អូស្ត្រាលី ៖ ក្រុមអ្នកតស៊ូមតិកម្ពុជា (Cambodian Advocacy Team) ដែលមានលោក ហុង លីម អតីតសមាជិកសភាអូស្ត្រាលី ដើមកំណើតខ្មែរ បានចេញសេចក្តីវិភាគផ្លូវច្បាប់ ស្តីពីសេចក្តីបំភ្លឺរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងករណីបញ្ជូនខ្លួនលោក ចេន ហ្ស៊ី ទៅប្រទេសចិន ថាជាការរំលោភរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ ក្រុមអ្នកតស៊ូមតិកម្ពុជា មានការសង្ស័យថា ករណីលោក ចេន ហ្ស៊ី គឺពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនយោបាយនិងសេ ដ្ឋកិច្ច រវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ដែលផ្តល់បុព្វសិទ្ធិពិសេសដល់ជនជាតិចិន នៅក្នុងប្រទេសកម្ពុជា ហើយសង្ស័យផងដែរថា ការបញ្ជូនលោក ចេន ហ្ស៊ី ចេញទៅប្រទេសចិន ដោយបង្ខំ និងដោយប្រញាប់ប្រញាល់ ក្រោយពេលសមត្ថកិច្ចកម្ពុជា ចាប់ខ្លួនបាននៅកនុងប្រទេសកម្ពុជា នោះគឺជាវិធីតែមួយគត់ដើម្បីបិទបាំងដានស៊ើបអង្កេតរបស់តុលាការ ដែលអាចនឹងនាំឱ្យរកឃើញការពិត ពាក់ព័ន្ធនឹងថ្នាក់ដឹកនាំថ្នាក់ជាតិរបស់កម្ពុជា។

សេចក្តីវិភាគផ្លូវច្បាប់ របស់ក្រុមអ្នកតស៊ូមតិកម្ពុជា (CAMBODIAN ADVOCACY TEAM) ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុងថា «ក្រុមអ្នកតស៊ូមតិកម្ពុជា ធ្លាប់បានវិភាគ និងចេញផ្សាយអត្ថបទពាក់ព័ន្ធនឹងរឿងនេះម្តងរួចមកហើយ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។ លុះមកដល់ថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៦ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីបំភ្លឺ លេខ ០៣/២០២៦ កបទ.សអ/បភ ជាភាសាខ្មែរ និងអង់គ្លេស ក្នុងគោលបំណងជម្រាបជូនជនរួមជាតិ និងអន្តរជាតិថា ការបញ្ជូនខ្លួនលោក ចេន ហ្ស៊ី ទៅកាន់ប្រទេសចិន ភ្លាមៗ គឺជាការអនុវត្តច្បាប់ យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ហើយរាល់ការវិភាគផ្សេងៗ គឺជាការយល់ច្រឡំ ឬជាការបំភាន់មតិសាធារណៈទៅវិញ។ ទោះជាយ៉ាងណាក៏ដោយ ក្រោយពីបានអាននិងពិនិត្យយ៉ាងលម្អិត លើសេចក្តីបំភ្លឺនេះ ក្រុមអ្នកតស៊ូមតិកម្ពុជា បានរកឃើញភ័ស្តុតាងកាន់តែច្បាស់ថា ការបញ្ជូនខ្លួនលោក ចេន ហ្ស៊ី ទៅឱ្យប្រទេសចិន គឺពិតជាផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងច្បាប់កម្ពុជា ទាំងស្រុង ហើយថែមទាំងបានបង្ហាញឱ្យឃើញនូវអាថ៌កំបាំងជាច្រើនទៀត ដែលរដ្ឋាភិបាល ព្យាយាមលាក់បាំង។
