ខេត្តកំពង់ស្ពឺ ៖ ក្រុមអ្នកញៀនល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ១ក្រុម កំពុងប្រមូលផ្តុំគ្នាលេងល្បែងជល់មាន់ យ៉ាងពពាក់ពពូន នៅចំណុចវាលស្រែ ក្រោមដើមអម្ពិល ១កន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចឆ្មក់ចុះបង្ក្រាប ឃាត់ខ្លួនបានចំនួន ៥នាក់ ខណៈមនុស្សច្រើននាក់ផ្សេងទៀត បានរត់គេចខ្លួនបាត់អស់។

ការឆ្មក់បង្ក្រាបទីតាំងជល់មាន់នេះ បានធ្វើឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចវាលស្រែ ក្រោមដើមអម្ពិល ស្ថិតក្នុងភូមិថ្លុកបី ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ។
ក្រុមអ្នកញៀនល្បែងជល់មាន់ ទាំង៥នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ សយ ចាន់ធីម ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិអូរ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ។ ទី២-ឈ្មោះអុក បន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិព្រៃសំពណ៌ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ។ ទី៣-ឈ្មោះហេង ចាន់ណា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិព្រៃសំពណ៌ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ។ ទី៤-ឈ្មោះ ស៊ុន សុខខុន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិត្រពាំងលៀប ឃុំផុង ស្រុកបសេដ្ឋ និងទី៥-ឈ្មោះមឿក មេសា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិវាលល្វាង ឃុំកាត់ ភ្លុក ស្រុកបសេដ្ឋ។

លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ បានបញ្ជាក់ប្រាប់ថា កម្លាំងជំនាញព្រហ្មទណ្ឌស្រុក បានសហការជាមួយរដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកាត់ភ្លុក ដោយមានការចូលរួមពីលោកមេឃុំកាត់ភ្លុក លោកមេភូមិថ្លុកបី បានធ្វើការស្រាវជ្រាវ និងធ្វើការឆ្មក់បង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) មួយករណីជាក់ស្តែង ដោយឃាត់ខ្លួនមុខសញ្ញាញៀនល្បែង (ជល់មាន់) បានចំនួន៥នាក់ ព្រមទាំងដកហូតវត្ថុតាង រួមមាន ១-មាន់ជល់ ចំនួន៤ក្បាល ២-ជញ្ជីងថ្លឹងមាន់ ១គ្រឿង ៣-ឆ្នាំងដាំទឹក១ ៤-សង្វៀនធ្វើអំពីតង់១ និង៥-ម៉ូតូ ចំនួន ៣គ្រឿង។

ក្រុមជនសង្ស័យទាំង៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ ធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវ ច្បាប់៕

