Friday, February 6, 2026
Homeតារាខ្មែរ ឆឹម សក្កដា-ពេជ្រ សោភា ថើបគ្នាលើឆាក

 ឆឹម សក្កដា-ពេជ្រ សោភា ថើបគ្នាលើឆាក

ភ្នំពេញ ៖ តារាសម្ដែង ឆឹម សក្កដា បានប្រារព្ធពិធីខួបកំណើត ៤០ឆ្នាំ របស់ខ្លួន ​នៅ​លើឆាកតន្រ្ដី Snow Night កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៦ ថ្មីៗនេះ ហើយលោកចាប់ដៃគូច្រៀង​ជាមួយ​កំពូល​ស្នេហា ពេជ្រ សោភា បទ «ម្លប់ស្នាយ ម្លប់ស្នេហ៍» ​ដែលពេលនោះហើយ លោកឆក់​ឱ​កា​ស​​​ឆ្លៀតចាប់​ថើបសោភា មួយខ្សឺត នៅលើឆាក ។ សោភា ស្រឡាំងកាំងបន្ដិច តែមិនខឹងប្រុស​ស្នេហ៍កេងចំណេញនាងនៅលើវេទិកា​នោះទេ ប៉ុន្ដែដើម្បីកុំឲ្យសក្កដា អាក់អន់ស្រពន់​ចិត្តថា រូបគេស្រលាញ់នាងតែម្នាក់​ឯងនោះ ​នាង​ក៏ថើបសក្កដា វិញ ដែលជាការថើប សងគ្នា​ទៅ​វិញ​ទៅមក។ ក្រោយ​ថើបគ្នារួចហើយ ​សោភា បានហៅលោកសក្កដា ថា «ពូ» និងបាន​ជូនពរ​ឲ្យលោកមានសុខភាពល្អ​ សំណាងល្អ ខណៈដែលលោកសក្កដា បានហៅសោភា ថា «មិត្តសម្លាញ់» និងអរគុណនាង ។ លោក​សក្កដា ថែមទាំងអួតប្រាប់ Fan រឿងបាន​ថើប​សោ​ភា នោះទៀតថា «ពេលអ្នករាប់អាន​មិត្តភក្ដិ​ត្រូវ» ដែលមានន័យថា មិត្តភក្ដិយល់ចិត្ត គេថើបគ្នា​តែអ៊ីចឹង ។

 គួរបញ្ជាក់ថា ចំណងស្នេហាលោកឆឹម សក្កដា និងពេជ្រ សោភា បានធ្វើឲ្យមហាជនវិល​ក្បុង ​សឹងគ្រប់គ្នា ព្រោះតែក្រោយពួកគេប្រកាសភ្ជាប់ពាក្យ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ​២០២២ និងលុបចោលគម្រោងរៀបការ ឆ្នាំ២០២៣ អ្នកទាំងពីរ ​ម្ដងផ្អែមល្ហែមស្នេហ៍​ ដូចជា​ពេល​សោភា វិលពីច្រៀង Concerts តាមខេត្ត មកដល់ភ្នំពេញ ជិតទៀបភ្លឺ លោកសក្កដា រត់​ទៅចំ​ហុយ​សម្បុកត្រចៀកកាំ ឲ្យនាងញ៉ាំប៉ូវកម្លាំង ។ ប៉ុន្ដែនៅពេលស្នេហាសោះ កក្រោះ ​គឺ​ហួស​​ពីការ​នឹក​ស្មាន ​ដោយសារតែអំឡុងលោកសក្កដា មានជំងឺធ្លាក់ទឹកចិត្ត (depression) ធ្ងន់ធ្ងរ និងព្រមាន​ធ្វើអត្តឃាត បញ្ចប់ជីវិតជាច្រើនលើកច្រើនសានោះ សោភា បែរជាថា​ នាង​មិន​បាន​ដឹង​រឿង​​នេះទាំងអស់ទៅវិញ ។ ឥឡូវជំនួសឲ្យពាក្យ «ប្ដី-ប្រពន្ធ​» ឬ «អូនសម្លាញ់-បង​សម្លាញ់»​នោះ ​ពួកគេបែរជាហៅគ្នាថា មិត្តភក្ដិ និងពូ ប៉ុន្ដែថើបគ្នាយ៉ាងស្អិតល្មូតទៅវិញ ។

ថ្វីត្បិតតែលោក ឆឹម សក្កដា បង្ហាញឲ្យគេឃើញថា បញ្ហាផ្លូវចិត្តរបស់លោក​បាន​វិលមករកភាពល្អប្រសើរច្រើន ពិសេសមានការលើកទឹកចិត្តពីសោភា ដោយផ្ទាល់ក្ដី ប៉ុន្ដែតារា​សាច់ដុំធំៗរូបនេះ នៅតែបន្ដលេបថ្នាំព្យាបាលជំងឺបាក់ទឹកចិត្ត ជាប្រចាំ។ មានពេលខ្លះ ​លោក​សក្កដា ថែមទាំងតូចចិត្ត​ព្រោះថា អាយុ ៤០ឆ្នាំ ទៅហើយ មិន ដឹងប្រពន្ធកូននៅឯណា និង​ពេល​ក្រឡេកមកមើលក្មួយៗរបស់លោក ខ្លះកូន១ កូន២ អស់ទៅហើយ ប៉ុន្ដែនៅ​ពេល​ដែល​Fan សួរថា ម៉េចបានលោកមិនព្រមដឹកដៃពេជ្រ​សោភា ក្រាបផ្ទឹម យកកូនបន្ដពូជ​ភ្លាមៗ​ទៅ?  លោកបែរជាមិនឆ្លើយតបទៅវិញ ។

ឆឹម សក្កដា អតីតតារាចម្រៀងថោន ធ្លាប់ថតសម្ដែងភាពយន្ដ ជាច្រើនរឿងមកហើយ ​ពិ​សេស កាលពីចុងឆ្នាំ២០២៥ លោកថតរឿងបុរាណ «អប្សរាមហាអង្គរ» ដឹកនាំដោយ​លោក​ហ្វៃ សំអាង ដែលថតចប់ មិន​ទាន់​ដាក់ បញ្ចាំង ។ ទស្សនិកជនចាំបានថា ក្រោយឆឹមសក្កដា-ពេជ្រ សោភា ប្រកាសភ្ជាប់ពាក្យ​នោះ ​​សោភា ព្រមានគូដណ្ដឹងថា ហាមស្និទ្ធស្នាលស្រីផ្សេង តែតាំង​ពី​ប្រ​កាសរំ​សាយមង្គល​ការ ឆ្នាំ២០២៣ មក ពេលនេះ ទោះពួកគេថើបគ្នាជាសាធារណៈ​ ដើម្បី​សម្រាល​រឿងគេថា​បែកបាក់គ្នាក្ដី តែសោភា លែងហួងហែងគូស្នេហ៍ដូចមុនទៀតហើយ ។ តាមប្រ​ភពថា ថ្វីដ្បិតតែគេ​ដឹង​ថា លោកឆឹម សក្កដា នៅតែជាគូដណ្ដឹងរបស់សោភា ដោយសា​រមិន​ដែល​​ប្រ​កាសផ្ដាច់​ពាក្យ ប៉ុន្ដែលោកសក្កដា ជាបុរសមានមន្ដស្នេហ៍មិនធម្មតាទេ ព្រោះ​មានប្រុសតាមស្រ​លាញ់​ច្រើនជាងស្រីទៅទៀត ៕

RELATED ARTICLES