
ភ្នំពេញ ៖ អតីតថ្នាក់ដឹកនាំ និងអតីតសមាជិកសភា នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលជាអតីតសហការីលោក កឹម សុខា អតីតមេបក្សប្រឆាំង បានលើកឡើងថា កម្ពុជា នឹងមានផលចំណេញធំ៣ ប្រសិនបើមានការដោះលែងលោក កឹម សុខា និងសកម្មជននយោបាយ សកម្មជនសង្គមស៊ីវិលផ្សេងទៀត ។
លោក សុន ឆ័យ អតីតតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បច្ចុប្បន្នជាអនុប្រធានគណបក្សឆន្ទៈខ្មែរ ដែលធ្លាប់ជាសហការីលោក សម រង្ស៊ី និងលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានលើកឡើងថា ប្រទេសកម្ពុជា នឹងមានផលចំណេញធំ៣ ប្រសិនបើមានការដោះលែងលោក កឹម សុខា និងលោក ថាច់ សេដ្ឋា រួមទាំងសកម្មជននយោបាយ និងសកម្មជនសង្គមស៊ីវិលផ្សេងទៀត ដែលក្នុងនោះ ផលចំណេញធំ ទាំង៣ រួមមាន ការបន្ធូរបន្ថយសម្ពាធអន្តរជាតិ ការលើកកម្ពស់មុខមាត់លើឆាកអន្តរជាតិ និងការបង្រួបបង្រួមជាតិ ។
លោក សុន ឆ័យ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ថា “ផលចំណេញពីការដោះលែងលោក កឹម សុខា លោក ថាច់ សេដ្ឋា រួមទាំងសកម្មជននយោបាយ សកម្មជនបរិស្ថាន និងមេសហជីព កម្មករ ឲ្យមានសេរីភាព។ ផលចំណេញ (Advantages):
១-ការបន្ធូរបន្ថយសម្ពាធអន្តរជាតិ ៖ អាចជា “សន្លឹកបៀ” ដ៏សំខាន់ក្នុងការចរចាជាមួយបណ្តាប្រទេសលោកខាងលិច (អាមេរិក និងអឺរ៉ុប) ដើម្បីស្តារភាពល្អប្រសើរនៃទំនាក់ទំនងការទូត និងទទួលបានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច។
២-ការលើកកម្ពស់មុខមាត់លើឆាកអន្តរជាតិ ៖ វាបង្ហាញពីភាពធូរស្រាលនៃស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ នៅកម្ពុជា ដែលអាចជួយឱ្យរដ្ឋាភិបាលថ្មី ទទួលបានភាពស្របច្បាប់ កាន់តែខ្លាំង ពីសហគមន៍អន្តរជាតិ។
៣- ការបង្រួបបង្រួមជាតិ ៖ វាអាចត្រូវបានប្រើជាសារនៃការផ្សះផ្សាជាតិ ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកនយោបាយក្នុងស្រុក និងទាក់ទាញមនោសញ្ចេតនាពីអ្នកបោះឆ្នោត“ ។

