ភ្នំពេញ ៖ ក្នុងវ័យ ២៧ឆ្នាំ ស្រីស្រស់ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវបាន Fan របស់ខ្លួនខ្លះ សរសើរថា រាងស្អាតឥតទាស់ បន្ទាប់ពីនាងបានថតរូបស្លៀកឈុតប៊ីគីនី ទាំងកណ្ដាលថ្ងៃត្រង់ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ បង្ហាញទាំងអស់នូវរូបរាងដ៏ស្រលន ស្បែកសាច់សខ្ចី តាំងពីចុងជើងដល់សក់ ដែលនាងបង្ហើបថា បានចំណាយ ៥០០ដុល្លារ ហាត់កីឡា ថែរាងឲ្យស្អាត ។

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានប្រាប់ថា តាមពិតនាងប្រឹងថែរាងដែរ ទើបបានប៉ុណ្ណេះ ។ អ្នកលេងហ្វេសប៊ុកខ្លះ ចង់ឲ្យពេជ្រ វត្តីសារ៉ាវឌ្ឍី ទម្លាយពីប្រភេទកីឡាដែលនាងហាត់ឲ្យមានរាងស្អាតបែបនេះ ដើម្បីឲ្យពួកគេធ្វើតាមនាង ។

ទាក់ទងការហាត់កីឡា ពេជ្រ វត្តីសារ៉ាវឌ្ឍី ថានាងបានចំណាយលុយ ៥០០ដុល្លារ ទៅហាត់កីឡាភីឡាទីស (PILATES) ជាលក្ខណៈឯកជន (Private) ដែលកំពុងតែពេញនិយមនៅកម្ពុជា ។ ប៉ុន្ដែនាងថា ការហាត់កីឡាមួយនេះ មិនមែនចង់បានឲ្យរាងស្អាតទេ គឺដើម្បីឲ្យខ្យល់ដង្ហើមដកតាមចលនារាងកាយបានស្រួល និងរហ័សរហួនជាងមុន។ នាងថា ៥០០ដុល្លារ មិនថ្លៃទេ ក្នុងការវិនិយោគលើសុខភាពខ្លួនឯង។

គួរបញ្ជាក់ថា ក្រៅពីពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏មានតារាស្រីល្បីៗជាច្រើនដួងទៀត បានជ្រើសការហាត់ប្រាណកីឡា PILATES បន្ទាប់ពីពួកគេបានឃើញកំពូលតារាចម្រៀងប៉ុប របស់កូរ៉េខាងត្បូង ស្រីស្អាត JENNIE តារាចម្រៀងផលិតកម្ម YG សមាជិករបស់ក្រុមចម្រៀង Blakpink បានបង្ហាញការហាត់កីឡានេះ។ សម្រាប់ វត្តីសារ៉ាវឌ្ឍី ដោយធ្លាប់ឆ្លងកាត់ការប្រលងបវរកញ្ញាជាញឹកញាប់ និងមានបទពិសោធន៍ដើរម៉ូដ ក្នុងឈុតប៊ីគីនី ជាច្រើនដង ហេតុនេះការថតឈុតនេះ មិនមែនជាឧបសគ្គសម្រាប់រូបនាងឡើយ ។ ជាក់ស្ដែងដូចជាមុនប្រកួតវគ្គផ្ដាច់ព្រ័ត្រ(Final) Miss Universe Cambodia 2025 កាលពីខែកញ្ញា ឆ្នាំ២០២៥ នាងក៏បានបញ្ចេញឈុតប៊ីគីនី អស់ដៃដែរ ប៉ុន្ដែគួរឲ្យស្ដាយ ដោយសារលទ្ធផលបរាជ័យទាំងស្រុង ព្រោះតែមិនអាចយកឈ្នះអ្នកមេម៉ាយសាច់សខ្ចី ថៃ នារីសុជាតា ហៅហ្វីយ៉ាតា បានឡើយ ។

សូមរំលឹកថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ម្ចាស់មកុដ Miss Grand Cambodia 2022 និង 5th Runner Up MGI 2022 ប៉ុន្ដែកាលពីថ្ងៃទី៣ ខែកក្កដា នាងបានប្រកាសបោះចោលតំណែង 5Th Runner Up MGI 2022 នោះ នៅធុងសំរាមទៅហើយ ក្រោយពីបុគ្គលណាវ៉ាត់ ស្ថាបនិក MGI ចេញសេចក្ដីប្រកាសដកតំណែង 5th Runner Up MGI 2022 របស់នាង កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ។ បន្ទាប់ពីរបូតមកុដ Miss Universe Cambodia 2025 វត្តីសារ៉ាវឌ្ឍី មិនទាន់ចេញមុខប្រកួតបវរកញ្ញា កម្មវិធីថ្មីទេ ប៉ុន្ដែនាងមានការងារសិល្បៈកាន់ តែច្រើន ដូចជាការដើរម៉ូដ ទាំងក្នុងនិងក្រៅស្រុក ថតភាពយន្ដ និងធ្វើ BA ជាដើម ។ ចំណែករឿងបេះដូងវិញ ស្រីស្អាតដែលមានស្រុកកំណើតពីខេត្តព្រះសីហនុ រូបនេះ មិនដែលបង្ហាញមុខគូស្នេហ៍ ជាចំហឡើយ តែនាងទុកចិត្តនិងស្និទ្ធស្នាលតារាស្រីៗ ជាងប្រុស ៕

