Wednesday, February 25, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ចិន៧នាក់ លួចឆ្លងដែនខុសច្បាប់

ចាប់ចិន៧នាក់ លួចឆ្លងដែនខុសច្បាប់

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិចិន ប្រុសស្រី ១ក្រុម បានធ្វើសកម្មភាពបម្រុងលួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញឃាត់ខ្លួនបានចំនួន៧នាក់ (ស្រី១)។

ការបង្ក្រាបករណីលួចឆ្លងដែនខុសច្បាប់នេះ បានធ្វើឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនកើតហេតុ នៅវេលាម៉ោង ១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ មានក្រុមជនជាតិចិន ចំនួន៧នាក់ (ស្រី១) បម្រុងលួចឆ្លងដែនទៅប្រទេសថៃ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសង្កែ (វរៈ៨១៥) ដឹកនាំដោយលោកអនុសេនីយ៍ឯក ឡុក ចិន្តា នាយរង ប៉ុស្តិ៍ បានសហការជាមួយកងកម្លាំងពាក់ព័ន្ធ ឃាត់ខ្លួននៅចំណុចភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ដកហូតបានវត្ថុតាង រួមមាន ទូរស័ព្ទដៃ សរុប១៦គ្រឿង (ម៉ាក iPhone ចំនួន១០គ្រឿង ម៉ាក Huawei ចំនួន២គ្រឿង ម៉ាក Oppo ចំនួន៣គ្រឿង និងម៉ាក Honor ចំនួន១គ្រឿង)។

ជនសង្ស័យទាំង៧នាក់ រួមនិងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញរៀបចំឯកសារ ដើម្បីបន្តនីតិវិធីតាមផ្លូវ ច្បាប់។

ដោយឡែក នៅយប់ថ្ងៃដដែល កម្លាំងសមត្ថកិច្ច បានធ្វើការបង្ក្រាបករណីបារីគេចពន្ធ ចំនួន២៣បាវ ដែលបម្រុងចរាចរឆ្លងដែន តែក្រុមអ្នករត់ពន្ធបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកវត្ថុតាងនៅនឹងកន្លែង។

កងកម្លាំងនគរបាលជាតិ នៅតែបន្តរឹតបន្តឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ និងបង្ការរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ៕

RELATED ARTICLES