Wednesday, February 4, 2026
Homeសង្គម និងជីវិតម៉ែចាស់ អង្គុយសំកុកមុខគុកព្រៃស រង់ចាំកូនស្រី ត្រូវបានដោះលែង

ម៉ែចាស់ អង្គុយសំកុកមុខគុកព្រៃស រង់ចាំកូនស្រី ត្រូវបានដោះលែង

ភ្នំពេញ ៖ អ្នកស្រី ង៉ែត ឃុន ហៅយាយម៉ាំមី អតីតសកម្មជនការពារដីធ្លីបឹងកក់ នាពេលកន្លងមកនោះ កាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានទៅអង្គុយរង់ចាំកូនស្រី នៅមុខមណ្ឌលអប់រំកែប្រែទី២ (ម២) ដែលត្រូវបានតុលាការសម្រេចដោះលែងឲ្យមានសេរីភាពវិញ បន្ទាប់ពីឃុំខ្លួនអស់មួយរយៈ ។

គួររំលឹកថា អ្នកស្រី អេង សុខា សកម្មជនដីធ្លីនៅតំបន់បឹងកក់ ដែលត្រូវជាកូនស្រីបង្កើតរបស់អ្នកស្រី ង៉ែត ឃុន ហៅយាយម៉ាំមី ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ខ្លួន កាលពីថ្ងៃទី៣១ មករា ឆ្នាំ២០២៥ ក្នុងពេលដែលអ្នកស្រី ទៅតវ៉ានិងផ្សាយផ្ទាល់ (live) តាមបណ្ដាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅមុខសាលាដំបូងរាជធានីភ្នំពេញ ដោយរិះគន់តុលាការ ដែលកាត់ក្ដីដោយអយុត្តិធម៌លើសំណុំរឿងម្ដាយរបស់អ្នកស្រី គឺអ្នកស្រី ង៉ែត ឃុន ដែលត្រូវក្រុមសន្តិសុខ វាយគាត់បែកក្បាល ហូរឈាម ពេលចេញតវ៉ារកដំណោះស្រាយជម្លោះដីធ្លី រយៈពេលប្រមាណ ១០ឆ្នាំមុន ។ ក្នុងអំឡុងពេលឃុំខ្លួនកូនស្រី នៅពន្ធនាគារ អ្នកស្រី ង៉ែត ឃុន ហៅយាយម៉ាំមី បានព្យាយាមតវ៉ាឲ្យមានការដោះលែងកូនស្រីរបស់គាត់វិញ ដោយគាត់បានលើកឡើងថា ការចាប់ខ្លួនកូនគាត់នេះ គឺជាការធ្វើឲ្យរូបគាត់និងក្រុមគ្រួសារ ឈឺចាប់មួយជាន់ទៀត ខណៈសំណុំរឿងហិង្សាលើគាត់ មិនទាន់ទទួលបានយុត្តិធម៌ ដោយសារជនល្មើស នៅមានសេរីភាព ស្ថិតក្រៅសំណាញ់ច្បាប់នៅឡើយ។ ជាពិសេស គាត់ថា ក្រៅពីសមត្ថកិច្ចមិនបានប្រាប់អំពីមូលហេតុនៃការចាប់ខ្លួនកូនគាត់ មិនឃើញមានដីកានោះ នៅពេលចាប់ខ្លួននោះ សមត្ថកិច្ចបានវាយដំកូនស្រីគាត់ រហូតឈឺពេញខ្លួនប្រាណ និងហើមដៃ ជាដើម ហើយពេលយកទៅឃុំខ្លួនបណ្ដោះអាសន្ន នៅសាលាខណ្ឌជ្រោយចង្វា ពួកគេថែមទាំងបានរារាំងមិនឲ្យសមាជិកគ្រួសារចូលជួប ដើម្បីផ្តល់អាហារនិងថ្នាំព្យាបាលរបួសទៀតផង ដែលគាត់ចាត់ទុកទង្វើបែបនេះថា ជារឿងអមនុស្សធម៌ រំលោភច្បាប់ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

 ក្រោយការព្យាយាមតវ៉ារបស់លោកយាយម៉ាំមី និងក្រោយកូនស្រីគាត់ត្រូវបានឃុំខ្លួន អស់រយៈពេល ១ឆ្នាំ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ មណ្ឌលអប់រំកែប្រែទី២ (ម២) ពន្ធនាគារព្រៃស បានសម្រេចដោះលែងអ្នកស្រី អេង សុខា ឲ្យមានសេរីភាពវិញ ដែលមិនត្រឹមតែធ្វើឲ្យគាត់ជាម្ដាយមានសេចក្ដីរីករាយឥតឧបមាប៉ុណ្ណោះទេ សូម្បីតែអតីតសកម្មជនបឹងកក់ ដែលធ្លាប់តស៊ូជាមួយគ្នា និងធ្លាប់ជាប់ពន្ធនាគារដូចគ្នាដែរ រួមមាន លោកចាន់ ពុទ្ធិស័ក្ដិ និងអ្នកស្រី ទេព វន្នី ជាដើម បានសម្ដែងការសាទរចំពោះការដោះលែងនេះ ហើយនៅតែសំណូមពរឲ្យទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់លើសកម្មជនបឹងកក់ ។

លោក ចាន់ ពុទ្ធិស័ក្ដិ ដែលកំពុងរស់នៅក្រៅប្រទេស បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ថា “នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ប្អូនស្រីអេង សុខា ហៅស្រីពៅ ជាកូនរបស់លោកយាយម៉ាំមី សកម្មជនដីធ្លីតំបន់បឹងកក់ បានចេញពីពន្ធនាគារវិញហើយ ដោយភាពអយុត្តិធម៌ ដោយការអនុវត្តទោសពេញលេញនៅក្នុងពន្ធនាគារ នេះគឺជារឿងដ៏អយុត្តិធម៌មួយ ក្នុងចំណោមរឿងអយុត្តិធម៌ជាច្រើនដែលកើត និងកំពុងកើតលើប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស។ សូមអបអរប្អូនស្រីដែលតស៊ូឆ្លងផុតរយៈពេលដ៏អយុត្តិធម៌នៅក្នុងពន្ធនាគារ បានវិលមកជួបជុំគ្រួសារ។ សូមជូនពរឲ្យប្អូន និងម៉ាំមី មានសុខភាពល្អ សំណាងល្អ“ ។

ជាមួយគ្នានោះដែរ អ្នកស្រី ទេព វន្នី ដែលកំពុងរស់នៅសហរដ្ឋអាមេរិក បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់អ្នកស្រី នៅយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦​ ថា “សូមចូលរួមអបអរសេរីភាពរបស់ប្អូនស្រី អេង សុខា! ប្អូនស្រី អេង សុខា ត្រូវជាកូនស្រីពៅ របស់លោកយាយម៉ាំមី នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ ប្អូនស្រី មានសេរីភាព បានត្រឡប់មកផ្ទះជួបជុំកូនៗ និងក្រុមគ្រួសារវិញហើយ” ៕

RELATED ARTICLES