ផ្អែកតាមសេចក្តីបំភ្លឺចំណុចទីមួយ ដែលអះអាងថា ការបណ្តេញចេញ គឺធ្វើឡើងតាមកិច្ចប្តេជ្ញាចិត្តរវាងកម្ពុជា និងចិន ក្នុងវិស័យយុត្តិធម៌ បានសបញ្ជាក់ថា រដ្ឋាភិបាលបច្ចុប្បន្ន ឱ្យតម្លៃលើកិច្ចសន្យាជាមួយបរទេស ធំជាងច្បាប់ និងរដ្ឋធម្មនុញ្ញរបស់ជាតិខ្លួនឯង។ យោងតាមច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា ពលរដ្ឋខ្មែរ គ្រប់រូប មានសិទ្ធិការពារខ្លួនតាមផ្លូវច្បាប់ ហើយដរាបណាមិនទាន់មានសាលក្រមស្ថាពរ ជននោះនៅតែជាជនឥត ទោសនៅឡើយ ដែលបទបញ្ញត្តិនេះ ត្រូវបានចែងយ៉ាងច្បាស់ ទាំងក្នុងរដ្ឋធម្មនុញ្ញ និងក្រមនីតិវិធីព្រហ្មទណ្ឌ។ ការបញ្ជូនខ្លួនចេញភ្លាមៗបែបនេះ ធ្វើឱ្យសិទ្ធិទទួលបានការការពារខ្លួន ត្រូវបាត់បង់ទាំងស្រុង និងជាការកម្ទេចភ័ស្តុតាងក្នុងការរកការពិតនៃបទល្មើសដែលកើតឡើងក្នុងប្រទេសកម្ពុជា។ ចំពោះការលើកឡើងក្នុងចំណុចទីពីរ ថាការដកហូតសញ្ជាតិ អាចធ្វើទៅបាន ប្រសិនបើរករកឃើញថា មានការបន្លំ ឬផ្តល់ព័ត៌មានមិនពិត គឺជាការបកស្រាយដែលមើលទៅហាក់មានហេតុផល ប៉ុន្តែតាមនីតិវិធីច្បាប់ រដ្ឋាភិបាល មិនមានតួនាទីជាអ្នកសម្រេចថា បុគ្គលណាម្នាក់បន្លំឬមិនបន្លំនោះទេ ក្នុងពេលដែលសញ្ជាតិ ត្រូវបានផ្តល់ឱ្យជាយូរមកហើយ។ អំណាចក្នុងការសម្រេចសេចក្តី និងបញ្ជាក់ពីភាពត្រឹមត្រូវនៃព័ត៌មាន ក្នុងពាក្យសុំសញ្ជាតិ គឺជាសមត្ថកិច្ចដាច់ដោយឡែករបស់តុលាការ តាមរយៈសាលក្រម ឬសាលដីកាស្ថាពរ មិនមែនជាការចោទប្រកាន់ឯកតោភាគី ដោយអំណាចនីតិប្រតិបត្តិនោះឡើយ។
លោក ចេន ហ្ស៊ី ទទួលបានសញ្ជាតិខ្មែរ តាមព្រះរាជក្រឹត្យ និងមានតួនាទីជាទីប្រឹក្សាថ្នាក់ដឹកនាំកំពូលៗ ដូចជា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដែលការដកហូតសញ្ជាតិខ្មែរ ពីលោក គឺត្រូវឆ្លងកាត់នីតិវិធីតុលា ការ ជាមុនសិន ទើបអាចហៅថា ជាការអនុវត្តច្បាប់ យ៉ាងម៉ឺងម៉ាត់។
ក្រុមអ្នកតស៊ូមតិកម្ពុជា សង្កេតឃើញថា លោក ចេន ហ្ស៊ី មានឋានៈខ្ពស់ ស្មើរដ្ឋមន្ត្រី មានសកម្មភាពសង្គមនិងសេដ្ឋកិច្ច យ៉ាងទូលំទូលាយ ដូចជា ការផ្តល់អាហារូបករណ៍ និងការដឹកនាំធនាគារព្រីនស៍ ជាដើម ដែលបង្ហាញថា ទំនាក់ទំនងរបស់លោក ជាមួយថ្នាក់ដឹកនាំ គឺជាទំនាក់ទំនងពិសេសនិងអាថ៌កំបាំង។ វាអាចសន្និដ្ឋានបានថា លោក ចេន ហ្ស៊ី គឺជាភ្នាក់ងារបរទេសដែលដើរតួជាស្ពានចម្លងប្រភពទុនពីប្រទេសចិន មកកាន់កម្ពុជា តាម រយៈថ្នាក់ដឹកនាំគណបក្សកាន់អំណាច ឬសូម្បីតែជាភ្នាក់ងារតំណាងក្នុងកិច្ចព្រមព្រៀងអនុញ្ញាតឱ្យជនជាតិចិន មករស់នៅកម្ពុជា ក្នុងចំនួនដ៏ច្រើនលើសលប់។ ការដែលរដ្ឋាភិបាល អះអាងថា ការទទួលបានសញ្ជាតិរបស់លោក ជាការបន្លំ គឺជាការសន្និដ្ឋានដោយរំលងនីតិវិធីច្បាប់ និង រំលងអំណាចតុលាការ ដែលជាយន្តការស្វែង រកយុត្តិធម៌ពិតប្រាកដ។
