Thursday, February 26, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអង្គការ៤២៦ អំពាវនាវដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី តាមផ្លូវច្បាប់

អង្គការ៤២៦ អំពាវនាវដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី តាមផ្លូវច្បាប់

ភ្នំពេញ ៖ អង្គការសង្គមស៊ីវិល ចំនួន៤២៦ បានចេញសេចក្តីថ្លែងការណ៍រួម អំពាវនាវឱ្យមានដំណោះស្រាយតាមផ្លូវច្បាប់និងសន្តិវិធី នៃជម្លោះព្រំដែនកម្ពុជា-ថៃ ស្របពេលដែលភាគីថៃ កំពុងបន្តការឈ្លានពានកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ ក្រោយពេលមានបទឈប់បាញ់។

សេចក្តីថ្លែងការណ៍រួម របស់អង្គការសង្គមស៊ីវិល ចំនួន៤២៦ ដែលរួមមានដូចជា សមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ (API) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) 5. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) 6. អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (CPDD) សហព័ន្ធសហជីពឯករាជ្យ (INTUFE) អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOF) និងអង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) ជាដើម ចុះថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ត ស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ អំពាវនាវឲ្យមានដំណោះស្រាយតាមផ្លូវច្បាប់ និងសន្តិវិធី នៃជម្លោះព្រំដែនកម្ពុជា-ថៃ នោះ មានខ្លឹមសារទាំងស្រុងថា «យើងសូមសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពដែលបានធ្វើឡើងដោយប្រទេសថៃ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលវាមិនស៊ីសង្វាក់គ្នានឹងយុទ្ធនាការដែលបានប្រកាសជាសាធារណៈរបស់ខ្លួនថា ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកឆ្លងដែន ដែលធ្វើឡើងដោយរដ្ឋាភិបាលថៃ។ ការសង្កេតនៅនឹងកន្លែងជាក់ស្តែង បានបង្ហាញថា សកម្មភាពរបស់ប្រទេសថៃ មិនត្រូវគ្នានឹងសេចក្តីប្រកាសនោះឡើយ ដែលវាបានកំពុងបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងនឹងអធិប តេយ្យ ការការពារជនស៊ីវិល និងការអនុលោមតាមកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិនិងទ្វេភាគី។

