ភ្នំពេញ ៖ ក្នុងវ័យ ២៦ឆ្នាំ រូបសម្រស់គួរឲ្យទាក់ទាញ ស្រីស្រស់ វ៉ា ម៉ាលីណា ដែលធ្លាប់ចូលរួមប្រលងបវរកញ្ញា ២លើក មកហើយនោះ បានប្រាប់ថា នៅឆ្នាំ២០២៦ និងឆ្នាំបន្ទាប់ នាងគ្មានគម្រោងចូលប្រកួតវិស័យបវរកញ្ញាទៀតទេ ។ ចំពោះមូលហេតុ មកពីនាងជាប់រវល់ច្រើនទៅលើការរកស៊ី គ្មានពេលវេលាគ្រប់គ្រាន់ និងម្យ៉ាង ទៀត នាងថា ធ្លាប់ប្រកួតវិស័យបវរកញ្ញា ២លើក បានបទពិសោធន៍ច្រើនគួរសមហើយ ។

វ៉ា ម៉ាលីណា ប្រាប់អ្នកយកព័ត៌មាន «នគរធំ» នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ថា បើអាជីពសម្ដែង នាងនៅតែបន្ដថត ទាំងរឿងភាគ រឿងដុំ និងរឿងខ្លី (Short Film) ជាធម្មតាប្រសិនបើរឿងនោះ នាងស្រលាញ់ពេញចិត្ត ហើយតួអង្គនាងមានសកម្មភាពលេងច្រើន។ ប៉ុន្ដែនាងថា សម្រាប់វិស័យបវរកញ្ញា នាងគ្មានគម្រោងចូលរួមប្រកួតសាជាថ្មីឡើយ ព្រោះពេលនេះ នាងមានមុខរបរផ្ទាល់ខ្លួនច្រើន ដកខ្លួនមិនរួច គ្មានពេលវេលាគ្រប់គ្រាន់។ នាងថាកាលពីឆ្នាំ២០២៥ នាង៏ចោលការថតភាពយន្ដ ច្រើនរឿងដែរ ព្រោះគេទាក់ទងឲ្យថតរឿងភាគ ដែលយ៉ាងហោចណាស់ ក្នុង១អាទិត្យ ត្រូវចេញថត ៣ទៅ៤ថ្ងៃ និងចុះទៅតាមខេត្តទៀត ទើបនាងមិនហ៊ានទទួលថត។ ប៉ុន្ដែនាងថា វិស័យភាពយន្ដ មិនដូចបវរកញ្ញាទេ គឺនាងនៅតែឆ្លៀតថតសម្ដែង ឲ្យតែរឿងនោះនាងពេញចិត្ត ព្រោះភាគច្រើនរឿងដែលនាងថតកន្លងមក សុទ្ធតែជាតួមានសកម្មភាពច្រើន ពី៨០ ទៅ៩០% អីចឹងបើថតរឿងក្រោយៗទៀត ក៏បែបនេះដែរ ទើបនាងព្រមលេង ។

គួររំលឹកថា វ៉ា ម៉ាលីណា ធ្លាប់ប្រលង Miss Grand Cambodia 2021 ឈានដល់វគ្គ ១០នាក់ចុងក្រោយ និងជាប់ពាន Miss Raising Star ប៉ុន្ដែមិនបានដល់វគ្គដណ្ដើមមកុដឡើយ ។ នៅឆ្នាំ២០២៤ ម៉ាលីណា បានចូលរួមប្រកួត Miss Supranational Cambodia ដោយជាប់ចំណាត់ថ្នាក់លេខ៤ និងឈានចូលប្រឡូកជាតួសម្ដែង ឆ្នាំ២០២២។ នាងថា លទ្ធផលពីការប្រលងបវរកញ្ញា ទាំង២កម្មវិធីខាងលើ មិនបានធ្វើឲ្យនាងខកចិត្តទេ ប៉ុន្ដែនាងទទួលបានបទពិសោធន៍ច្រើនគួរសម ពីវិស័យនេះ ។

តាមប្រភពថា តាំងពីផ្ទុះសង្រ្គាមតាមព្រំដែន ដែលយោធាសៀម (ថៃ) ឈ្លានពានកម្ពុជា នោះ ទាំងតារា សម្ដែងនិងចម្រៀង និងអ្នកធ្វើការវិស័យសិល្បៈផ្សេងៗទៀត ចំណូលធ្លាក់ចុះដូចគ្នា ។ ប៉ុន្ដែសម្រាប់ ម៉ាលីណា ចំពោះរូបនាង នៅតែមានការងារសិល្បៈធម្មតា ពិសេសនាងរវល់ច្រើន ទៅលើមុខរបរផ្ទាល់ខ្លួន ទាក់ទងផលិតផលថែស្បែក ឬឡេ (Skin Care) ។ ម៉ាលីណា ថាគ្រាន់តែនៅឆ្នាំ២០២៥ នាងនៅសល់ភាពយន្ដ ដល់ទៅ ៣ រឿង ជារឿងដុំ សម្រាប់ដាក់បញ្ចាំងតាមរោងភាពយន្ដ ថតចប់អស់ហើយ ប៉ុន្ដែពេលនេះ ផលិតកម្មនៅមិនទាន់ដាក់បញ្ចាំងឡើយ។

សូមបញ្ជាក់ថា វ៉ា ម៉ាលីណា តែងតែបង្ហាញសម្រស់លេចត្រដែត ដោយនិយមពាក់ឈុតប៊ីគីនី នៅមាត់សមុទ្រ ប៉ុន្ដែនៅពេលត្រូវសួរថា តើការលេងស្ទីលនោះ ជាការនិយមជឿជាក់លើខ្លួនខ្លាំង ឬទាក់ទងការផ្សព្វផ្សាយផលិ តផល? ម៉ាលីណា ថាមិនអាចឆ្លើយបាន ព្រោះជារឿងផ្ទាល់ខ្លួន ។ ស្រីស្អាតរូបនេះ បញ្ជាក់នាងថា បច្ចុប្បន្ន នាងនៅលីវ មិនទាន់មានគូស្នេហ៍ឡើយ ៕

