ភ្នំពេញ ៖ ទាហានស័ក្ដិ៣ ម្នាក់ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម ដែលថ្មីៗនេះ បានចេញមុខតវ៉ារឿងទិញផ្ទះក្រុមហ៊ុនឡេង ណាវ៉ាត្រា បានខ្យល់ រហូតដល់មានការភ្ញាក់ផ្អើលខ្លាំងនោះ បានចេញមកអះអាងជាថ្មីថា ការដោះស្រាយជាមួយហ៊ុនអ្នកឧកញ៉ាឡេង ណាវ៉ាត្រា បានបញ្ចប់ដោយភាពស្ងាត់ស្ងៀមហើយ ប៉ុន្តែបែរជាខ្លួនត្រូវបន្តភាពស្មុគស្មាញក្នុងចិត្តទៀត ព្រោះនៅសុខៗ ថ្នាក់លើ (មេបញ្ជាការ) បានហៅលោកទៅព្រមានដាក់ក្នុងបញ្ជីខ្មៅ លុបឈ្មោះចេញពីក្របខ័ណ្ឌ ដែលធ្វើឲ្យខ្លួនមិនអាចទទួលយកបានទេ ព្រោះខ្លួនមិនបានធ្វើអីខុស ហើយណាមួយ លោកស្រលាញ់ជីវិតជាទាហានណាស់ បើដកតួនាទីជាទាហាន ដូចដកជីវិតរបស់ខ្លួនអ៊ីចឹងដែរ ។

លោក វិត គឹមសាន បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ថា “សុំ (មេ) ដើរសងបំណុលបងប្អូនឲ្យអស់សិន កុំទាន់អីប្អូន សាន មកដាក់ច្បាប់សិន ខំជិះម៉ូតូទាំងថ្ងៃជិត ១០០គីឡូ ទៅដល់កន្លែង ប្រែជានិយាយផ្សេងទៅវិញ ថែមទាំងនិយាយគំរាមថា រឿងប្អូនចូលបញ្ជីខ្មៅហើយខាងលើ ក៏ប្រហែលកាត់ឈ្មោះចេញពីក្របខ័ណ្ឌ ខ្ញុំទទួលកំហុសថា ស្លៀកពាក់យោធា ចូលអង្គប្រជុំ …ខ្ញុំស្រលាញ់ទាហានណាស់ បើដកខ្ញុំ ដូចដកជីវិតខ្ញុំ“ ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកអនុសេនីយ៍ឯក វ៉ិត គឹមសាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ថា លោកពិតជាមិនអាចទទួលយកបានទេ ដែលមេបញ្ជាការអង្គភាព គំរាមលុបឈ្មោះលោកចេញពីក្របខ័ណ្ឌ និងប្រើពាក្យថា “ដាក់ក្នុងបញ្ជីខ្មៅ” នោះ ។
លោក វ៉ិត គឹមសាន បាននិយាយថា “ខ្ញុំសូមជម្រាបប្រាប់ត្រង់ ឲ្យអស់តែម្ដងថា រឿងខ្ញុំ ជាមួយក្រុមហ៊ុន ឡេង ណាវ៉ាត្រា ត្រូវដោះស្រាយឲ្យរូចរាល់ហើយ ដែលនៅក្នុងការដោះស្រាយនោះ ខ្ញុំបានសុំជាលុយ ដែលខ្ញុំបានចំណាយនៅក្នុងការបង់នោះ គេប្រគល់ឲ្យខ្ញុំគ្រប់ចំនួន គឺប្រគល់លុយ មិនមែនប្រគល់ផ្ទះទេ កិច្ចព្រមព្រៀងមាននៅក្នុងក្រដាសស្នាម ហើយបងប្អូនអ្នកស្គាល់គ្នា ចេះតែ Call មកសួរនាំ ហើយខ្ញុំមិនចេះនិយាយកុហក ក៏ប្រាប់តាមត្រង់ ហើយពេលដែលខ្ញុំបានលុយហើយ ខ្ញុំក៏យកលុយនេះ ទៅដើរសងបងប្អូនដែលខ្ញុំបានខ្ចីពួកគាត់ មកទិញផ្ទះហ្នឹង ហើយបើនៅសល់លុយ រកទិញដីធ្លីកន្លែងណាដែលអាចរស់នៅស្រួល ដើម្បីរៀបចំជីវិតខ្ញុំ ហើយអស់រយៈពេលយូរណាស់ហើយ ខ្ញុំបានសុំគាត់ (មេ) និយាយប្រាប់គាត់អ៊ីចឹង ហើយគាត់ក៏ថា អត់អីទេប្អូនសាន ប្អូនឯងមកសិនមក មកផ្ដិតមេដៃដាក់ច្បាប់ទម្លាប់ឲ្យស្រួលបួល ព្រោះឈ្មោះប្អូនឯង កំពុងតែប៉ះពាល់។ ខ្ញុំក៏ខំជិះម៉ូតូមក ដល់ពេលជិះម៉ូតូទៅដល់កន្លែង គាត់ឆែកមើលខោអាវខ្ញុំ និងឲ្យខ្ញុំអង្គុយចុះមក ។ គាត់ឆែកមើលខោអាវ សម្លៀកបំពាក់ខ្ញុំ ក្រែងលោដាក់សំឡេងអីថត យកមកដាក់លើតុ ។ ដាក់រួចហើយ គាត់ក៏ចាប់ផ្ដើមនិយាយពាក្យសម្ដីទ្រគោះបោះបោកដាក់ខ្ញុំ ហើយគាត់ថា ឈ្មោះអ្ហែង ចូលបញ្ជីខ្មៅហើយសាន! ឥឡូវកំពុងតែដល់ក្រសួង ដល់អីហើយ ឥឡូវកំពុងពិចារណាដកឈ្មោះ ហើយខ្ញុំនិយាយទៅកាន់គាត់ថា ម៉េចដកឈ្មោះ ដកអីអ៊ីចឹងមេ? គាត់ក៏ឲ្យខ្ញុំសរសេរឯកសារ ដើម្បីផ្ដិតមេដៃ ថាខ្ញុំពិតជាសេរី ដើរអត់មានច្បាប់ទម្លាប់ ។ ដល់ពេលខ្ញុំសួរថា មេ! ម៉េចទៅឲ្យខ្ញុំផ្ដិតមេដៃទទួលកំហុសថាខ្ញុំដើរសេរី ប៉ះពាល់អង្គភាព? ខ្ញុំថា ខ្ញុំអត់ទទួលទេ ព្រោះខ្ញុំសុំច្បាប់មេ មេមិនឲ្យទៅផង ហើយបើខ្ញុំអត់ទៅ ម៉េចទាមទារផ្ទះ តម្លៃរាប់ម៉ឺន ដែលខ្ញុំខំពុះពារ ទម្រាំបាន Mission ដល់ទៅបួនប្រាំ Mission ទម្រាំបានលុយទិញផ្ទះហ្នឹង ឯកសារខ្ញុំមានបញ្ជាក់ជូន ។ គាត់នៅតែសុំឲ្យខ្ញុំផ្ដិតមេដៃទទួល ហើយបាននិយាយដាក់ខ្ញុំឡើងចូលជិត ១ម៉ោង ខ្ញុំក៏សុំគោរពលាមេ ទៅដោះស្រាយរឿងរ៉ាវ ព្រោះខ្ញុំមានបញ្ហា បានលុយកាក់ពីឡេង ណាវ៉ា់ត្រា យកមកដោះស្រាយឲ្យគេ ព្រោះលុយខ្ញុំខ្ចីគេ ។ ពេលខ្ញុំជិះមកដល់ខ្លោងទ្វារ ឡានតាមពីក្រោយ តែខ្ញុំអត់បានថតទេ តែមានបងប្អូននៅក្នុងមជ្ឈមណ្ឌល បានឃើញច្បាស់ថា មានឡានតាមខ្ញុំ ហើយឲ្យខ្ញុំបកទៅវិញ តែខ្ញុំបានប្រកែកថា អត់ទោស! ខ្ញុំអត់អាចបកទៅក្រោយវិញបានទេ ព្រោះខ្ញុំប្រាប់គាត់ហើយថា បើគាត់នៅតែគំរាមកំហែងខ្ញុំ ឲ្យផ្ដិតមេដៃ ទទួលកំហុស ខ្ញុំអត់ផ្ដិតទេ ព្រោះខ្ញុំអត់បានធ្វើខុសអី“ ។

