Sunday, February 15, 2026
Homeនយោបាយមេទ័ពកំពូលហ្វីលីពីន មកកម្ពុជា ពិនិត្យសកម្មភាពយោធាថៃ ឈ្លានពាន

មេទ័ពកំពូលហ្វីលីពីន មកកម្ពុជា ពិនិត្យសកម្មភាពយោធាថៃ ឈ្លានពាន

ខេត្តបន្ទាយមានជ័យ ៖ មេទ័ពកំពូលហ្វីពីលីន នាយឧត្ដមសេនីយ៍ រ៉ូមេអូ អេស ប្រៅនើរ ជេអ (ROMEO S BRAWNER JR) បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបានជួបក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យនិងសិក្សាស្វែងយល់ក្នុងការត្រៀមលក្ខណៈទទួលនិងបំពេញតួនាទីជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងឆ្នាំ២០២៦ បន្តពីប្រទេសម៉ាឡេស៊ី នាពេលឆាប់ៗខាងមុខនេះ ។ ជាមួយគ្នានេះ នៅថ្ងៃដដែលនោះ លោកអគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ក៏បានចុះសង្កេតការណ៍អំពីស្ថានភាពព្រំដែននៅក្នុងភូមិសាស្រ្តច្រកបឹងត្រកួន ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន  ពិនិត្យមើលផ្ទាល់នូវសកម្មភាពឈ្លានពានកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ របស់យោធាថៃ ដោយមានការអមដំណើរពីសំណាក់ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។

 លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃសុក្រ ១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ថា នៅថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦  ក្រុមសម្របសម្រួល (CLG) នៃព្រះ រាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទទួលស្វាគមន៍នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន ដែលអញ្ជើញមកទស្សនកិច្ចទីតាំងមួយចំនួន នៅក្នុងខេត្តបន្ទាយមានជ័យ។ នៅវេលាម៉ោង ១០:០០នាទីព្រឹក គណៈប្រតិភូ បានអញ្ជើញទៅទស្សនកិច្ចស្នាក់ការ២ ស្ថិតនៅក្រុងសិរីសោភ័ណ ដោយក្នុងឱកាសនោះ វរសេនីយ៍ឯក MOHD FARID BIN MOHD YUSOP ប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា ក៏បានធ្វើបទបង្ហាញជូនលោកអគ្គមេបញ្ជាការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ ស្តីពីវឌ្ឍនភាពការងាររបស់ខ្លួនផងដែរ។

 អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានជម្រាបជូនផងដែរថា នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជា ណាចក្រកម្ពុជា រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងដំណើរទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន មកកាន់ព្រះរាជាណាចក្រកម្ពុជា នាពេលនេះ គឺដើម្បីចុះមកពិនិត្យនិងសិក្សាស្វែងយល់ក្នុងការត្រៀមលក្ខណៈទទួលនិងបំពេញតួនាទីជាប្រធានក្រុមអ្នក សង្កេតការណ៍អាស៊ាន (AOT) ក្នុងឆ្នាំ២០២៦ បន្តពីប្រទេសម៉ាឡេស៊ី នាពេលឆាប់ៗខាងមុខនេះ។

  ក្រសួងការពារជាតិ ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា តែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដល់យន្តការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងតួនាទីនិងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់និងធានាការអនុវត្តបទឈប់បាញ់ ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។

 នៅរសៀលថ្ងៃដដែល លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរា ជាណាចក្រកម្ពុជា ក៏បានចេញសេចក្តីប្រកាសព័ត៌មាន ជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជ្រាបថា នៅវេលាម៉ោង ១៤:០៥នាទីរសៀល ថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នាយឧត្តម សេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន បានចុះសង្កេតការណ៍អំពីស្ថានភាពព្រំដែន នៅក្នុងភូមិសាស្រ្តច្រកបឹងត្រកួន ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន ដោយមានការអមដំណើរពីសំណាក់ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។

ដំណើរទស្សនកិច្ចនេះ គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់ប្រទេសហ្វីលីពីន ដែលនឹងត្រូវដឹកនាំកិច្ចការងារនេះបន្ត ក្នុងនាមប្រធានអាស៊ានប្តូរវេន និងជាប្រធានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តពីប្រទេសម៉ាឡេស៊ី។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ផងដែរថា ចាប់តាំងពីពេលចូលជាធរមាន នៃបទឈប់បាញ់រួចមក កម្ពុជា តែងតែគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥,  សេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត។

គួររំលឹកថា នៅក្នុងអំឡុងបំពេញទស្សនកិច្ចនៅកម្ពុជា អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន នាយឧត្តមសេនីយ៍ Romeo S. Brawner Jr បានចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា ក្នុងនោះរួមមាន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទកម្ពុជា រដ្ឋមន្រ្តីក្រសួងការពារជាតិ និងនាយករដ្ឋមន្រ្តីកម្ពុជា ។

  នៅក្នុងជំនួបពិភាក្សាជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ Romeo S. Brawner Jr បានថ្លែងអំណរគុណដល់នាយឧត្តម សេនីយ៍ វង្ស ពិសេន ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងផ្ដល់បទបង្ហាញយ៉ាងលម្អិតពាក់ព័ន្ធស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យលោកបានយល់កាន់តែច្បាស់ពីស្ថានភាពពិតជាច្រើន។ លោកបានគូសបញ្ជាក់ថា អ្នកដឹកនាំ (AOT) គឺមានតួនាទីសំខាន់ និងទទួលខុសត្រូវខ្ពស់ ដែលចាំបាច់ត្រូវធ្វើការពិនិត្យកែសម្រួល រចនា សម្ព័ន្ធមួយចំនួន ដើម្បីបង្ហាញដល់ភាគីទាំងពីរ សុំការយល់ស្រប ហើយភាគីហ្វីលីពីន នឹងចាប់ផ្ដើមធ្វើកិច្ចការនេះ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងធានាឲ្យបាននូវភាពអព្យាក្រឹត ។