ស្របនឹងការលើកឡើងរបស់លោក សុន ឆ័យ ដូចខាងលើនេះ លោក សួន សូរីដា អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាអតីតសហការីលោក កឹម សុខា ហើយបច្ចុប្បន្នជាប្រធានក្រុមការងាររាជធានីភ្នំពេញ នៃគណបក្សប្រជាធិបតេយ្យជឿនលឿន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ការដោះលែងលោកកឹម សុខា និងអ្នកទោសនយោបាយដទៃទៀត ពិតជាផ្តល់ឱ្យកម្ពុជា នូវផលចំណេញ៣ ។ ពោលគឺបើសិនរាជរដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត ឱ្យមានសេរីភាពឡើងវិញ កម្ពុជា នឹងរួចពីសម្ពាធ ហើយសហគមន៍អន្តរជាតិ នឹងបន្តកិច្ចសហប្រតិបត្តិការស្មើមុខមាត់ឡើងវិញមិនខាន។ មិនតែប៉ុណ្ណោះ កម្ពុជា ក៏ទទួលបានការផ្សះផ្សាជាតិ ឯកភាពជាតិឡើងវិញផងដែរ ដែលជារបស់ដ៏មានតម្លៃណាស់ ក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលកម្ពុជា កំពុងរងការឈ្លានពានពីបរទេសជិតខាង ។
លោក សួន សូរីដា បានមានប្រសាសន៍ថា “ពិតជាត្រឹមត្រូវ ការដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត ពិតជាផ្តល់ឱ្យកម្ពុជា ចំណេញ៣ ដូចអ្វីដែលបានលើកឡើង។ យើងដឹងហើយថា ក្រោយលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវចោទនិងចាប់ឃុំ ដាក់គុកមក សហគមន៍អន្តរជាតិជាច្រើន ជាពិសេស សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ប្រទេសដទៃទៀត បានស្នើទទូចឱ្យមានការដោះលែងលោក កឹម សុខា ហើយក្រោយមក ដោយសាររដ្ឋាភិបាលកម្ពុជា មិនធ្វើតាមការស្នើរបស់ពួកគេ សម្ពាធបានធ្លាក់មកលើកម្ពុជា ដោយសហរដ្ឋអាមេរិក ព្យួរ GSP សហភាពអឺរ៉ុប បានដក ២០% នៃ EBA។ មិនត្រឹមប៉ុណ្ណោះ ប្រទេសទាំងនោះ បានទម្លាក់ការទូតជាមួយកម្ពុជា ក្នុងកម្រិតតទាប (Low profile) អាប់ឱនកិត្តិយសលើឆាកអន្តរជាតិ ដែលយើងអាចឃើញតាមរយៈប្រមុខដឹកនាំប្រទេស ពេលអញ្ជើញចូលរួមប្រជុំនៅក្រៅប្រទេសម្តងៗ គេមិនសូវចាប់ដៃនិយាយរក។ ដួច្នេះបើសិនរដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត ឱ្យមានសេរីភាពឡើងវិញវិញ កម្ពុជា ពិតណាស់ នឹងរួចពីសម្ពាធ ហើយសហគមន៍អន្តរជាតិ នឹងបន្តកិច្ចសហប្រតិបត្តិការស្មើមុខមាត់ឡើងវិញមិនខាន។ មិនតែប៉ុណ្ណោះ កម្ពុជា ក៏ទទួលបានការផ្សះផ្សាជាតិ ឯកភាពជាតិឡើងវិញផងដែរ ជារបស់ដ៏មានតម្លៃណាស់ ក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលកម្ពុជា កំពុងរងការឈ្លានពានពីបរទេសជិតខាង សូម្បីលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏យល់ថា មានតម្លៃដែរ ពីព្រោះរាល់វេទិការម្តងៗ គាត់តែងតែអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ទាំងអស់ បង្កើនសាមគ្គីជាតិផងដែរ“ ។

