ខេត្តស្ទឹងត្រែង ៖ វីរកងទ័ពកម្ពុជា ១រូប ក្នុងចំណោម១៨រូប ដែលត្រូវទាហានថៃ ប្រើល្បិចចាប់ខ្លួន និងឃុំទុករយៈពេល ១៥៥ថ្ងៃ បែកពីគូដណ្តឹងដែលត្រៀមរៀបការ ទើបដោះលែងមកវិញ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នោះ ទីបំផុតបានសម្រេចបំណងរៀបការហើយ ដោយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រើសពេលាមង្គលឲ្យ ។



វីរកងទ័ពដែលដឹកដៃគូដណ្តឹងចូលរោងការ មានឈ្មោះ ក្រៀល ចន្ទ្រា ចំណែកកូនក្រមុំ មានឈ្មោះ លន វិច្ឆិកា។ ពិធីមង្គលការអ្នកទាំងពីរ បានប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅភូមិអូររៃ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដែលបានទៅចូលរួមពិធីមង្គលការវីរកងទ័ព ក្រៀល ចន្ទ្រា ដោយផ្ទាល់ កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានបង្ហោះរូបថតជាច្រើនសន្លឹក បង្ហាញពីការចូលរួមក្នុងពិធីកាត់ សក់ បង្កក់សិរី ជូនគូស្វាមីភរិយាថ្មី ដោយភ្ជាប់ជាមួយសំណេរថា “ប្អូនទាំងពីរ ពិតជាមានសំណាងណាស់ ដែលទទួលបាននូវកិត្តិយសពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា រើសពេលាមង្គលឱ្យ ដោយផ្ទាល់។ អបអរសាទរថ្ងៃមង្គលអាពាហ៍ពិពាហ៍វីរកងទ័ពជួរមុខ (ម្នាក់ក្នុងចំណោម ១៨នាក់ ដែលត្រូវបានចាប់ខ្លួន ក្រោយបទឈប់បាញ់ លើកទី១ ចូលជាធរមាន) ជូនពរប្អូនទាំងពីរ មានសុភមង្គល និងមានសំណាងល្អ ពេញមួយជីវិត។ ព្រឹកថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ គេហដ្ឋានកូនប្រុស ស្ថិតក្នុងឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង…”។


ដោយឡែក វីរកងទ័ព ក្រៀល ចន្ទ្រា ជាសាមីខ្លួនកូនកំលោះ បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក ភរិយារបស់ខ្លួន ឈ្មោះ លន វិច្ឆិកា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ថា “នាមខ្ញុំជាកូនក្រមុំ និងកូនកំលោះ ក៏ដូចជាជំនួសមុខឱ្យឪពុកម្តាយទាំងសងខាង ខ្ញុំបាទសូមធ្វើការលំឱនកាយគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងប្រិយមិត្តទាំងអស់ ចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្ញុំបាទ នាថ្ងៃសុក្រ ១២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ នៅគេហដ្ឋានខាងប្រុស ស្ថិតនៅភូមិអូររៃ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ វត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីអ្នកនាង កញ្ញា និងប្រិយមិត្តទាំងអស់ គឺជាមហាកិត្តិយសដ៏វិសេសវិសាលបំផុតសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំបាទ សូមគោរពអរគុណ…”។

គួររំលឹកថា វីរកងទ័ព ក្រៀល ចន្ទ្រា គឺជាវីរកងទ័ព ១រូប ក្នុងចំណោម ១៨រូប ដែលត្រូវបានទាហានថៃ ប្រើល្បិចដ៏អាក្រក់ ចាប់ខ្លួននិងឃុំឃាំងអស់រយៈពេល ១៥៥ថ្ងៃ។ រហូតមកដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ទើបវីរកងទ័ព ទាំង១៨រូប ត្រូវបានទាហានថៃ សម្រេចដោះលែង និងបានធ្វើមាតុភូមិនិវត្តន៍មកកម្ពុជា វិញ ដោយសុវត្ថិភាព។

បន្ទាប់មក នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានទទួលជួបសំណេះសំណាលជាមួយវីរកងទ័ពកម្ពុជាទាំង១៨រូប ដែលបានធ្វើមាតុភូមិនិវត្តន៍មកកម្ពុជា វិញ ហើយក្នុងឱកាសនោះ សម្តេច ក៏បានរើសពេលាមង្គល ជូនដល់វីរកងទ័ព ក្រៀល ចន្ទ្រា ដើម្បីរៀបការតាមប្រពៃណី ជាមួយគូដណ្តឹង លន វិច្ឆិកា ដែលទន្ទឹងរង់ចាំផ្លូវគូដណ្តឹងទាំងទឹកភ្នែក អស់រយៈពេល១៥៥ថ្ងៃនោះ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ៕ ខៀវទុំ
