ភ្នំពេញ ៖ មន្ត្រីនគរបាលចរាចរាណ៍ ពាក់ស័ក្តិ៤ មួយរូប ក្រោយពីផឹកស៊ីស្រវឹង ស្រាប់តែរើសដុំថ្ម ១ដុំ គប់រថយន្ត១គ្រឿង នៅចំណុចគោលដៅ “អនន្ត១ ខណ្ឌដូនពេញ” ត្រូវបានគេថតវីដេអូ បង្ហោះ ចែករំលែកពេញបណ្តាញសង្គម បង្កឱ្យមានការរិះគន់យ៉ាងខ្លាំង រហូតត្រូវបានលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជា ឱ្យកោះហៅមកសាកសួរ និងឈានដល់ការផ្អាកការងារជាបណ្តោះអាសន្ន (បញ្ឈរជើង)។

មន្ត្រីនគរបាលចរាចរណ៍នោះ មានឈ្មោះ កុសល្យ សុខហួច ឋានន្តរស័ក្តិវរសេនីយ៍ត្រី នាយផ្នែកបញ្ជាចរា ចរណ៍ទី២ ចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។
យោងតាមប្រភពពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងកាលពីព្រលប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ចោទ ប្រកាន់ថា លោកវរសេនីយ៍ ត្រី កុសល្យ សុខហួច នាយផ្នែកបញ្ជាចរាចរណ៍ទី២ ចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើសកម្មភាពយកដុំថ្ម គប់កញ្ចក់រថយន្ត ១គ្រឿង នៅចំណុចអនន្ត១ ខណ្ឌដូនពេញ ។បន្ទាប់ពីកើតមានករណីខាងលើ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យការិយាល័យបុគ្គលិក ផែនការងារធនធានមនុស្ស ធ្វើការស្រាវជ្រាវ និងកោះហៅលោកវរសេនីយ៍ត្រី កុសល្យ សុខហួច មកសាកសួរ។

បន្ទាប់ពីសាកសួររួច គឺលោកវរសេនីយ៍ត្រី កុសល្យ សុខហួច នៅយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ពិតជាបានធ្វើសកម្មភាពយកដុំថ្មទៅគប់កញ្ចក់រថយន្ត មួយគ្រឿង ម៉ាកឡង់គ្រីសឺរ Toyota Land Criuser ដែលចតនៅចំណុចអនន្ត១ ស្ថិតនៅ ផ្លូវលេខ២១៤ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ ដោយសារស្រវឹងស្រាជោក។ ពិនិត្យអំពីសកម្មភាពខុសឆ្គង ខ្វះក្រមសីលធម៌ វិជ្ជាជីវៈ ដោយប្រព្រឹត្តខុសវិន័យកងកម្លាំងនគរបាលជាតិ ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើរបាយការណ៍ស្នើសុំទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីដាក់បទវិន័យនគរបាលជាតិកម្ពុជា ។

បច្ចុប្បន្ន ត្រូវផ្អាកការងារជាបណ្តោះអាសន្នចំពោះលោកវសេនីយ៍ត្រី កុសល្យ សុខហួច ហើយតម្រូវឱ្យមកបង្ហាញវត្តមាននៅការិយាល័យបុគ្គលិក រង់ចាំការសម្រេចរបស់ថ្នាក់លើ៕