Wednesday, January 28, 2026
Homeតារាខ្មែរសុខ ពិសី វិលរកដៃគូចាស់

សុខ ពិសី វិលរកដៃគូចាស់

ភ្នំពេញ ៖ សុខ ពិសី បានចាប់ដៃលោក កែ សុវណ្ណារ៉េត ហៅហ្សូណូ តាមរយៈបទ «បើកបេះដូង ចំពេលគេបោក» បន្ទាប់ពីពួកគេចេញច្រៀងឆ្លងឆ្លើយគ្នាមួយរយៈ តាម Pub និងក្លឹបមួយចំនួន ។ Fan ខ្លះ ជំរុញឲ្យអតីតតារាហង្សមាស លោកហ្សូណូ គួរតែចូលសាន់ដេ តែម្ដងទៅ ដើម្បីបានធ្វើជាដៃគូជាមួយពិសី បន្ទាប់ពីពួកគេធ្វើតេស្ដចំពោះការសាកល្បងចេញបទរួមគ្នា ជាលើកទី១ របស់ពួកគេ ប៉ុន្ដែលោកសុវណ្ណារ៉េត នៅតែឈរលើគោលការណ៍ធ្វើជាតារាចម្រៀងឯករាជ្យ។

សូមបញ្ជាក់ថា សុខ ពិសី ធ្លាប់ច្រៀងរួមផលិតកម្មជាមួយលោកហ្សូណូ នៅផលិតកម្ម K.H និង Nice Star កាលពីជិត ២០ឆ្នាំមុន ហើយពេលនេះ ពិសី ដែលឈរជើងនៅសាន់ដេ ជាង១០ឆ្នាំ មកហើយ នៅសល់ដៃគូ ពិសេសរបស់ខ្លួន គឺលោកឆាយ វីរៈយុទ្ធ ។ ប៉ុន្តែពិសី ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងមិនដែលប្រកាន់ដៃគូនោះទេ ពោលគឺឲ្យតែផលិតកម្ម ឬអ្នកដឹកនាំកម្មវិធី តម្រូវឲ្យច្រៀង ចាប់ដៃជាមួយតារារូបណា នាងធ្វើបានទាំងអស់ ។ មិនមែនចេះតែថាទេ ប៉ុន្ដែកន្លងមក ពិសី ក៏ធ្លាប់ច្រៀងដៃគូជាមួយសិស្សប្អូន នាយចឺម និងតារាដែលមានបទពិសោធន៍ក្នុងអាជីពចម្រៀងតិចជាងខ្លួន ជាបន្ដបន្ទាប់ផងដែរ ។

គួរកត់សម្គាល់ថា សុខ ពិសី ឈានចូលវ័យ ៣៦ឆ្នាំហើយ តែសម្រស់នៅរក្សាបានក្មេងជាវ័យ ហើយនាងជាតារាស្រីតែម្នាក់គត់ ដែលប្រុសៗតែងស្រមៃចង់បានជាគូស្នេហ៍ តាមរយៈការកាត់តរូបភាពភ្ជាប់ជាមួយពិសី ដូចប្ដីប្រពន្ធ ឬគូសង្សារ ពេលញ៉ាំអាហារ និងដើរកម្សាន្ដតែពីរនាក់ ជាដើម ខណៈដែលពេលខ្លះ សាមីខ្លួនពិសី មិន ដឹងខ្លួនឡើយ ។ តែគួរឲ្យស្ដាយ ពិសី នៅតែគ្មានសញ្ញារៀបការប្ដីដដែល គិតត្រឹមដើមឆ្នាំ២០២៦ នេះ បើទោះជាមានព័ត៌មានថានាងមានទំនាក់ទំនងស្នេហាជាមួយថៅកែសាន់ដេ លោកឡាយ សុខចំរើន ជាង១០ឆ្នាំមកហើយក្ដី។

មជ្ឈដ្ឋានមហាជន លើកឡើងថា សុខ ពិសី អាចនឹងមានទីផ្សារចម្រៀងប្រែប្រួល ប្រសិនបើនាងជ្រើសដៃគូថ្មី នៅឆ្នាំ២០២៦ ជាលោកហ្សូណូ បន្ថែមពីលើលោកឆាយ វីរៈយុទ្ធ ព្រោះអតីតប្ដីអ្នកនាងច័ន្ទ សុផានី រូបនេះ ក៏ត្រូវបានគេចាត់ទុកជាតារាមានសមត្ថភាពម្នាក់ដែរ បើទោះជាលោកធ្លាប់ត្រូវអតីតប្រពន្ធ ធ្វើឲ្យបាក់មុខ ជាច្រើនលើកច្រើនសាក្ដី ។ ប៉ុន្ដែគេជឿថាពិសី អាចនឹងផ្ដោតតែលើដៃគូដែលយល់ចិត្ត នោះគឺលោកឆាយ វីរៈយុទ្ធ ជាងតារាប្រុសផ្សេងៗទៀត បើទោះជាមានដំណឹងថា សាន់ដេ ពេញចិត្តលោកហ្សូណូ ជាយូរមកហើយក៏ដោយ ។

 អ្នកជំនាញ លើកឡើងថា សុខ ពិសី នឹងបន្ដនៅជាតួឯករបស់សាន់ដេ ច្រើនឆ្នាំទៀត ប្រសិនបើចំណងស្នេហានាងជាមួយថៅកែ មិនប្រែប្រួល ហើយនាងរក្សាបានរូបសម្រស់នៅតែស្វែល មិនឡើងគីឡូនោះ។ ប៉ុន្តែក្នុងវ័យនេះ ពិសី កាន់តែកៀកនឹងគេចលែងរួចរឿងចូលរោងការ ព្រោះឪពុកនាង លោកសុខ ហេង ជាមន្រ្ដីយោធា ដែលចង់ឃើញកូន្រសីរៀបការ តាមប្រពៃណីខ្មែរ ហើយរូបពិសី ផ្ទាល់ក៏ចង់បំពេញបំណងឪពុក ដូចសិស្សប្អូនអ៊ីវ៉ា ដែរ ។          

ក្រៅពីលោកហ្សូណូ តារាសាច់សខ្ចី សុខ ពិសី ធ្លាប់ចាប់ដៃគូច្រៀងជាមួយលោក ខេមរៈ សិរីមន្ដ, ឆាយ វីរៈយុទ្ធ, កែវ វាសនា, នាយចឺម, លាន បញ្ចនីត និងអាន គុណកូឡា ជាដើម ៕

RELATED ARTICLES