ភ្នំពេញ ៖ ករណីឃាតកម្ម ដ៏ឃោរឃៅមួយ បានកើតឡើង នៅអគារអូឡាំព្យ៉ា C2 ជាន់ទី៨ បន្ទប់ C2.812 ផ្លូវ២១៧ ស្ថិតក្នុងភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយជនសង្ស័យម្នាក់ បានទាញកាំបិតចុងស្រួច ចាក់ជនរងគ្រោះម្នាក់ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមភ្លាមៗនៅនឹងកន្លែង។

ករណីឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង០០នាទីរសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅកន្លែងកើតហេតុខាងលើ។
ជនរងគ្រោះ ពុំស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ៣៥ឆ្នាំ ជនជាតិវៀតណាម (គ្មានលិខិតឆ្លងដែន)។
ជនសង្ស័យឈ្មោះ DUONG HU TUAN ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ពុំមានអ្នកណាដឹងថា រវាងជនសង្ស័យ និងជនរងគ្រោះ មានទំ នាស់គ្នារឿងអ្វីនោះទេ ស្រាប់តែនៅវេលាកើតហេតុខាងលើ ឃើញជនសង្ស័យបានទាញកាំបិតចុងស្រួច ចាក់ជនរងគ្រោះ ជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមភ្លាមៗតែម្តង។
ក្រោយកើតហេតុ ជនសង្ស័យបានព្យាយាមរត់គេចខ្លួន តែត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានភ្លាមៗ។

ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌ៧មករា ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានស្រាវជ្រាវរកអត្តសញ្ញាណ និងសាច់ញាតិ ដើម្បីប្រគល់ឲ្យចាត់ចែងបន្ត៕