Friday, January 16, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឧកញ៉ា លី គួង តុលាការដាក់គុក

ឧកញ៉ា លី គួង តុលាការដាក់គុក

ភ្នំពេញ ៖ ឧកញ៉ា លី គួង ភេទប្រុស អាយុ ៥០ឆ្នាំ ត្រូវបានលោក ឆែ វិវឌ្ឍនៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ) នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ដើម្បីរង់ចាំការជំនុំជម្រះទោសតាមនីតិវិធី ក្រោមការចោទប្រកាន់ពីបទពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន ជនជាប់ចោទនេះ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទល្មើស រួមមាន ៖ ការជ្រើសរើសដោយមិនស្របច្បាប់ សម្រាប់កេងប្រវ័ញ្ច បទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់ តាំង និងបទសម្អាតប្រាក់ ប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន បទល្មើសមានបញ្ញត្តិឱ្យផ្តន្ទាទោស តាមមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ និងមា ត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ការសម្រេចឃុំខ្លួននេះ ធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវយ៉ាងច្បាស់លាស់ និងរកឃើញភ័ស្តុតាងដែលបង្ហាញពីសកម្មភាពមិនប្រក្រតីក្នុងការកេងប្រវ័ញ្ចទ្រព្យសម្បត្តិរបស់អ្នកដទៃ ក្នុងរូបភាពជាការវិនិយោគ ឬការរកស៊ីដែលគ្មានតម្លាភាព រួចយកថវិកាទាំងនោះ ទៅធ្វើចរាចរដើម្បីបន្លំភ្នែកសមត្ថកិច្ច សម្អាតប្រាក់ និងបានប្រើប្រាស់ទីតាំងកាស៊ីណូ និងសណ្ឋាគារ ដើម្បីបង្ខាំងមនុស្សឱ្យធ្វើការឆបោកអនឡាញ ចាប់ តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។

ជនត្រូវចោទខាងលើ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលអប់រំកែប្រែ ដើម្បីអនុវត្តតាមដីកាសម្រេចរបស់ចៅក្រមស៊ើបសួរ។ សំណុំរឿងនេះ កំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួរយ៉ាងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីស្វែង រកអ្នកពាក់ព័ន្ធផ្សេងទៀត មកផ្តន្ទាទោសតាមច្បាប់។

លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប) បានឱ្យដឹងថា គិតចាប់ពីឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦  តុលាការកម្ពុជា បានអនុវត្តនីតិវិធីលើសំណុំរឿងធំៗ ចំនួន ៣៧ករណី ផ្តន្ទាទោសមេខ្លោងនិងបក្ខពួក ចំនួន ១៧២នាក់។

ជាមួយគ្នានេះ សមត្ថកិច្ចបាននិងកំពុងបន្តស្រាវជ្រាវដើម្បីវែកមុខបណ្តាញអង្គការចាត់តាំង ដែលនៅពីក្រោយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

សូមបញ្ជាក់ថា ក្នុងក្របខ័ណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះ ទូទាំងប្រទេស នឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរ៉ឹងបំផុត ចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មាន ការលើកលែងឡើយ៕

RELATED ARTICLES