត្ថកិច្ច តាមរយៈតាមបណ្តាញសង្គម ហ្វេសបុក កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦។

ក្រោយទទួលបានព័ត៌មានអំពីករណីក្មេងទំនើងមួយក្រុម បង្ហោះម៉ូតូខាងលើរួចមក លោកវរសេនីយ៍ឯក ចន សុភិត អធិការនគរបាលស្រុកបសេដ្ឋ បានបញ្ជាកម្លាំងស្រុក ធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ក៏ឈានទៅកំណត់មុខសញ្ញា និងឃាត់បានក្មេង ទំនើងទាំង៤នាក់ (១-ឈ្មោះសុខ ពន្លឺ ២-ឈ្មោះង៉ាន់ សុខហេង ៣-ឈ្មោះយាន គឹមស៊ន ៤-ឈ្មោះរី សុភក្ត្រ) ព្រមទាំងដកហូតវត្ថុតាង ម៉ូតូ ១គ្រឿង ដែលក្រុមក្មេងទំនើងទាំងនេះ បានធ្វើសកម្មភាពបង្ហោះនៅលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូ៤២-៤៣ ស្ថិតក្នុងភូមិព្រៃរំដួលខាងជើង ឃុំបសេដ្ឋ ស្រុកបសេដ្ឋ។

នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង៤នាក់ ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ តាមផ្លូវជាតិលេខ៤១ ប្រាកដមែន។

ក្មេងទំនើងទាំង៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចកោរសក់ ធ្វើការអប់រំ  និងធ្វើកិច្ចសន្យា ឱ្យអាណាព្យាបាលធានាយកទៅអប់រំបន្តនៅមូលដ្ឋានវិញ។ ចំណែកវត្ថុតាង ម៉ូតូ ត្រូវបានដកហូតរក្សាទុករយៈពេល៣ខែ ឬ៩០ថ្ងៃ៕

RELATED ARTICLES