លោក វ៉ិត គឹមសាន បន្តថា “ខ្ញុំសុំប្រាប់ចំណុចទីមួយទៀតដែរថា នៅអង្គភាពខ្ញុំហ្នឹង មានមនុស្សច្រើនណាស់ តែមានអ្នកបង្ហាញមុខ មានអ្នកអត់បង្ហាញមុខ ។ អ៊ីចឹងបានថា រឿងហ្នឹង មេចេះចាត់ចែងហើយ ពលទាហាន ប្រាក់ខែប៉ុន្មានៗ ហើយមេចាត់ចែងដើម្បីអី? ចាត់ចែងរឿងរ៉ាវអ្វីៗទាំងអស់ ក្នុងអង្គភាព មានអ្នកបេសកកម្មក្រៅប្រទេស ហើយមានអ្នកប្រចាំការនៅក្នុងអង្គភាព តែអ្នកឃើញមុខ នៅតែឃើញមុខ អ្នកអត់ឃើញមុខ នៅតែអត់ឃើញមុខទេ ហើយខ្ញុំមិនបាច់និយាយឲ្យវែងឆ្ងាយទេ ក្រែងលោថាគេចូលឧបត្ថម្ភខាងអង្គភាព ១ខែ ប៉ុន្មានៗហ្នឹង ដូចជា ១០០ដុល្លារ ឬក៏២០០ ដើម្បីបានជួយសម្រួលដល់អង្គភាព ហើយគាត់អត់បានបង្ហាញមុខទេ ទាល់តែមានការចាំបាច់ បានហៅ ហើយខ្ញុំប្រាប់មួយទៀតទៅចុះ ឯកសារមានទាំងអស់ លុយផ្ញើឲ្យគាត់ ថាសាន អូនឯងអត់បានមក អ៊ីចឹងទេ អូនឯងអត់ជួយឧបត្ថម្ភអង្គភាព? ខ្ញុំថា អត់អីទេ ខ្ញុំនឹងជួយឧបត្ថម្ភ ប្រាក់ខែ បើកមកបានប៉ុន្មាន ខ្ញុំជួនអង្គភាព១០០ ។ ខ្ញុំអត់បានបង្ហាញមុខទេ ទាល់តែមានការចាំបាច់ ដូចជាមេធំមក ឬមួយមានការងារចាំបាច់អីហ្នឹង ទើបខ្ញុំត្រូវតែទៅ ឲ្យតែមេតេមក ខ្ញុំត្រូវតែទៅ ព្រោះណាមួយ មេៗថា បើមិនធ្វើអ៊ីចឹង ម៉េចរកលុយកាក់ រកកាក់ក្រៅ ចិញ្ចឹមកូនប្រពន្ធ រស់ម៉េចកើត បើយើងនៅតែធ្វើការនៅកន្លែងរហូត? វាមានការប្ដូរផ្លាស់គ្នាទៅវិញទៅមកអ៊ីចឹង ហើយខ្ញុំនិយាយនេះ អត់មានកុហក ខ្ញុំនិយាយពាក្យពិត ហើយប្រាក់បៀវត្សទាហានខ្ញុំ ១លាន៨៣ម៉ឺនរៀល ក្នុងឋានន្តរស័ក្ដិអនុសេនីយ៍ឯក តែខ្ញុំខុសមួយទៀត គឺពេលត្រលប់ពី Mission ពីស្រុកគេ ត្រូវឡើងស័ក្ដិអូតូ ដល់ពេលខ្ញុំទៅ Mission នៅអាហ្វ្រិកកណ្ដាល ពេលខ្ញុំមកវិញ អត់បានឡើងស័ក្ដិ តែស័ក្ដិ ត្រូវឡើងអូតូ ។ ដូច្នេះយើងអាងតែស័ក្ដិបី ស័ក្ដិបួន ដឹងតែស័ក្ដិឡើងហើយ ដល់អ៊ីចឹង មិនទិញស័ក្ដិមកពាក់ឲ្យហើយ? ពេលពាក់ហើយ វាជាប់អាវហ្នឹង មិនដោះ ក៏ខុសកន្លែងហ្នឹងមួយទៀត ហើយខ្ញុំទទួលកំហុស ព្រោះយើងពាក់ស័ក្ដខុស ហើយអាឡូហ្គោ UN ដាក់ឆ្វេង ដាក់ស្ដាំ អាងមកពីស្រុកគេ ដល់ពេលដាក់ឡូហ្គោខុស គាត់ចាប់អាហ្នឹងមួយទៀត ខ្ញុំទទួលខុសទៀត ។ ប៉ុន្តែបញ្ហាធំហ្នឹង គឺដាក់ចូលបញ្ជីខ្មៅហ្នឹង គឺបញ្ហាខ្ញុំហ្នឹង ពាក់ឯកសណ្ឋាន ហើយទៅចូលរួម ហើយទៅនិយាយរឿងអី ពាក់ព័ន្ធអីប៉ះពាល់អង្គភាព ព្រោះយើងពាក់ឡូហ្គោខាងអង្គភាពយើងហ្នឹង“ ។

លោកវ៉ិត គឹមសាន បន្តទៀតថា “ចំពោះក្រុមហ៊ុនឡេង ណាវ៉ាត្រា ខ្ញុំនិយាយតាមខ្ញុំគិត គាត់អត់មានបានទៅសួរនាំអីទេ ប៉ុន្តែគ្រាន់តែលក្ខណៈថា គាត់មានតំណាងគាត់ ខាងបុរីមួយ ដែលខ្ញុំមានសំឡេង ហើយខ្ញុំក៏មានឆាតនៅក្នុងហ្នឹងដែរ ខ្ញុំទាក់ទងសួរនាំគាត់ កាលមិនទាន់មានរឿង សូម្បីតែចូលមើល ហើយគាត់និយាយទ្រគោះបោះបោកដាក់យើង គាត់ធម្មតា និយាយទៅដូចយើងដើរសុំបាយគេស៊ី សុំទឹកគេផឹកអ៊ីចឹង កម្សត់ណាស់ ហើយខ្ញុំដឹងថា ខ្ញុំតស៊ូនៅស្រុកគេយូរហើយ ហេតុអីក៏មកជួបរឿងអ៊ីចឹង? ដល់ពេលមានរឿង ផ្ទុះរឿងពឹប! គាត់ក៏ Message មក គាត់សុំធ្វើផ្ទះ ដាក់ជាងធ្វើជូនទាំងយប់ ហើយគាត់ថា កំណត់តែពីរខែ នឹងរួចរាល់ ។ ដល់ពេលខ្ញុំគិតគូរទៅ គ្រាន់តែបន្ទោសប៉ុណ្ណឹង ធ្វើទាំងថ្ងៃ ទាំងយប់ ធ្វើវឹប! ហើយ បានផ្ទះខ្ញុំមួយ ចុះបងប្អូនជុំវិញនោះ អត់បានផ្ទុះ គេមិនខឹង? គេមិនច្រណែន? គេមិនអី? រស់នៅម៉េចកើត? ខ្ញុំក៏សុំលុយ គេក៏អត់ព្រម អត់អីទេ ។ ខ្ញុំថា អត់ព្រមក៏អត់ទៅ ខ្ញុំគិតគូរតាមអ្វីដែលខ្ញុំគិតថា ត្រូវសម្រាប់ខ្ញុំ ព្រោះប្រទេសមានច្បាប់ ហើយប្រទេសយើងមានគុក មនុស្សខុសចាប់ដាក់គុកទៅ ខ្ញុំនិយាយអ៊ីចឹង ហើយក៏មានទូរស័ព្ទ call មកខ្ញុំ តាំងពីលេខ ៩៩៩៩៩ដើម ការ៉េ៧ ការ៉េ៨ call មកខ្ញុំ ចង់ផ្ទុះទូរស័ព្ទ ខ្ញុំអត់លើកទាំងអស់ ដោយសារអី? ដោយសារខ្ញុំគិតថា ខ្ញុំនឹងធ្វើ បើស្រុកខ្មែរ អត់មានយុត្តិធម៌សម្រាប់ខ្ញុំអ៊ីចឹង ខ្ញុំតូចចិត្តណាស់ ។ ដល់ពេលអ៊ីចឹង មេ សែម រតនៈ បានជួយខ្ញុំ គាត់ call ចូលពឹប! គាត់ថា អាសាន អញមេអ្ហែង អញខំជួយអ្ហែង