 ដោយឡែក នៅក្នុងជំនួបសម្ដែងការគួរសមជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នាយឧត្ដមសេនីយ៍ Romeo S. Brawner Jr បានប្រកាសថា ហ្វីលីពីន ក្នុងឋានៈជាប្រធានអាស៊ាន ប្តូរវេន នៅឆ្នាំ២០២៦ នេះ បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបន្តដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយអព្យាក្រឹត្យ សំដៅនាំមកនូវសន្តិភាពនិងស្ថិរភាពយូរអង្វែង សម្រាប់ប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូលផងដែរ ។

  ដោយឡែក នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ មុននឹងបំពេញបេសកកម្មពិនិត្យមើលស្ថានការណ៍ពិត នៅតាមជាយដែន លោកអគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន បានជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំយោធាកម្ពុជា មួយចំនួនទៀត។

  សម្ដេចនាយករដ្ឋមន្ត្រី បានជម្រាបជូនអគ្គមេបញ្ជាការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ ជ្រាបអំពីការវិវត្តថ្មីៗ នៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជា ប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា នាពេលកន្លង មក និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ហើយសម្តេច ជឿជាក់ថា ក្រោមការដឹកនាំរបស់ហ្វីលីពីន ក្រុម AOT នឹងបន្តចូលរួមចំណែកយ៉ាងសកម្មថែមទៀត ក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី។

  នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានបញ្ជាក់ថា ហ្វីលីពីន បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហានេះ និងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយអព្យាក្រឹត្យ សំដៅនាំមកនូវសន្តិភាពនិងស្ថិរភាពយូរអង្វែង សម្រាប់ប្រទេសទាំងពីរ ក៏ដូចជាសម្រាប់តំបន់ទាំងមូល។ នៅឯកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក៏បានបញ្ជាក់ដែរថា ហ្វីលីពីន បានត្រៀមខ្លួនជាស្រេច ក្នុងការសម្របសម្រួល ដើម្បីធ្វើយ៉ាងណាឱ្យសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានគោរពយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ ទាំងនេះ គឺជាសំឡេង ដែលបញ្ជាក់ពីការប្តេ ជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២៦ ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ និងក៏ជាសារដែលបញ្ជាក់ថា អាស៊ាន បន្តយកចិត្តទុកដាក់ខ្ពស់លើការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានរម្លឹកថា ក្នុងអាណត្តិជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២៥ ម៉ាឡេស៊ី បានខិតខំសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ យ៉ាងសកម្ម ដោយសម្រេចបានលទ្ធផលធំៗជាច្រើន ក្នុងនោះមានដូចជា កិច្ចព្រមព្រៀងឈប់បាញ់ ពីរលើក និងសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព មួយលើក ក្រោមការជួយជ្រោមជ្រែងយ៉ាងពេញទំហឹង ពីសហរដ្ឋអាមេរិក និងការចូលរួមយ៉ាងសកម្ម ពីសាធារ ណរដ្ឋប្រជាមានិតចិន។ ម៉ាឡេស៊ី ក៏បានសម្របសម្រួលបញ្ហាជាច្រើនទៀត ដើម្បីកាត់បន្ថយភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ។ ដើមឆ្នាំ២០២៦ នេះ ហ្វីលីពីន ក្នុងនាមប្រធានប្តូរវេនអាស៊ាន បានបង្ហាញពីភាពសកម្ មនិងការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការសម្របសម្រួលដោះស្រាយបញ្ហាកម្ពុជា-ថៃ ជាពិសេសការត្រៀមខ្លួនទទួលតួនាទីជាប្រធាន AOT ដើម្បីធានាឲ្យបាននូវភាពអព្យាក្រឹតក្នុងការបំពេញកិច្ចការងារ។ ទន្ទឹមគ្នានេះ បណ្តាអង្គទូតបរទេស ប្រចាំកម្ពុជា អង្គការអន្តរជាតិ និងសារព័ត៌មានធំៗ ក្នុងពិភពលោក កំពុងផ្តោតការយកចិត្តទុកដាក់ទៅលើសកម្មភាពរំលោភបំពានរបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើដែនអធិបតេយ្យកម្ពុជា ជាពិសេស ការរារាំងពលរដ្ឋភៀសសឹក ជាច្រើនម៉ឺននាក់ មិនឱ្យវិលត្រឡប់ទៅកាន់លំនៅឋានវិញបាន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជូនជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើការងារការទូត យ៉ាងសកម្ម ដើម្បីការពារអធិបតេយ្យនិងបូរណភាពទឹកដី និងការពារសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋខ្មែរ តាម រយៈការតវ៉ាយ៉ាងខ្លាំងក្លានិងជាផ្លូវការ ប្រឆាំងនឹងការរំលោភបំពានរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងទី តាំងដែលខ្លួនបានឈ្លានពានកាន់កាប់ដោយខុសច្បាប់ តាមរយៈការប្រើកម្លាំងយោធា។ ការងារនេះ ត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។

  អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជូនជនរួមជាតិ ជ្រាបជាថ្មីថា កម្ពុជា ប្រកាន់ជំហរដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុ សញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នា នាពេលកន្លងមក។ កម្ពុជា មិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំង ៕

RELATED ARTICLES