បន្ថែមលើរបាយការណ៍លើតំបន់គ្រប់គ្រងខុសច្បាប់ ចំនួន ១៤កន្លែង របស់ទាហានថៃ អង្គការ សង្គមស៊ីវិល បានធ្វើការសង្កេតដោយផ្ទាល់ តំបន់មួយចំនួននៃទឹកដីកម្ពុជា រួមទាំងអូរស្មាច់ និងប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ ក៏ដូចជា ថ្មដា ក្នុងខេត្តពោធិ៍សាត់ បានបញ្ជាក់ពីការគ្រប់គ្រងនិងការកាន់កាប់របស់ថៃ នៅក្នុងតំបន់ទាំងនោះ។ នៅទូទាំងខេត្តទាំងនេះ យើងបានសង្កេតឃើញពីផលវិបាកនៃសកម្មភាពឈ្លានពាន និងការអនុវត្តដោយឯកតោភាគី ដែលត្រូវបានរាយការណ៍ដែលជាសកម្មភាពដែលមិនស្របគ្នានឹងច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគីដែលបានធ្វើឡើង និងការប្តេជ្ញាចិត្តឈប់បាញ់ ដែលបានបញ្ជាក់ជាថ្មី កាលពីខែធ្នូ ឆ្នាំ២០២៥។ សកម្មភាពទាំងនេះ រួមមានដូចជា ការរាយបន្លាលូស កុងតឺន័រ កប៉ាល់ដើម្បីបង្កើតព្រំដែនថ្មី ការបំ ផ្លាញនិងការឈូសឆាយរំលាយផ្ទះសម្បែងរបស់ជនស៊ីវិល ការសាងសង់រូបសំណាកសាសនា និងហេដ្ឋារច នាសម្ព័ន្ធថ្មី ដូចជាស្ថាននិងផ្លូវថ្នល់ ការដាក់ពង្រាយកងទ័ព ការសាងសង់លេណដ្ឋាន ការដាក់អាវុធធុនធ្ងន់ និងចលនាយោធាដែលកំពុងបន្ត រួមទាំងការចល័តទាហាន រថក្រោះ។ ក្រៅពីសេចក្តីរាយការណ៍នៃការលួចប្លន់ទ្រព្យសម្បត្តិក្នុងពេលមានការវាយប្រយុទ្ធ (looting) តាមរយៈការសម្ភាសន៍របស់យើង ទ្រព្យសម្បត្តិឯកជនរបស់ជនស៊ីវិល ត្រូវបានបាត់បង់ និងលួចប្លន់យក។ យើងបានសង្កេតឃើញផ្ទះសម្បែងរបស់ជនស៊ីវិល រាប់ពាន់ខ្នង សាលារៀន និងវត្តអារាមសាសនាជាច្រើន ត្រូវបានបាញ់ និងបំផ្លាញដោយរ៉ុក្កែតធុនធ្ងន់ និងកាំភ្លើងធំ ចូលជ្រៅនៅក្នុងទឹកដីកម្ពុជា ដែលខ្លះមានចម្ងាយរហូតដល់ ៣៦គីឡូម៉ែត្រ ពីព្រំដែនជម្លោះ។ ឧទាហរណ៍ សា លាបឋមសិក្សាគោក ប្រាសាទ ក្នុងសង្កាត់កូនគ្រាល ក្រុងសំរោង ចម្ងាយ ១៤គីឡូម៉ែត្រ ពីព្រំដែន ត្រូវបានវាយប្រហារដោយគ្រាប់កាំភ្លើងធំ១៥៥ ចំនួន ៦គ្រាប់ និងគ្រាប់ Boom MK ៨២ មួយគ្រាប់ បានបាញ់ចូលទៅក្នុងដីឡូត៍របស់ជនស៊ីវិលម្នាក់ នៅក្នុងទីរួមខេត្តឧត្តរមានជ័យ ដែលមានទីតាំងនៅជិតរង្វង់មូលព្រះលោកេស្វរៈ ចម្ងាយ ៣៨គីឡូម៉ែត្រ ពីព្រំដែន បានបំផ្លាញរថយន្តដឹកប្រេង មួយគ្រឿង និងទ្រព្យសម្បត្តិឯកជនផ្សេងមួយ ចំនួនទៀត។

សកម្មភាពបែបនេះ រំលោភលើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ ពិសេសមាត្រា ២/(៤) ដែលហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជ្យភាពន យោបាយរបស់រដ្ឋណាមួយ និងមាត្រា ៣៣ ដែលតម្រូវឱ្យរដ្ឋ ដោះស្រាយជម្លោះដោយសន្តិវិធី។ ពួកគេក៏រំ លោភលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលបានបញ្ជាក់ជាថ្មីនូវការគោរពអធិបតេយ្យ បូ រណភាពទឹកដី និងការដោះស្រាយជម្លោះដោយសន្តិវិធី របស់កម្ពុជា។ លើសពីនេះ វិធានការឯកតោភាគីទាំង នេះ មិនស៊ីសង្វាក់គ្នានឹងអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោក រវាងកម្ពុជា និងថៃ ដែលផ្តល់នូវក្របខ័ណ្ឌដែលបានព្រមព្រៀងគ្នា សម្រាប់ដោះស្រាយបញ្ហាព្រំដែន តាមរយៈការសន្ទនានិងកិច្ចសហប្រតិបត្តិការបច្ចេកទេស ជាជាងការប្រើកម្លាំង។

យោងតាមធម្មនុញ្ញអាស៊ាន (ឆ្នាំ២០០៧) រដ្ឋជាសមាជិក ត្រូវតែគោរពអធិបតេយ្យនិង បូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក (មាត្រា ២(២) (ក)) ហើយហាមប្រាមនូវការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង (មាត្រា ២(២) (ឃ))។ ធម្មនុញ្ញនេះ ក៏តម្រូវនិងណែនាំថែមទៀតថា ជម្លោះទាំងអស់ ត្រូវដោះស្រាយដោយមធ្យោបាយសន្តិវិធី តាមរយៈការសន្ទនានិងការចរចា (មាត្រា ២(២) (គ) និងមាត្រា ២៣)។ ដូច្នេះការឈ្លានពានដោយយោធា ឬ សកម្មភាពហិង្សាណាមួយតាមបណ្តោយព្រំដែនថៃ-កម្ពុជា វារំលោភលើគោលការណ៍ជាមូលដ្ឋានរបស់អាស៊ាន និងធ្វើឱ្យប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ ដូចដែលបានចែងក្នុងមាត្រា ១(១)។

យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការខូចខាតដែលបង្កឡើងលើប្រាសាទព្រះវិហារ ដែលជាតំបន់បេតិ កភណ្ឌពិភពលោក របស់អង្គការ UNESCO ដែលត្រូវបានគេរាយការណ៍ថាបានរងការបំផ្លិចបំផ្លាញយ៉ាងដំណំ ពីការវាយប្រហារតាមអាកាស ដោយ F-16 និងការបាញ់រ៉ុក្កែត។ បន្ថែមពីលើតំបន់បុរាណ និងមានសារៈសំ ខាន់ខាងវប្បធម៌នេះ វត្តអារាម មន្ទីរពេទ្យ និងសាលារៀន នៅក្នុងទឹកដីកម្ពុជា ក៏ត្រូវបានខូចខាតផងដែរ។ ការវាយប្រហារប្រឆាំងនឹងបេតិកភណ្ឌវប្បធម៌ មណ្ឌលសុខភាព និងស្ថាប័នអប់រំ រំលោភលើច្បាប់មនុស្សធម៌អន្តរ ជាតិ រួមទាំងគោលការណ៍នៃការបែងចែកនិងការការពារវត្ថុស៊ីវិល និងធ្វើឱ្យប៉ះពាល់ដល់ការទទួលខុសត្រូវរួមគ្នាក្នុងតំបន់និងសកលលោក ក្នុងការការពារបេតិកភណ្ឌវប្បធម៌។ យោងតាមក្រសួងការបរទេស និងក្រសួង មហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ បច្ចុប្បន្នកំពុង គ្រប់គ្រងតំបន់ចំនួន ១៤ នៅទូទាំងខេត្ត ចំនួនបួន របស់កម្ពុជា ដោយរារាំងជនស៊ីវិល ជាង ១៧០ ០០០នាក់ មិនអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ។ ការរឹតបន្តឹងទាំងនេះ គឺស្មើនឹងការផ្លាស់ទីលំនៅរយៈពេលយូរ និងបង្កើនក្តីបារម្ភយ៉ាងខ្លាំង ក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ជាពិសេសសិទ្ធិសេរីភាពក្នុងការធ្វើចលនា លំនៅឋានគ្រប់ គ្រាន់ និងដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។

យើងសូមសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងឈប់បាញ់ ខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ ត្រូវបានសម្រេច ដើម្បីបញ្ឈប់អរិភាព ការពារគ្រោះថ្នាក់ដល់ជនស៊ីវិលបន្ថែមទៀត និងបង្កើតកន្លែងសម្រាប់ការសន្ទនា និងការបន្ថយភាពតានតឹង។ ការបន្តកសាងយោធាណាមួយ ការសាងសង់ដោយឯកតោភាគី ឬការគ្រប់គ្រងទឹកដី ធ្វើឱ្យខូចដល់បទឈប់បាញ់ទាំងនេះដោយផ្ទាល់ និងប្រឈមនឹងជម្លោះឡើងវិញ ដែលធ្វើឱ្យកាន់តែធ្ងន់ធ្ងរ បង្កើតជាភាពលំបាកផ្នែកមនុស្សធម៌។

