ភ្នំពេញ ៖ ឃ្លាំងស្តុកអេតចាយ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ទាំងកណ្តាលយប់ បណ្តាលឱ្យខូចខាតស្ទើរទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច បញ្ចេញរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្ទះលេខ៧៨២ ផ្លូវលំ ក្រុម៦ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានឮសំឡេងផ្ទុះយ៉ាងខ្លាំង រួចបង្កទៅជាអណ្តាតភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅ នាំគ្នាទាញទុយោទឹក និងបំពង់ពន្លត់អគ្គិភ័យ បាញ់ទប់ ស្កាត់ជាបណ្តោះអាសន្ន រួចនាំគ្នាប្រញាប់រត់ទៅប្រមូលសម្ភារៈដែលមានតម្លៃចេញ ហើយទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន សុំរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍ជាបន្ទាន់។ ភ្លាមនោះ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកម្លាំងជំនាញបង្ការពន្លត់ អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សុំរថយន្តពន្លត់អគ្គិ ភ័យ មកអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុង ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា លោកបានដឹកនាំបញ្ជាផ្ទាល់ ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ចេញអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។ នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន២២គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន១៨គ្រឿង ប្រើប្រាស់ទឹកអស់ ៥៤ឡាន ស្មើនឹង ៣២៤ម៉ែត្រគូប រថយន្តជំនួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ ៦ឡាន ស្មើនឹង ២៤ម៉ែត្រគូប និងរថ យន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ១២ម៉ែត្រគូប។

ចំពោះសំណង់រងគ្រោះ ជាប្រភេទស័ង្កសី ទំហំ ១៥ម៉ែត្រ គុណនឹង ៣៨ម៉ែត្រ ឆេះខូចខាត រួមមាន ពូក គ្រែ ទូទឹកកក ឡានកូរ៉េ ១គ្រឿង ម៉ូតូសណ្តោងរ៉ឺម៉កអេតចាយ ចំនួន២គ្រឿង កង់ចំនួន១គ្រឿង និងសម្ភារៈអេតចាយអស់ទាំងស្រុង តែពុំបណ្តាលឱ្យឆេះរាលដាលដល់ទីតាំងក្បែរខាងឡើយ។ ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃដដែល។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ។ យ៉ាងណា ករណីខាងលើនេះ មិនបានបណ្តាលឱ្យមានអ្នកណាម្នាក់រងរបួសឡើយ៕