ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ បានចតរថយន្តនៅខាងមុខផ្ទះ ដោយភ្លេចដកសោចេញ លុះក្រោយមក មានជន សង្ស័យម្នាក់ ដើរមកដល់ ប្រទះឃើញសោជាប់នឹងរថយន្ត ក៏បើកទ្វារចូលទៅបញ្ឆេះ បើករត់គេច តែក្រោយមកម្ចាស់រថយន្តបានប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ តាម ឃាត់ខ្លួនជនសង្ស័យបាន នាំយកមកចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យលួចរថយន្តនេះ បានធ្វើឡើងកាលពីព្រលប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នៅម្តុំផ្សារត្រែងត្រយឹង ស្ថិតក្នុងភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។
ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសឿន សុវណ្ណរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិអូរល្វា ឃុំអូរ ស្រុកភ្នំស្រួច។ ចំណែករថយន្តដែលជនសង្ស័យលួចយកទៅ ម៉ាកតូយ៉ូតា កូរ៉ូលឡា ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០៣ ពាក់ស្លាកលេខ ភ្នំពេញ 2V-3308 ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះម៉ៅ ហួត ភេទប្រុស អាយុ៥៣ឆ្នាំ មានលំនៅ ភូមិផ្សារត្រពាំងក្រឡឹង ឃុំគិរីវ័ន ស្រុកភ្នំស្រួច។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង ៦និង៥០នាទីព្រលប់ ថ្ងៃទី២០ ខែ មករា ឆ្នាំ២០២៦ ជនរងគ្រោះឈ្មោះម៉ៅ ហួត បានមកដាក់ពាក្យប្តឹងទៅលើជនសង្ស័យម្នាក់ មិនស្គាល់អត្ត សញ្ញាណថា បានធ្វើសកម្មភាពលួចរថយន្តរបស់គាត់។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានរៀបរាប់ថា កាលពីវេលាម៉ោង ៦និង៤០នាទីព្រលប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ មានជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណ (មើលតាមកាមេរ៉ាសុវត្ថិភាព) បានធ្វើដំណើរដោយថ្មើរជើង ក្នុងទិសដៅពីលិច ទៅកើត លុះពេលមកដល់ចំណុចមុខផ្ទះរបស់គាត់ ស្រាប់តែជនសង្ស័យ បានធ្វើសកម្មភាពដើរមកបើកទ្វាររថយន្តរបស់គាត់ ម៉ាកតូយ៉ូតា កូរ៉ូលឡា ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០៣ ពាក់ ស្លាកលេខ ភ្នំពេញ 2V-3308 ខណៈដែលគាត់ជាម្ចាស់រថយន្តកំពុងនៅក្នុងផ្ទះ ចំណែកសោនៅជាប់រថយន្ត រួចហើយជនសង្ស័យ បានចូលទៅបើករថយន្ត សំដៅទៅទិសខាងលិច តាមបណ្តោយផ្លូវជាតិលេខ៤បាត់ទៅ។ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះជាម្ចាស់រថយន្តខាងលើ សមត្ថកិច្ចបានបោះដៃរាយការណ៍តាមអាយកូម ដល់កម្លាំងពាក់ព័ន្ធ លុះក្រោយមកឈានដល់ការឃាត់ខ្លួនជនសង្ស័យ រួមទាំងរថយន្ត នៅចំណុចគីឡូម៉ែត្រលេខ៨៧-៨៨ ស្ថិតក្នុងភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពលួចរថយន្តខាងលើប្រាកដមែន។ មូលហេតុដោយសារតែឃើញមានសោជាប់នៅក្នុងរថយន្តស្រាប់។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការបន្តតាមនីតិវិធី៕