Tuesday, January 20, 2026
Homeសង្គម និងជីវិតលែងត្រីរាជ ៧៨គីឡូ ចូលទន្លេវិញ

លែងត្រីរាជ ៧៨គីឡូ ចូលទន្លេវិញ

ខេត្តកំពង់ចាម ៖ ត្រីរាជ ១ក្បាលទៀត ដែលមានទម្ងន់ប្រមាណ ៧៨គីឡូក្រាម ត្រូវបានប្រជានេសាទបាន រួចប្រគល់ទៅឱ្យមន្ត្រីជំនាញពិនិត្យនិងដាក់លេខសម្គាល់ រួចលែងចូលក្នុងទន្លេមេគង្គ វិញ។

ត្រីរាជ ត្រូវបានលែងចូលទៅក្នុងទឹកទន្លេវិញ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅចំណុចឃុំរកាគយ ស្រុកកងមាស ដោយមានការចូលរួមពីកម្លាំងអាជ្ញាធរមូលដ្ឋានព្រមទាំងជំនាញជលផល។ ត្រីនេះ មានទម្ងន់ប្រមាណ៧៨គីឡូក្រាម ហើយបើអ្នកណានេសាទបាន គឺមិនអនុញ្ញាតឱ្យលក់នៅលើទីផ្សារនោះទេ ព្រោះជាប្រភេទត្រីកម្រជិតផុតពូជ។

លោកលី ស៊្រី នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានប្រាប់ឱ្យដឹងថា ស្របពេលរដូវបើកនេសាទ គឺមានបងប្អូនខ្មែរអ៊ិស្លាម បាន ប្រើប្រាស់ឧបករណ៍នេសាទ ម៉ាញ់ ប្រើទូកម៉ាស៊ីនអូសចាប់យកត្រីតូចធំ ដើម្បីលក់ឱ្យបងប្អូនអាជីវករនៅតាមទីផ្សារនានា ក្នុងខេត្តកំពង់ចាម ។

ជាក់ស្តែង នៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានទទួលព័ត៌មានពីប្រជានេសាទ ឈ្មោះឆាយ សេងឃុន ដែលបាននេសាទបានត្រីរាជ ទម្ងន់ប្រហែល៧៨ គីឡូជាង ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់ នៅចំណុចតាមដងទន្លេមេគង្គ ភូមិថ្មី (ក) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ។ ចំពោះទីតាំងដែលនេសាទបាននេះ គឺមានលក្ខណៈអំណោយផល ព្រោះជាកន្លែងមួយដែលមានអន្លង់ជ្រៅទឹកត្រជាក់ ហើយត្រីចូលចិត្តរស់នៅ ។

លោកនាយខណ្ឌជលផល បានបន្តថា ក្រោយពីទទួលបានព័ត៌មានខាងលើ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះត្រួតពិនិត្យ និងទំនាក់ទំនងផ្តល់ព័ត៌មានជូនវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដើម្បីកំណត់ទិន្នន័យត្រីរាជ និងមានវិធានការបន្ត។ក្រុមការងារបច្ចេកទេសវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល បានកំណត់ទិន្នន័យ ត្រីរាជ ភេទញី ប្រវែង១៨៧សង់ទីម៉ែត្រ ទម្ងន់សរុប ៧៨គីឡូក្រាម ពាក់ស្លាករដ្ឋបាលជលផល លេខកូដ ៣១៦ នេសាទបាននៅតាមដងទន្លេមេគង្គ ភូមិថ្មី (ក) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។

ក្រោយពីកំណត់អត្តសញ្ញាណដូចខាងលើរួច ក្រុមការងារមានអាជ្ញាធរស្រុកកងមាស មន្ត្រីនៃរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផល កំពង់ចាម និងក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងប្រជានេសាទបានលែ ងត្រីរាជ ចូលក្នុងទន្លេមេគង្គ វិញ។

ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម សូមអំពាវនាវដល់ប្រជានេសា ទទាំងអស់ សូមផ្តល់ដំណឹងមកមន្ត្រីជំនាញនៃខណ្ឌរដ្ឋបាលជលផល នៅពេលនេសាទបានដោយចៃដន្យ ប្រ ភេទត្រីកម្រ ដូចជា ត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ ជាដើម ដើម្បី លែងចូលទន្លេវិញ ក្នុងគោលបំណងអភិរក្សប្រភេទកម្រទាំងនេះឱ្យបានគង់វង្ស ។

គិតត្រឹមដើមឆ្នាំ២០២៦ នេះការនេសាទត្រីរាជ បានចំនួន ៣ក្បាលហើយ។ ចំពោះអ្នកដែលនេសាទបានត្រូវបាន ក្រុមអភិរក្សលើកទឹកចិត្តជូនថវិកាមួយចំនួន ដោយឡែកជំនាញជលផលខេត្ត ក៏បានផ្តល់បានសរសើរដល់អ្នកនេសាទនោះផងដែរ៕

RELATED ARTICLES