ចំពោះការអះអាងក្នុងចំណុចទីបួន ថាប្រព័ន្ធត្រួតពិនិត្យតុល្យភាពអំណាច នៅតែរឹងមាំ ក៏ត្រូវបានក្រុមអ្នកតស៊ូមតិ បដិសេធផងដែរ ព្រោះប្រព័ន្ធតុល្យភាពអំណាចពិតប្រាកដ តាមមាត្រា៥១ នៃរដ្ឋធម្មនុញ្ញ តម្រូវឱ្យមានការបែងចែកអំណាចនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ដាច់ពីគ្នា។ ក្នុងករណីបទល្មើសប្រព្រឹត្តក្នុងប្រទេសកម្ពុជា តុលាការកម្ពុជា ត្រូវតែកាត់សេចក្តីជាមុន ដើម្បីរក្សាសិទ្ធិឱ្យជនរងគ្រោះ និងកំណត់ទោសទណ្ឌ ឱ្យបានច្បាស់លាស់ មុននឹងសម្រេចបញ្ជូនជនសង្ស័យ ទៅក្រៅប្រទេស។
ការរំលងនីតិវិធីព្រហ្មទណ្ឌ និងការខ្វះសាលក្រមតុលាការ បង្ហាញថា រដ្ឋាភិបាល កំពុងរំលោភបំពានអំណាចយ៉ាងធ្ងន់ធ្ងរ។ សំណួរផ្លូវច្បាប់ នៅតែបន្តកើតមានថា តើការបញ្ជូនខ្លួនតាមយន្តហោះចិន នេះ ផ្អែកលើមូលដ្ឋានច្បាប់អ្វី? ហើយក្រោយពេលបញ្ជូនទៅ តើមានយន្តការអ្វីក្នុងការរាយការណ៍ត្រឡប់មកកម្ពុជា វិញ? សកម្មភាពនេះ ហាក់ដូចជាការបំបាត់ភ័ស្តុតាងនៃឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងការលាងសម្អាតប្រាក់ ដែលធ្វើឱ្យកម្ពុជា មិនអាចរកការពិតឃើញ និងធ្វើឱ្យជនរងគ្រោះ មិនអាចស្វែងរកយុត្តិធម៌បាន។
ជាទីបញ្ចប់ ក្រុមអ្នកតស៊ូមតិកម្ពុជា បានការសង្ស័យយ៉ាងខ្លាំងថា ករណីលោក ចេន ហ្ស៊ី គឺពាក់ព័ន្ធនឹងកិច្ចព្រម ព្រៀងនយោបាយនិងសេដ្ឋកិច្ច រវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ដែលផ្តល់បុព្វសិទ្ធិពិសេ សដល់ជនជាតិចិន នៅក្នុងប្រទេសកម្ពុជា។ ការបញ្ជូនលោក ចេន ហ្ស៊ី ចេញដោយបង្ខំនិងដោយប្រញាប់ប្រ ញាល់ គឺជាវិធីតែមួយគត់ ដើម្បីបិទបាំងដានស៊ើបអង្កេតរបស់តុលាការ ដែលអាចនឹងនាំឱ្យរកឃើញការពិតពាក់ព័ន្ធនឹងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ក្នុងសំណុំរឿងថ្នាក់ជាតិ។
ក្រុមអ្នកតស៊ូមតិកម្ពុជា សូមបញ្ជាក់ជាថ្មីថា យើងមិនការពារជនល្មើសឡើយ ប៉ុន្តែយើងផ្តល់ការវិភាគ តាមជ្រុងច្បាប់ ដើម្បីជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពសង្គម និងការអនុវត្តច្បាប់ នៅកម្ពុជា ក្រោមរបបគ្រប់គ្រងបច្ចុប្បន្ន ដែលតែងតែអះអាងថា ខ្លួនគោរពតាមនីតិវិធីច្បាប់»។
គួរបញ្ជាក់ថា ពាក់ព័ន្ធដំណើរការផ្លូវច្បាប់ និងការបញ្ជូនខ្លួនលោក ចេន ហ្ស៊ី ទៅប្រទេសចិន ក្រោយពេលសម ត្ថកិច្ចកម្ពុជា បានចាប់ខ្លួននេះ អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណា ចក្រកម្ពុជា បានចេញសេចក្តីបំភ្លឺ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ថា ការសម្រេចចិត្តរបស់កម្ពុជា ក្នុងការបណ្តេញលោក ចេន ហ្ស៊ី ទៅកាន់ប្រទេសចិន ដែលជាប្រទេសដើមកំណើតរបស់ខ្លួន គឺធ្វើឡើងដោយផ្អែកតាមច្បាប់ និងការប្តេជ្ញាចិត្តរបស់កម្ពុជា អនុវត្តជំនួយផ្លូវច្បាប់ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការផ្នែកយុត្តិ ធម៌រវាងប្រទេសទាំងពីរ។
