ខេត្តព្រះសីហនុ ៖ បុរសជនជាតិចិន ម្នាក់ វក់នឹងល្បែងខ្លាំងពេក រហូតដល់ចាញ់អស់ពីខ្លួន គិតខ្លី សម្រេចចិត្តទាញកាំបិតចាក់កខ្លួនឯង បណ្តាលឱ្យរងរបួស ហូរឈាមជោកខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថ កិច្ច ចុះអន្តរាគមន៍ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅទីតាំងផ្សារទំនើប «មីងហួយ ស័ងស៊ី សបភីង ផ្លាហ្សា» ស្ថិតនៅក្បែររង្វង់មូលតោពីរ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មានបុរសជាជនជាតិចិន ម្នាក់ បានយកកាំបិតចុងស្រួច ចាក់កខ្លួនឯង នៅចំណុចបនល្បែងដែលបង្កប់ក្នុងផ្សារទំនើប មីងហួយ ស័ងស៊ី សបភីង ផ្លាហ្សា ធ្វើឱ្យកើតមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ភ្លាមៗ។
ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋ សមត្ថកិច្ចបានចុះមកអន្តរាគមន៍ភ្លាមៗ ប៉ុន្តែពុំទាន់បញ្ជាក់ពីបញ្ហាអ្វីនោះទេ ដោយជួយសង្គ្រោះជីវិតមនុស្ស ជាបឋមសិន ។
ជុំវិញករណីខាងលើនេះ ពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុ ងឿងឆ្ងល់ថា មិនដឹងថា ផ្សារទំនើបនោះ មានច្បាប់អាជីវកម្មត្រឹមត្រូវដែរឬទេ ដែលមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ដូច្នេះ?

តាមការសន្និដ្ឋានរបស់មហាជន មើលទៅជនជាតិចិន រូបនោះ ទំនងជាញៀនល្បែង រហូតចាញ់អស់ពីលុយខ្លួន ទើបលែងចង់រស់ ក៏ចាក់កខ្លួនឯង ប៉ងសម្លាប់ខ្លួនតែម្តង៕