ខេត្តបន្ទាយមានជ័យ ៖ ឃ្លាំងកែច្នៃឈើ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យរងការខូចខាតអស់ទាំងស្រុង គិតជាទឹកប្រាក់ ប្រមាណជាង ៥ម៉ឺនដុល្លារ បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យចុះជួយអន្តរាគមន៍ ភ្លាមៗ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅត្រង់ចំណុចរោងកែច្នៃឈើ មួយកន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ឃ្លាំងកែច្នៃឈើ ដែលរងការឆាបឆេះខាងលើ មានម្ចាស់ឈ្មោះអេង ភេទប្រុស មានលំនៅក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ថា មានករណីអគ្គិភ័យកំពុងឆេះឃ្លាំងកែច្នៃឈើ មួយកន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ភ្លាមនោះ កម្លាំងសមត្ថកិច្ចជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងគ្រប់បណ្តាអង្គភាពពាក់ព័ន្ធ បានចុះជួយពន្លត់អគ្គិភ័យខាងលើភ្លាមៗ។

ប្រភពដដែល បន្តថា នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងចម្រុះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ សរុបចំនួន១៤គ្រឿង និងប្រើប្រាស់ទឹក អស់ចំនួន៦០ឡាន។ ក្នុងនោះ មានរថយន្តពន្លត់អគ្គិភ័យរបស់ ស្តារហ្គោល ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ៤ឡាន។ រថយន្តពន្លត់ អគ្គិភ័យរបស់កាស៊ីណូ ត្រូពេជ្រកាណា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ៥ឡាន។ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ចំនួន១ គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន។ រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថខេត្ត ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់ ២០ឡាន។ រថយន្ត ពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ៦ឡាន។ រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមសង្គ្រោះ បឋម ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៥ ឡាន។ រថយន្តពន្លត់អគ្គិភ័យរបស់ប៉ោយប៉ែតរីសត ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ៤ឡាន។ រថយន្តពន្លត់អគ្គិភ័យរបស់កាស៊ីណូស្តាវើល ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន។
ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ បានបញ្ចប់ទៅវិញទាំងស្រុង (ភ្លើងរលត់ទាំងស្រុង) នៅវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃដដែល។ ចំពោះមូលហេតុ ដែលបង្កឱ្យមានគ្រោះអគ្គិភ័យនេះ សមត្ថកិច្ចនៅមិនទាន់បានកំណត់បាននៅឡើយទេ ហើយក្នុងហេតុការណ៍នេះ មិន បង្កគ្រោះថ្នាក់ដល់ពលរដ្ឋ ឬឆេះរាលដាលដល់លំ នៅឋានប្រជាពលរដ្ឋក្បែរខាងឡើយ។

ដោយឡែក ចំពោះទំហំនៃការខូចខាតទ្រព្យសម្បត្តិដោយសារគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានសន្និដ្ឋានថា អស់ប្រមាណ ៥៤០០០ដុល្លារ៕