បញ្ហានៃប្រតិបត្តិការឆបោកតាមអ៊ីនធឺរណិត គឺជាបញ្ហាធ្ងន់ធ្ងរនិងបន្ទាន់ ដែលទាមទារឲ្យមាន សកម្មភាពរហ័ស សហការ និងមានគោលការណ៍ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាព តែប្រតិបត្តិការកន្លងមកនេះ មានការរំលោភសិទ្ធិមនុស្សជាច្រើន។ ប្រទេសកម្ពុជា និងប្រទេសថៃ គួរតែចាត់វិធានដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ ប្រកបដោយអត្ថន័យ និងចៀសវាងផលវិបាកធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស ហើយមិនត្រូវប្រើប្រាស់ជាលេសដើម្បីធ្វើប្រតិបត្តិការយោធា ទ្វេ និងពហុភាគីកន្លងមកនោះឡើយ ដែលធ្វើឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងឈប់បាញ់។

ក្នុងចំណោមចំណុចខាងលើ យើងសូមអំពាវនាវជាបន្ទាន់ដល់ប្រទេសថៃ និងកម្ពុជា ឱ្យគោរព ច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគី និងការប្តេជ្ញាចិត្តឈប់បាញ់ និងដោះស្រាយជម្លោះទាំងអស់ដែលទាក់ទងនឹងព្រំដែនទាំងស្រុង តាមរយៈមធ្យោបាយសន្តិភាព និងស្របច្បាប់ រួមទាំងការចរចា ការសម្របសម្រួល និងក្នុងករណីចាំបាច់ ដោះស្រាយតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ យើងសូមអំពាវនាវបន្ថែមទៀត ឱ្យបញ្ឈប់ជា បន្ទាន់ នូវសកម្មភាពឯកតោភាគី ការការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល និងការសម្រប សម្រួ លការវិលត្រឡប់ដោយសុវត្ថិភាព ស្ម័គ្រចិត្ត និងដោយថ្លៃថ្នូរ នៃជនភៀសខ្លួន។

សន្តិភាពប្រកបដោយចីរភាព ស្ថិរភាពសង្គម និងការស្តារសេដ្ឋកិច្ចឡើងវិញ មិនអាចសម្រេចបាន តាមរយៈកម្លាំង ឬសកម្មភាពឯកតោភាគីនោះទេ។ វិបុលភាព អាចសម្រេចបានតែតាមរយៈសុខដុមនីយកម្ម ការយកចិត្តទុកដាក់ចំពោះគ្នា និងទំនាក់ទំនងប្រកបដោយចីរភាពរវាងប្រជាជនទាំងពីរ ហើយវាជាកាតព្វកិច្ចរបស់មេដឹកនាំបច្ចុប្បន្ន ក្នុងការធ្វើឱ្យកូនចៅជំនាន់ក្រោយ មានវាសនាល្អ នាអនាគត។ កម្មវត្ថុទាំងនេះ អាចត្រូវបានធានាបាន តែតាមរយៈការគោរពអធិបតេយ្យ ការប្រកាន់ខ្ជាប់នូវនីតិរដ្ឋ ការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តពិតប្រាកដចំ ពោះការរួមរស់ដោយសន្តិភាព។ ដូច្នេះយើងសូមអំពាវនាវដល់រដ្ឋទាំងពីរ ជ្រើសរើសការសន្ទនា និងច្បាប់ ជាជាងការប្រឈមមុខដាក់គ្នា ដើម្បីផលប្រយោជន៍របស់ប្រជាជន និងស្ថិរភាពនៃតំបន់ ដោយមានការគាំទ្រពីដៃគូក្នុងតំបន់ និងអន្តរជាតិ»៕ ខៀវទុំ

RELATED ARTICLES