Monday, January 19, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរដាក់ថ្នាំសណ្តំ អស់ខ្សែក១តម្លឹង ខ្លាចប្តីដឹង ប្រពន្ធចងកស្លាប់

ចោរដាក់ថ្នាំសណ្តំ អស់ខ្សែក១តម្លឹង ខ្លាចប្តីដឹង ប្រពន្ធចងកស្លាប់

ភ្នំពេញ ៖ ស្ត្រីម្នាក់ ត្រូវបានជនសង្ស័យដាក់ថ្នាំ យកខ្សែកមាស ទម្ងន់ ១តម្លឹង២ជី តែមិនហ៊ានប្រាប់ប្តីឡើយ ស្រាប់តែ ២ថ្ងៃក្រោយមក សម្រេចចិត្តចងកបញ្ចប់ជីវិតខ្លួនឯង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ នៅត្រង់ចំណុចបន្ទប់ជួល ជាន់ផ្ទាល់ដី លេខ BB006 ស្ថិតក្នុងភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ។

ស្ត្រីដែលចងកញ្ចប់ជីវិតខ្លួនឯង មានឈ្មោះដុល សុខនីម អាយុ៤៦ឆ្នាំ មុខរបរលក់ចាបហួយ ស្នាក់ផ្ទះជួលទីតាំងកើតហេតុខាងលើ និងមានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្តាល។

តាមប្រភពសាច់ញាតិរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅវេលាព្រឹកថ្ងៃកើតហេតុនោះ មានអ្នកលក់ទឹកកក បានដឹកទឹកកក យកទៅដាក់ឱ្យស្ត្រីរងគ្រោះ តាមទម្លាប់ រាល់ថ្ងៃ ព្រោះផ្ទះគាត់ លក់អីវ៉ាន់ចាប់ហួយ ហើយក៏លក់ទឹកកកផងដែរ។ ពេលទៅដល់ អត់ឃើញ ស្ត្រីរងគ្រោះបើកទ្វារបន្ទប់ ដូចរាល់ថ្ងៃ ទើបអ្នកលក់ទឹកកក បានទៅសួរបងថ្លៃស្រីរបស់ស្ត្រីរងគ្រោះ ដែលស្ថិតនៅបន្ទប់ផ្សេង ចម្ងាយប្រមាណ១០០ម៉ែត្រ ពីបន្ទប់កើតហេតុនោះថា “ម៉េចបានជាអត់ឃើញស្រ្តីរងគ្រោះ បើកទ្វារបន្ទប់?”។

ប្រភពដដែល បន្តថា ខណៈនោះ ដោយមានការងឿងឆ្ងល់ ក៏នាំគ្នាទៅមើល ឃើញទ្វារបន្ទប់បិទជិត និងខ្ទាស់គន្លឹះពីខាងក្នុងជាប់ទៀត ក៏បាននាំគ្នាស្រែកហៅ តែអត់ឮឆ្លើយ ហើយទូរស័ព្ទក៏អត់ចូល ទើបបានប្រាប់ទៅអ្នកមើលការខុសត្រូវបន្ទប់ជួល។ បន្ទាប់មក អ្នកមើល ការខុសត្រូវបន្ទប់ជួល បានគាស់ទ្វារបន្ទប់ ចូលទៅមើល ស្រាប់តែឃើញស្ត្រីខាងលើ ចងកស្លាប់នៅក្នុងបន្ទប់ទឹក។ ប៉ុន្តែដោយមិនអស់ចិត្ត ក្រុមគ្រួសារបានស្រាយចំ ណងដាក់ចុះ រួចហៅរថយន្តមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ ដឹកយកទៅសង្គ្រោះ តែគ្រូពេទ្យប្រាប់ថា ស្លាប់ហើយ។

តាមសម្តីស្ត្រីជាបងថ្លៃស្រីរបស់ស្ត្រីរងគ្រោះ បានបញ្ជាក់ប្រាប់ថា កាលពី ២ថ្ងៃមុន ប្អូនថ្លៃស្រីរបស់គាត់នេះ (ស្ត្រីរងគ្រោះ) ត្រូវបានគេដាក់ថ្នាំ យកខ្សែក អស់១ខ្សែ ទម្ងន់១តម្លឹង២ជី ពេលនោះ នាងអត់ហ៊ានប្រាប់ប្តី ឱ្យដឹងពីរឿងនេះទេ។ លុះដល់វេលាព្រឹកថ្ងៃកើតហេតុ ស្រាប់តែ ប្រទះឃើញស្ត្រីរងគ្រោះ ធ្វើអត្តឃាត ចងកសម្លាប់ខ្លួនបែបនេះតែម្តង ដោយពុំដឹងថា ប្អូនថ្លៃតូចចិត្តនឹងរឿងនោះឬយ៉ាងណានោះឡើយ។

ដោយឡែក បុរសជាប្តីស្ត្រីរងគ្រោះ បានឱ្យដឹងថា គាត់មិនបាននៅជាមួយប្រពន្ធគាត់ទេ ដោយសារតែគាត់មានមុខរបររកស៊ីនៅឯស្រុកកោះធំ ខេត្តកណ្តាល ប៉ុន្តែគាត់ក៏ឧស្សាហ៍ទៅមករកប្រពន្ធដែរ។ នៅវេលាយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ គាត់បានទូរស័ព្ទមកប្រពន្ធ ហើយប្រាប់ថា “បងទិញដីគេ និងត្រូវកក់លុយគេ ២ពាន់ដុល្លារសិន តើអូនមានលុយទេ ឱ្យបង ១ពាន់មក ដើម្បីយកទៅបង្គ្រប់ កក់ថ្លៃដីគេ”? បន្ទាប់មកក៏ស្ងាត់ទៅ។ លុះដល់ព្រឹកឡើង ស្រាប់តែបងប្អូនប្រាប់ថា ប្រពន្ធគាត់ចងកសម្លាប់ខ្លួន ស្លាប់ហើយ ទើបគាត់រូតរះមក មើលប្រពន្ធតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយនគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះ ពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន។

សពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES