Tuesday, January 27, 2026
Homeសង្គម និងជីវិតប្តីជាប់គុក ប្រពន្ធកូន៣ អត់លុយបង់ ម្ចាស់បន្ទប់ជួល ដេញចេញ អត់ជម្រក

ប្តីជាប់គុក ប្រពន្ធកូន៣ អត់លុយបង់ ម្ចាស់បន្ទប់ជួល ដេញចេញ អត់ជម្រក

ភ្នំពេញ ៖ ស្ត្រីម្នាក់ មានវាសនាអភ័ព្វខ្លាំងណាស់ ក្រោយពីរួមរស់ជាមួយប្តី បង្កើតបានកូន៣នាក់ ប្រឹងរួមគ្នារកប្រាក់ចិញ្ចឹមគ្រួសារទាំងត្រដាបត្រដួស ស្រាប់តែក្រោយមក បុរសជាប្តី បានលង់ខ្លួនប្រើប្រាស់ថ្នាំញៀន រហូតត្រូវសមត្ថកិច្ចចាប់ដាក់គុក ទុកឱ្យប្រពន្ធត្រូវរ៉ាប់រងមើលថែកូនតែម្នាក់ឯង លុះអត់មានលុយបង់ថ្លៃបន្ទប់ជួល ត្រូវគេដេញចេញ អត់ទីជម្រក ដាច់បាយដាច់ទឹក នាំគ្នា៤នាក់ម្តាយកូន អង្គុយយំក្បែររបងសាលារៀន គួរឱ្យសង្វេគ ហើយត្រូវបានបុរសចិត្តធម៌ម្នាក់ ឃើញ អាណិតក៏ផ្តល់ជម្រកឲ្យស្នាក់នៅផ្ទះរបស់ខ្លួនជាបណ្តោះអាសន្ន។

ហេតុការណ៍នេះ បានកើតឡើង កាលពីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅចំណុចក្បែរវត្តជន្លង់ម្លូ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ។

យោងតាមប្រភពបុរសចិត្តធម៌ ឈ្មោះលឹម សុភ័ក្រ ដែលជួយផ្តល់ជម្រកឲ្យស្ត្រីនិងកុន៣នាក់ខាងលើស្នាក់នៅផ្ទះរបស់ខ្លួនជាបណ្តោះអាសន្ន បានបង្ហោះវីដេអូក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន កាលពីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ បង្ហាញពីទិដ្ឋភាពស្ត្រីម្នាក់ និងកូនតូច ប្រុសស្រី ចំនួន៣នាក់ កំពុងអង្គុយក្បែរគំនរបង្វេច នៅក្នុងដីឡូត៍ ក្បែររបងថ្មមួយកន្លែង ភ្ជាប់ជាមួយសំណេរថា “អនិច្ចា! ជីវិតអ្នកក្រ បួននាក់ម្តាយនិងកូន ម្ចាស់ផ្ទះ ឱ្យចេញពីបន្ទប់ជួល ព្រោះគ្មានលុយបង់ថ្លៃបន្ទប់ ពេលនេះគ្មានកន្លែងទៅ សុខចិត្តអង្គុយកៀនរបងផ្ទះគេ អត់បាយ តាំងពីព្រឹក…”។

លោក លឹម សុភ័ក្រ បានសរសេរបន្ថែមថា “ជម្រាបជូនពុកម៉ែ បងប្អូន ពេលនេះខ្ញុំសម្រេចចិត្តឱ្យគាត់មកស្នាក់នៅផ្ទះខ្ញុំ បណ្តោះអាសន្នសិន ព្រោះពេលនេះ គាត់គ្មានកន្លែងទៅទេ។ សូមបងប្អូនជួយដឹងឮផង ព្រោះខ្ញុំពិបាកមើលនឹងភ្នែកណាស់…”។

បន្ទាប់មក នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ លោកលឹម សុភ័ក្រ បានបង្ហោះវីដេអូ ១ឃ្លីបទៀត បង្ហាញពីការជួបសម្ភាសន៍ជាមួយនឹងស្ត្រីអភ័ព្វខាងលើ ដោយភ្ជាប់ជាមួយសំណេរថា “អត់លុយបង់ថ្លៃបន្ទប់ជួល ពេលនេះម្ចាស់ផ្ទះ ឱ្យចេញ អង្គុយឱបកូន ក្បែររបង អត់បាយ តាំងពីព្រឹក ដល់យប់ ព្រោះគ្មានកន្លែងទៅ ពេលនេះគាត់មកស្នាក់នៅផ្ទះខ្ញុំ បណ្តោះអាសន្នសិន ព្រោះគាត់គ្មានកន្លែងទៅទេ ព្រោះខ្ញុំពិបាកមើលនិងភ្នែកណាស់…”។ស្ត្រីអភ័ព្វខាងលើ បានរៀបរាប់ប្រាប់ថា នាងគឺជាកូនកំព្រា មានស្រុកកំណើតនៅឯខេត្តកំពង់ឆ្នាំង ប៉ុន្តែនាងគ្មានផ្ទះ ឬដីធ្លីជាកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ គឺស្នាក់នៅជាមួយសាច់ញាតិ លុះក្រោយមក នាងបានរៀបការប្តី និងរួមរស់ បង្កើតបានកូន ចំនួន៣នាក់ (ប្រុស២ ស្រី១) ហើយក៏ប្រឹងរួមដៃគ្នារកស៊ីឈ្នួលជួលព័ទ្ធគេ ដើម្បីបានប្រាក់ មកចិញ្ចឹមជីវិត ទាំងត្រដាបត្រដួស។