ម៉េចៗអ្ហែងស្ដាប់បង្គាប់អញ ដឹងទេ? ខ្ញុំក៏ស្ដាប់តាមគាត់ទៅ តែមុនដំបូង ខាងអង្គភាព ហៅខ្ញុំទៅ មេផ្កាយពីរដែរ ហៅខ្ញុំទៅ ហើយហៅខ្ញុំហ្នឹង ឡើងដល់ជាន់ទី១៦ ឯណោះ និយាយល្អយ៉ាងឡូយ អស់រលីងហើយ ហើយក៏ព្រមឲ្យខ្ញុំផ្ដិតមេដៃទទួលកំហុសក្នុង ៦ចំណុចឯណោះ ដែលខ្ញុំចាំត្រួសៗ គឺចំណុចទី១ ដូចលក្ខណៈថា ខ្ញុំទាហានដើរសេរី អត់បានសុំច្បាប់ ហើយពាក់ខោអាវចូលអង្គប្រជុំ ហើយផុសហ្វេសប៊ុក អត់មានរាយការណ៍ប្រាប់អង្គភាព និងចំណុចមួយឲ្យទៀត ឲ្យខ្ញុំលុបវីដេអូដែលពាក់ព័ន្ធចេញ។ ឯចំណុចមួយទៀត ខ្ញុំភ្លេចហើយ តែចំណុចទាំងអស់ ខ្ញុំទទួលស្គាល់ថា ខ្ញុំខុសមែន ពីរបីចំណុចហ្នឹង តែចំណុចទី១ ឲ្យខ្ញុំលុបឯកសារ លុបអី ខ្ញុំអត់លុបទេ គាត់ទាមទារឲ្យខ្ញុំលុប ។ ដល់ពេលអ៊ីចឹងទៅ គាត់ថា អ្ហែងអត់មានស្ដាប់ការណែនាំពីអង្គភាព ។ ខ្ញុំត្រលប់មកវិញ លុះស្អែកឡើង មេនៅក្នុងអង្គភាពហ្នឹងដែរ តែមេផ្សេង មេ សែម រតនៈ គាត់និយាយប្រាប់ខ្ញុំថា ឲ្យមកជួបគាត់ គាត់ដោះស្រាយរឿងឲ្យ ។ បន្ទាប់ពីជួបគាត់ហើយ គាត់ដោះស្រាយបានមែន គាត់ជួយ ដោយគាត់ថា មិនបាច់លុប មិនបាច់អីទេ សំខាន់ខាងក្រុមហ៊ុន ដោះស្រាយឲ្យ សាន ឯងពេញចិត្ត បើសាន ឯងពេញចិត្ត ចាំលុបឯកសារហ្នឹង ។ គាត់និយាយអ៊ីចឹង ខ្ញុំក៏ពេញចិត្តពាក្យសម្ដីគាត់ ត្រូវចិត្តយើង ។ ទីបំផុត ដោះស្រាយជាមួយក្រុមហ៊ុនរួចរាល់អស់ហើយ គឺក្រុមហ៊ុនគេប្រគល់លុយឲ្យយើងវិញ ដែលមានចំនួន ៣ម៉ឺនដុល្លារជាង គឺឲ្យគ្រប់ចំនួនដែលខ្ញុំបានបង់ មានបញ្ជាក់នៅក្នុងលិខិតស្នាម ។ ប៉ុន្តែលុយទាំងអស់ហ្នឹង ខ្ញុំខ្ចីពីបងប្អូនផង លក់ទ្រពសម្បត្តិផង ។ ដូច្នេះលុយបានមកវិញហ្នឹង ខ្ញុំយកទៅសងគេ ហើយគិតថា បើសល់លុយ សល់កាក់អី នឹងសឺរេដីកន្លែងណា ដើម្បីធ្វើផ្ទះសម្បែង ប៉ុន្តែលុយហ្នឹងអត់សល់ទេ ហើយសងគេក៏មិនទាន់គ្រប់ដែរ ឥឡូវខ្ញុំកំពុងតែស្មុគស្មាញ កំពុងតែដោះស្រាយរឿងមេ តេរំអុកឲ្យយើងទទួលកំហុស វាធ្វើឲ្យប៉ះពាល់អារម្មណ៍“ ។

