Friday, January 23, 2026
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា ស្រក់ទឹកនេត្រា

តន់ ច័ន្ទសីម៉ា ស្រក់ទឹកនេត្រា

ភ្នំពេញ ៖ កាន់តែំណែងជាគ្រូបង្វឹក (Coach) ជិត៦ខែ កម្មវិធី «Cambo Rapper»  តន់ ច័ន្ទសីម៉ា ទើបតែបង្ហូរទឹកនេត្រាលើកដំបូង នៅលើកៅអី Coach ដោយនាងមិនអាចទប់ទឹកភ្នែកបានឡើយ បន្ទាប់ពីឃើញក្រុមចម្រៀង Tp ច្រៀងបទ «ឈាមទ័ពខ្មែរ» រៀបរាប់ពីវីរកងទ័ពខ្មែរលើសមរភូមិ។ ច័ន្ទសីម៉ា ថាគ្រាន់តែតែឮបទនេះ នាងអួលដើមកបាត់ទៅហើយ ។ សីម៉ា ថារូបនាង និងក្រុមការងារ បានចុះទៅដល់ជំរំភៀសសឹក ដោយផ្ទាល់ ហើយគ្រួសារមួយ ប្រាប់នាងថា ឪពុកនៅលើភ្នំ ឪពុកត្រូវគ្រាប់ វះកាត់ ៣ដងហើយ…។ សីម៉ា ថានាងធ្លាប់តែឮតាយាយឪពុកម្ដាយនាង និយាយថា កុំចង់ជួបសង្រ្គាម ពិបាកណាស់ តែគ្មានអ្នកណាចង់ជួបទេ យើងមានសន្ដិភាពសុខៗ ត្រូវគេមកឈ្លានពានយើង។

តន់ ច័ន្ទសីម៉ា បានកែប្រែមុខមាត់ថ្មី ផ្លាស់ប្ដូរកេរ្តិ៍ឈ្មោះយ៉ាងឆាប់រហ័ស នា៦ឆ្នាំចុងក្រោយនេះ ព្រោះនៅតែឈរក្នុងតំណែងជាតួឯករបស់ Galaxy បើទោះជាមិនសូវមានបទផ្ទុះដូចមុនក្ដី ។ ស្រីស្រស់តូចច្រឡឹង វ័យ២៧ឆ្នាំ រូបនេះធ្លាប់ជាកូនក្រុមរបស់ឱក សុគន្ធកញ្ញា កម្មវិធី The Voice Cambodia រដូវកាលទី២ ប៉ុន្ដែ៩ឆ្នាំក្រោយ នាងក្លាយជាគ្រូបង្វឹកគេវិញម្ដង ហើយប្រសិនបើអាចដឹកដៃកូនក្រុមខ្លួន ឲ្យឈ្នះពានទៀតនោះ សីម៉ា នឹងឡើងកូដថែមទៀត ។ ប៉ុន្ដែកេរ្ដិ៍ឈ្មោះរបស់អតីតជ័យលាភីស្មូតលេខ១ របស់ខេត្តតាកែវ រូបនេះ អាចនឹងប្រែប្រួលលឿនដូចផ្លេកបន្ទោរផងដែរ បើសិនជានាងនៅតែសកម្មក្នុងការចេញមុខការពារថៅកែ និងអ្នកនយោបាយ ជាបន្ដបន្ទាប់ដូចមុននោះ ព្រោះមាន Fan ជាច្រើនមកហើយ ដែលព្រមានធ្វើពហិការបទចម្រៀងនាង ដោយសារបញ្ហានេះ ។ ប៉ុន្តែគិតត្រឹមដើមឆ្នាំ ២០២៦ សីម៉ា នៅតែត្រូវបានថៅកែទុកចិត្ត ព្រោះផលិតកម្មដែលទិញបានតារាប្រុសល្បីៗលំដាប់ជូរមុខ មកឲ្យនៅជុំគ្នានេះ មិនទាន់ទិញតារាស្រីជើងខ្លាំងរូបណា យកមកប្រជែងនាងឡើយ ពោលគឺចង់មិនចង់ព្រាប សុវត្ថិ ខេមរៈសិរីមន្ដ និងខេម គ្មានជម្រើសក្រៅពីបន្ដចាប់ដៃជាមួយនាងបន្ដទៀតនោះទេ ។

គួរកត់សម្គាល់ថា តន់ ច័ន្ទសីម៉ា ជាតារាតែម្នាក់គត់ ដែលទទួលស្គាល់ថា ខ្លួនបានកែសម្រស់ ដល់ទៅ ៣កន្លែង គឺធ្វើច្រមុះ ចាក់ចង្កា និងពត់ធ្មេញ ខណៈដែលតារាល្បីៗមួយចំនួនទៀត កែសម្រស់ច្រើនលើសនាងផង តែពួកគេតែងតែបដិសេធ។ ប៉ុន្ដែរឿងដែលសីម៉ា មិនមានភាពក្លាហានដូចតារារួមអាជីពនោះ គឺនាងមិនព្រមបង្ហាញមុខគូស្នេហ៍ជាចំហទេ ពោលគឺជាញឹកញាប់ នាងតែងតែត្អូញថា អត់សង្សារបណ្ដើរដូចគេ  បើទោះជាមានបុរសខ្លះ ប្រកាសសុំស្នេហ៍នាងលើបណ្តាញសង្គម ជាចំហក្ដី ។          

សូមបញ្ជាក់ថា តន់ ច័ន្ទសីម៉ា កាន់តំណែងជា Coach លើកទី១ ក្នុងអាជីពនាង ត្រូវប្រជែងជាមួយ Coach ៣រូបទៀត ដើម្បីដណ្ដើមពាន ឲ្យកូនក្រុមរបស់ខ្លួន គឺលោក ប្រុសឡា, សង្ហា និង Tempo Tris ។ ប្រភពថា មូលហេតុដែលច័ន្ទសីម៉ា នៅតែសំខាន់ជាងគេរបស់ Galaxy ដោយសាតែនាងអាចច្រៀងបានគ្រប់ទម្រង់ ហេតុនេះផលិតកម្ម អាចលើកនាងតទៅទៀតទោះជាមានការិះគន់ថា Galaxy មានតារាប្រុសៗ សុទ្ធតែល្បី តែតារាស្រី មានតែនាងម្នាក់ មិនផ្ដល់ឱកាសឲ្យតារាស្រីផ្សេងៗទៀតក្ដី ។ ចំណែកការដែលសីម៉ា ហ៊ានសារភាពថា ខ្លួនបានកែសម្រស់ តែមិនហ៊ានបង្អួតសង្សារដូចគេនោះ អាចមកពីស្រីស្រស់ ខ្លាចប៉ះពាល់ទីផ្សារចម្រៀងរបស់ខ្លួន និងម្យ៉ាងទៀត នាងមិនទាន់មានភាពច្បាស់លាស់ជាមួយគូស្នេហ៍ច្រើនជាង  ព្រោះសីម៉ា ក៏ធ្លាប់អះអាងថា ទោះជានាងនិយាយថាគ្មានសង្សារ ក៏អត់មានអ្នកណាជឿនាង អាចមកពីពួកគេគិតថា នាងល្បី និងកែសម្រស់ស្អាតប៉ុណ្ណឹងដែរ រឿងអីដែលរកសង្សារ១ បណ្ដើរមិនបាន ? …៕

RELATED ARTICLES