សេចក្តីបំភ្លឺ របស់អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លេខ ៖ ០៣/២០២៦ កបទ.សអ/បភ ចុះថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ស្តីពីដំណើរការផ្លូវច្បាប់ និងការបញ្ជូនខ្លួនលោក ចេន ហ្ស៊ី មានខ្លឹមសារទាំងស្រុងថា «អ្នកនាំពាក្យក្រសួងការបរ ទេសនិងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបំភ្លឺ ឆ្លើយតបទៅនឹងការសាកសួររបស់ប្រព័ន្ធឃោសនា ទាក់ ទងនឹងដំណើរការផ្លូវច្បាប់ និងការបណ្តេញលោក ចេន ហ្ស៊ី ដូចខាងក្រោម ៖
ការសម្រេចចិត្តរបស់កម្ពុជា ក្នុងការបណ្តេញលោក ចេន ហ្ស៊ី ទៅកាន់ប្រទេសចិន ដែលជាប្រទេសដើមកំ ណើតរបស់ខ្លួន គឺធ្វើឡើងដោយផ្អែកតាមច្បាប់ និងការប្តេជ្ញាចិត្តរបស់ កម្ពុជា អនុវត្តជំនួយផ្លូវច្បាប់ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការផ្នែកយុត្តិធម៌រវាងប្រទេសទាំងពីរ។
ការដកហូតសញ្ជាតិកម្ពុជា ពីលោក ចេន ហ្ស៊ី បានអនុវត្តយ៉ាងហ្មត់ចត់ តាមច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ (ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥) ជាពិសេសមាត្រា២៩ថ្មី កថាខណ្ឌទី៤ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិ (ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥) មាត្រា៥២ កថាខណ្ឌទី៤។ ផ្អែកលើមាត្រាទាំងពីរនេះ ការដកហូតសញ្ជាតិខ្មែរ ពីពលរដ្ឋដែលទទួលបានសញ្ជាតូបនីយកម្ម ត្រូវធ្វើឡើង ប្រសិនបើបុគ្គលនោះ ត្រូវបានរកឃើញថា បានទទួលសញ្ជាតិខ្មែរ តាមរយៈការក្លែងបន្លំ ឬដោយការផ្តល់ព័ត៌មានមិនពិត ក្នុងអំឡុងពេលនៃការដាក់ ពាក្យស្នើសុំសញ្ជាតិ។
ការបណ្តេញចេញនេះ គឺជាសិទ្ធិសម្រេចដោយអធិបតេយ្យរបស់កម្ពុជា ដោយផ្អែកលើការរកឃើញភាពមិនប្រក្រតីនៃការទទួលបានសញ្ជាតិ។ ការណ៍នេះ បង្ហាញពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះនីតិរដ្ឋ។ ជាការពិត វាគឺជានីតិវិធីច្បាប់ ប្រកបដោយស្តង់ដារ មួយ ហើយមិនគួរជាប្រធានបទយកមកបកស្រាយខុស ដោយគ្មានមូលដ្ឋាននោះឡើយ។ ប្រព័ន្ធត្រួតពិនិត្យតុល្យភាពអំណាចរបស់កម្ពុជា នៅតែមានភាពរឹងមាំ។ ការបញ្ជូនខ្លួនបុគ្គលនានាក្នុងក្របខ័ណ្ឌច្បាប់ គឺជាដំណើរការផ្លូវការ នៃជំនួយផ្នែកច្បាប់ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការផ្នែកយុត្តិធម៌ ព្រមទាំងបានឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះច្បាប់ជាតិ និងកាតព្វកិច្ចជាអន្តរជាតិរបស់ខ្លួន។

ការអនុវត្តច្បាប់ម៉ឺងម៉ាត់បែបនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទន្ទឹមនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ប្រកបដោយប្រសិទ្ធភាព»៕ ខៀវទុំ