ស្ត្រីអភ័ព្វ បន្តថា កន្លងមក ក្រុមគ្រួសារនាង បានជួលបន្ទប់ ស្នាក់នៅម្តុំវត្តជន្លង់ម្លូ ដោយប្តីធ្វើការងារជាកម្មករសំណង់ ចំណែកនាង ធ្វើជាកម្មការិនីរោងចក្រ ដើម្បីរកប្រាក់ មកទប់ទល់ជីវភាព។ ស្រាប់តែក្រោយមក ប្តីរបស់នាងបានលង់ខ្លួនប្រើប្រាស់ថ្នាំញៀន ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ដាក់ពន្ធនាគារ ទុកឱ្យនាងត្រូវរ៉ាប់រងចិ ញ្ចឹមកូន ៣នាក់ តែម្នាក់ឯង។ តាំងពីប្តីជាប់ពន្ធនាគារមក ជីវភាពគ្រួសារនាង កាន់តែដុនដាបខ្លាំងឡើង រកប្រាក់បង់ថ្លៃបន្ទប់ជួល មិនបាន និងត្រូវបានម្ចាស់បន្ទប់ អាណិត ពន្យារពេលយកថ្លៃបន្ទប់ជួល ពីនាង ដល់ទៅ ១ខែ កន្លះមកហើយ តែដោយសារកូនតូចនាងឈឺ ហេតុនេះនាងត្រូវឈប់ធ្វើការងាររោងចក្រ ដើម្បីមើលថែកូន ទើបគ្មានប្រាក់ចំណូល និងគ្មានលទ្ធភាពបង់ថ្លៃបន្ទប់ជួលទៀតឡើយ រហូតដល់ម្ចាស់បន្ទប់ជួល សម្រេចឱ្យនាងចាកចេញពីបន្ទប់ ក្រោយពីនាងបានជំពាក់ថ្លៃបន្ទប់ជួល ដល់ទៅ ១ខែកន្លះមកហើយ។

ក្រោយពីត្រូវម្ចាស់បន្ទប់ជួល ដេញចេញ ស្ត្រីអភ័ព្វខាងលើ បានរើបង្វេច ខោអាវ អីវ៉ាន់ ចានឆ្នាំង និងនាំកូនតូច ទាំង៣នាក់ មកអង្គុយក្បែររបងសាលារៀន តាំងពីព្រឹក រហូតដល់យប់ ទាំងគ្មានបាយចូលពោះ សូម្បី ១គ្រាប់ ដោយសារគ្មានលុយ ១រៀល និងមិនដឹងថា ទៅជ្រកនៅកន្លែងណា ទើបមានសប្បុរសជន អាណិតអាសូរ ក៏មកទទួលយកនាងឱ្យទៅស្នាក់នៅផ្ទះរបស់គាត់ ឯម្តុំចម្ការដូង ខណ្ឌដង្កោ ជាបណ្តោះអាសន្ន។

តាមប្រភពព័ត៌មានចុងក្រោយ ពីលោកលឹម សុភ័ក្រ បានឱ្យដឹងនៅវេលាថ្ងៃត្រង់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ថា ក្រោយពេលដែលលោកប្រកាសផ្សព្វផ្សាយព័ត៌មានស្ត្រីអភ័ព្វខាងលើ ត្រូវម្ចាស់បន្ទប់ជួល ដេញចេញ អស់ជម្រក ដាច់បាយរួចមក ក៏មានសប្បុរជនជាច្រើន បានទាក់ទងតាមរយៈលោក ដើម្បីផ្តល់ការងារ និងកន្លែងស្នាក់នៅសមរម្យ ជូនស្ត្រីអភ័ព្វខាងលើ និងកូនតូច ទាំង៣នាក់ ដោយមានសប្បុរសជននៅតាមបណ្តាខេត្តមួយចំនួន ក្នុងនោះ លោកបានយកព័ត៌មានខាងលើ ទៅពិភាក្សាជាមួយនឹងស្ត្រីខាងលើ ដើម្បីឱ្យសម្រេចចិត្ត។ ទីបំផុតនាងសម្រេចចិត្តទៅស្នាក់នៅខេត្តកំពត ជាមួយស្ត្រីម្នាក់ ជាម្ចាស់ស្ថានីយប្រេង មួយកន្លែង ដែលធានាផ្តល់ការងារឱ្យនាងធ្វើ ផ្តល់កន្លែងស្នាក់នៅសម្រាប់ម្តាយនិងកូន ទាំង៤នាក់ ពិសេសថែមទាំងជួយជំរុញឱ្យកូនៗរបស់នាងបានចូលសាលា រៀនសូត្រថែមទៀតផង។

លោកលឹម សុភ័ក្រ បានសរសេរក្នុងគណនីហ្វេសប៊ុក របស់លោក នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ថា “អរគុណពុកម៉ែបងប្អូន ដែលបានទំនាក់ទំនងមកខ្ញុំ ចង់ជួយគាត់ ជាច្រើន ពេលនេះខ្ញុំនាំគាត់ទៅទិញរបស់របរប្រើប្រាស់ និងជូនទៅខេត្តកំពត ជាទីតាំងដែលបងស្រី បានផ្តល់ការងារជូនគាត់ និងកន្លែងស្នាក់នៅ កូនៗបានរៀនសូត្រ…”៕

RELATED ARTICLES