ភ្នំពេញ ៖ តារាចម្រៀង Galaxy លោកខេមរៈ សិរីមន្ដ បានចេញមកប្រឆាំងចំពោះអ្នកចោទខ្លួនថា ច្រៀងបទសៀម នៅពេលដែលលោកច្រៀងបទ «អន្ទងស្នេហ៍» នៅក្លឹប Tick Tock កាលពីពេលថ្មីៗនេះ ។ លោកសិរីមន្ត បានអះអាងថា បទ «មាននឹកបងទេ?» របស់លោក កង ផាណូ ផលិតឆ្នាំ១៩៧៤ ថតនៅវិទ្យុជាតិ ហើយលោកយកមកច្រៀងជាបទ «អន្ទងស្នេហ៍» នោះ លោកមិនជឿថជារបស់សៀម ឡើយ និងថាបទនេះ ជាបទរបស់ដូនតាខ្មែរសុទ្ធសាធ និងសូមកុំឲ្យបងប្អូនខ្មែរ មានការយល់ច្រឡំ។ លោកថា សៀម ចម្លងពីខ្មែរ ច្រើនណាស់ ដូចជាវប្បធម៌ សម្លៀកបំពាក់ ចម្លាក់បុរាណ ជាពិសេសអធិបតេយ្យខ្មែរតែម្ដង ។

គួរបញ្ជាក់ថា ខេមរៈ សិរីមន្ដ ក្រៅពីត្រូវគេចោទថា ច្រៀងបទសៀម នោះ កាលពីពេលថ្មីៗនេះដែរ លោកក៏ស្ពឹកមុខមិនតិចទេ ព្រោះតែសកម្មជនបក្សប្រឆាំង លោក ផន ផាន់ណា ដែលកំពុងរស់នៅអាមេរិក បានរិះគន់ការច្រៀងសម្ដែងរបស់លោក នៅឆាកតន្រ្ដី ដែលអង្គុយគងអន្ទាក់ខ្លា លើកៅអី ហើយឡើងពីកៅអី យកក្រណាត់ធំ ស្រដៀងភួយ មករាំលើឆាក។ ប៉ុន្ដែភ្លាមៗនោះ លោកបានចេញមុខផ្ញើសារទៅលោកផាន់ណា ថាសិល្បៈ មិនអាចយកអ្វីមកបង្ហាញដដែលៗបានទេ គឺត្រូវតែប្លែក និងថាការដែលគេរិះគន់ស្ទីលរបស់លោក ព្រោះតែមិនយល់ឬមិនមែនជាអ្នកជំនាញធ្វើការពាក់ព័ន្ធពីវិស័យសិល្បៈ ជាក់ស្ដែងគ្រាន់តែក្បាច់ចម្លាក់កៅអីលោកអង្គុយនោះ មានបង្កប់រចនាបទសិល្បៈបុរាណ លាយសម័យ ដែលមានអត្ថន័យជាច្រើន ដែលលោកផាន់ណា មិនបានដឹង…។

ចំណែកភរិយាលោកសិរីមន្ដ លោកស្រី គួយ ផល្លី បង្ហាញការគាំទ្រស្វាមី ដោយឡើងទៅឱបថើបប្ដី នៅលើឆាក Pub នៅពេលដែលលោកច្រៀងបទ «អន្ទងស្នេហ៍» ដែលលោកស្រីអះអាងថា ចម្រៀងមួយបទនេះហើយ ធ្វើឲ្យលោកស្រីស្រលាញ់លោកខេមរៈ សិរីមន្ដ ជាលើកដំបូង ។ ការតាមស្វាមីច្រៀងដល់ឆាក និងឡើងឱបថើបប្ដី ពេលកំពុងច្រៀងសម្ដែងនោះ ធ្វើឲ្យក្រមុំៗដែលចង់ទៅឱបថើបលោកថៃ បានខកចិត្ត និងដកថយវិញ ព្រោះពេលនេះ សិរីមន្ដ យកអង្គរក្សមកតាមការពារដល់កន្លែងច្រៀងតែម្ដង ។


គួរបញ្ជាក់ថា ខេមរៈ សិរីមន្ដ បានសាងស្នេហាជាមួយភរិយា លោកស្រី គួយ ផល្លី ២២ឆ្នាំ(២០០៤-២០២៦) មកហើយ និងពេលនេះ មានកូន ៣នាក់ (ស្រី២ ប្រុស១) ។ សិរីមន្ដ ធ្លាប់អះអាងថា លោកបានរៀបការជាមួយប្រពន្ធ ដោយមិនបើកចំហ តាំងពីឆ្នាំ២០០៩ ហើយជាញឹកញាប់ លោកនិងភរិយា តែងតែចេញមកសរសើរគ្នាទៅវិញទៅមកផងដែរ ។ មិនខុសពីលោកស្រី ឡុង ស្រីមុំ ភរិយាឧកញ៉ា ព្រាប សុវត្ថិ, អ្នកនាងស្រីកា ភរិយាលោកខេម និងប្រពន្ធលោកស្រី សែ ចាន់ឌី ប្រពន្ធលោកឆាយ វីរៈយុទ្ធ នោះទេ ដែលលោកស្រី គួយ ផល្លី បានដើរតួនាទីជាជំនួយការដល់ប្ដី តាមរយៈការរៀបចំសម្លៀកបំពាក់ និងគ្រឿងអលង្ការ ឲ្យសិរីមន្ដ ពេលឡើងឆាក ហើយថែមទាំងធ្លាប់ដឹកនាំសម្ដែង MV បទរបស់លោកសិរីមន្ត អំឡុងលោកច្រៀងនៅហង្សមាស ទៀតផង ។ ប៉ុន្ដែទាំងលោកខេមរៈ សិរីមន្ដ និងប្រពន្ធ មិនដែលចេញមកប្រកាសថា ពេលណាទើបពួកគេហ៊ានដឹកដៃគ្នារៀបការជាសាធារណៈ ដូចតារារួមអាជីពឡើយ ។


មជ្ឈដ្ឋានមហាជន កត់សម្គាល់ឃើញថា ការដែលលោកខេមរៈ សិរីមន្ដ ឈរជើងនៅក្នុងអាជីពចម្រៀង ជាង២ទសវត្សមកនេះ ដោយសាតែលោកមានអាវយ័ន្តពិសេស នោះគឺបងប្រុសលោក ខេមរៈ ភារុណ ជាអ្នកជ្រោមជ្រែងក្នុងការធ្វើបទចម្រៀងឲ្យច្រៀង ដែលចង់ច្រៀងបទបែបណា ចេញបទអ្វីក៏បាន។ ប៉ុន្ដែការដែលលោកខែម ប៊ុនថៃ ប៉ះលោកព្រាប សុវត្ថិ ជាលើកទី២ នៅ Galaxy នោះ លោកនៅតែមិនអាចវ៉ាលោកសុវត្ថិ បានដដែល គិតត្រឹមឆ្នាំ២០២៦ ។ ប៉ុន្តែអ្វីដែល Fan ជឿជាក់លោកថៃ ថាលោកមិនច្រៀងបទសៀម ដូចគេចោទនោះ ព្រោះអំឡុងផ្ទុះសង្រ្គាមថៃឈ្លានពានព្រំដែនកម្ពុជា លើកទី១ កាលពីខែកក្កដា ឆ្នាំ២០២៥ នោះលោកសិរីមន្ដ អះអាងថា បានលុបចោលបទ «Sad Man» ដែលច្រៀងជាមួយតារាថៃ ទិក ឈីរ៉ូ ពីបណ្ដាញសង្គម ចោលអស់ទៅហើយ ៕