លោក វ៉ិត គឹមសាន បន្ថែមថា “ឥឡូវអង្គភាព ខ្ញុំនៅចូលបានធម្មតា ប៉ុន្តែគ្រាន់តែលក្ខណៈថា អ្វីដែលគាត់ធ្វើដាក់យើងអ៊ីចឹង គាត់អត់ទាន់ហៅដោះស្រាយរឿងរ៉ាវ បញ្ជាក់ឲ្យច្បាស់នៅឡើយផង ។ ជាពិសេស ពាក្យថា ដាក់ក្នុងបញ្ជីខ្មៅ ខ្ញុំទទួលយកអត់បានទេ ព្រោះទាហាននេះ ខ្ញុំតស៊ូធ្វើ តាំងពីចប់បាក់ឌុបមក គិតទៅចូលជិត២០ឆ្នាំហើយ ហើយទាហាននេះ ទាហានបន្តវេនទៀត ទាហានដែលមានក្របខ័ណ្ឌ រៀនសូត្រ ប្រលងត្រឹមត្រូវ ហ្វឹកហ្វឺននៅសាលា ជាមួយគ្រូបារាំង ឆ្លងកាត់វគ្គបណ្ដុះបណ្ដាលហ្វឹកហ្វឺនច្រើនណាស់ ហើយបាន Mission នៅក្រៅប្រទេស ដល់ទៅ ៥ដង ដែលក្នុង ១ Mission មានរយៈពេល ១ឆ្នាំ ប៉ុន្តែខ្ញុំសុំនិយាយប្រាប់ថា ប្រាក់ Mission ដែលទទួលបាននោះ មិនអាចទិញផ្ទះបានទេ ព្រោះត្រូវយកមកចាត់ចែងជួយញាតិសន្ដាន បងប្អូនដែលខ្វះខាត ។ ចំណែកពាក្យខ្ញុំថា បើដកខ្ញុំ ដូចដកជីវិតខ្ញុំ ពាក្យនេះមិនពិបាកយល់ទេ គឺពាក្យនេះ ចង់និយាយថា ទាហាន គឺជាអាយុជីវិតខ្ញុំ បើដកខ្ញុំចេញហ្នឹង ដូចជាសម្លាប់ខ្ញុំអ៊ីចឹង ព្រោះខ្ញុំស្រលាញ់ការងារហ្នឹង បានន័យថា មិនស្រលាញ់បា្រក់បៀវត្សរ៍ប៉ុណ្ណឹងទេ ខ្ញុំរកស៊ីខាងក្រៅក៏បានដែរ“ ។

ជុំវិញការលើកឡើងរបស់យោធិន វ៉ិ គឹមសាន ខាងលើនេះ លោកហ៊ីង សុខសាន្ត អតីតប្រធានយុវជន នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បានលើកឡើងតាមបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “បើនេះជារឿងពិត ហើយពិតជាកើតឡើងលើយោធិនរងគ្រោះរូបនេះមែន វាពិតជាអយុត្តិធម៌ និងថោកទាបបំផុតក្នុងសង្គមខ្មែរ។ បើគេថា គេនិយាយ ត្រូវតែកែទម្រង់ ត្រូវតែផ្លាស់ប្តូរ កុំខឹងគេ!“ ។

ជុំវិញការអះអាងរបស់យោធិន វ៉ិត គឹមសាន ខាងលើនេះ នៅល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ “នគរធំ” បានព្យាយាមទាកទងសុំការបំភ្លឺ ពីសំណាក់មេបញ្ជាការ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព បោស សម្អាតមីន និងកាកសំណល់សង្រ្គាម ផងដែរ ប៉ុន្តែមិនបានសម្រេចទេ។ យ៉ាងណា យើងរង់ចាំទទួលការបក ស្រាយបំភ្លឺបញ្ជាក់ពីស្ថាប័នពាក់ព័ន្ធទាំងអស់ ៕ កុលបុត្រ