ដូចគ្នានេះដែរ អតីតប្រធានយុវជន នៃអតីតគណបក្សសង្រ្គោះជាតិ លោក ហ៊ីង សុខសាន្ត ដែលជាអតីតសហការីលោក កឹម សុខា មួយរូបទៀត ដែលកំពុងរស់នៅសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ការដោះលែងលោក កឹម សុខា គឺបានផលប្រយោជន៍ច្រើនមែនទែន ហើយបើយើងយកផលប្រយោជន៍ មកបែងចែកទៅ ឃើញ ៣ធំៗមែន ។ ក្នុងនោះ ចំណុចទី៣ ជារឿងមួយចាំបាច់បំផុតក្នុងកាលៈទេសៈនេះ ដែលត្រូវតែដោះលែងលោក កឹម សុខា ដោយឥតលក្ខខណ្ឌ ដើម្បីបង្ហាញថា ជាការសាមគ្គីមួយ ហើយការសាមគ្គីភាពនេះ គឺជាអាវុធដ៏រឹងមាំមួយ ដើម្បីទប់ទល់នឹងបរទេសឈ្លានពាន ។
លោក ហ៊ីង សុខសាន្ត បានមានប្រសាសន៍ថា “តាមពិតទៅ ការបន្តឃុំខ្លួនលោក កឹម សុខា ដដែលៗហ្នឹង យើងទទួលស្គាល់ហើយថា វាអាក្រក់ជាទីបំផុត ការយកមេដឹកនាំបក្សប្រឆាំងមួយ យកទៅបន្តឃុំខ្លួន រាប់សិបឆ្នាំអ៊ីចឹង ទី១ តាំងពីគ្រប់នីតិវិធីទាំងអស់ គឺខុសទាំងអស់ គឺទាំងការចាប់ហ្នឹង រំលោភច្បាប់អន្តរជាតិ ច្បាប់ជាតិ រំលោភរដ្ឋធម្មនុញ្ញ អីហូរហែ ។ និយាយរួម គ្រប់នីតិវិធី គឺផ្ទុយនឹងច្បាប់ទាំងអស់ ហើយបន្តមកឃុំគាត់រហូត ដោយគ្មានការដោះស្រាយ ជិត១០ឆ្នាំហើយ លើកពេលរហូតអ៊ីចឹង អាហ្នឹងវាខុសហើយ ។ អ៊ីចឹងការបន្តឃុំគាត់ហ្នឹង វាអត់មានបានចំណេញអីសោះ សម្រាប់ជាតិនិងប្រជាពលរដ្ឋ ការបន្តឃុំគាត់ហ្នឹង ហើយ មិនត្រឹមអ៊ីចឹងទេ បើដោះលែងគាត់ យើងទទួលបានផលចំណេញ ហើយផលចំណេញដែលទទួលបានពីការដោះលែងគាត់ហ្នឹង វាអត់មានអីថ្មីទេ យើងដឹងទាំងអស់គ្នាហើយ សហគមន៍អន្តរជាតិ តែងតែនិយាយដដែលៗថា ការដោះលែងលោក កឹម សុខា នឹងទទួលបានផលប្រយោជន៍នេះ ផលប្រយោជន៍នោះ ហើយយើងបាត់ផលប្រយោជន៍កន្លងមកហ្នឹង គឺអន្តរជាតិ បានកាត់ EBA កាត់នេះ កាត់នោះ សុទ្ធតែចេញមកពីទាំងអស់ហ្នឹង ។ អ៊ីចឹងយើងដឹងទាំងអស់ វាអត់មានអីថ្មី ។ ដូច្នេះខ្ញុំគិតថា រដ្ឋាភិបាល គួរតែភ្ញាក់ខ្លួន ហើយអត់មានកាលៈទេសៈណាដែលល្អជាងពេលហ្នឹងទេ ដែលត្រូវដោះលែងលោក កឹម សុខា វិញអ៊ីចឹង គឺពេលហ្នឹង ជាពេលល្អបំផុតហើយ ហើយចាំខ្ញុំប្រាប់ថា ពេលល្អបំផុតហ្នឹង វាម៉េច? គឺដូចដែលគេនិយាយលើបណ្ដាញសង្គម ឬក៏អ្នកវិភាគអីមួយចំនួន បានលើកឡើងហ្នឹង គឺវាត្រឹមត្រូវហើយ ការដោះលែងលោក កឹម សុខា ហ្នឹង គឺបានផលប្រយោជន៍ច្រើនមែនទែន ហើយបើយើងយកផលប្រយោជន៍ហ្នឹង មកបែងចែកទៅ វាឃើញ ៣ធំៗអ៊ីចឹងមែន ហើយការរងសម្ពាធអីមួយចំនួនហូរហែហ្នឹង គឺដោយសារតែអន្តរជាតិមួយចំនួន បានដាក់សម្ពាធមកលើកម្ពុជា ឲ្យធ្វើនេះ ធ្វើនោះហ្នឹង ដោយសារតែការបន្តឃុំខ្លួនលោក កឹម សុខា និងសកម្មជនអីមួយចំនួនផ្សេងទៀតហ្នឹងឯង ។ អ៊ីចឹងបើកាលណាដោះលែងលោក កឹម សុខា គឺពិតជាអន្តរជាតិ ពុំមានលេសអី ឬក៏ពុំមានហេតុផលអីត្រូវស្ដីបន្ទោសកម្ពុជា ឬក៏ដាក់សម្ពាធកម្ពុជា បន្តទៀតទេ ហើយទន្ទឹមនឹងហ្នឹង អាចបានការបន្ទូរបន្ថយអីបន្ថែមទៀត ដូចជា EBA យើងអាចបានមួយរយភាគរយឡើងវិញ ហើយសហរដ្ឋអាមេរិក ដែលតែងតែនិយាយថា ការដោះលែងលោក កឹម សុខា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលបានផលប្រយោជន៍ច្រើន ហើយនិយាយហ្នឹង មិននិយាយតែម្ដងទេ គ្រប់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បីបួននាក់ចុងក្រោយ តែងតែនិយាយដដែលៗ ។ សូម្បីតែរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក មុនហ្នឹងក៏បាននិយាយដែរ ។ ដូច្នេះគេនឹងបន្ធូរបន្ថយអាហ្នឹង ហើយអាហ្នឹងគឺជារឿងមួយចាំបាច់ណាស់“ ។

លោក ហ៊ីង សុខសាន្ត បានមានប្រសាសន៍បន្តថា “ទី២ យើងដឹងហើយថា យើងតែងតែចូលរួមនៅក្នុងអន្តរជាតិ លើកនិយាយអ៊ីចេះ លើកនិយាយអ៊ីចុះ ប៉ុន្តែយើងងាកមកវិញ យើងបានចាប់មេបក្សប្រឆាំង ទៅដាក់ឃុំ ហើយកាត់ទោសយ៉ាងអយុត្តិធម៌ ២៧ឆ្នាំ ដោយអត់មានកំហុសអីសោះ សួរថាយើងមានមុខមាត់អីទៅនិយាយ? ហើយយើងចង់ឲ្យអន្តរជាតិ ជួយយើង ខណៈពេលដែលអន្តរជាតិ ប្រាប់ថា យើងធ្វើនេះ ធ្វើនោះខុស ហើយយើងអត់ស្ដាប់ យើងទាត់ចោលសហគមន៍អន្តរជាតិ យើងមិនត្រូវការអន្តរជាតិ ។ ដល់ពេលយើងត្រូវការអន្តរជាតិ រឿងព្រំដែនជាមួយសៀម នេះវិញ អ្នកណាគេជួយយើង? ដូច្នេះបើយើងដោះលែងលោក កឹម សុខា ពេលនេះ គឺមុខមាត់យើង យើងអត់មានហេតុផលអីថា គេនឹងចោទកម្ពុជា អត់ដោះលែងលោក កឹម សុខា មេបក្សប្រឆាំង អ៊ីចេះមួយ អ៊ីចេះពីរ ពេលនោះយើងស្អាតតែម្ដង យើងអត់មាននៅបន្តឃុំខ្លួនមេបក្សប្រឆាំង អត់មានការរំលោភសិទ្ធិមនុស្សអីទៀត ។ អ៊ីចឹងមុខមាត់យើងលើអន្តរជាតិហ្នឹង ក៏យើងល្អ ហើយយើងនិយាយអីក៏មានទឺកមាត់ប្រៃដែរ ។ បើកាលណាយើងបន្តឃុំគាត់ ឥឡូវយើងនិយាយប្រាប់គេម៉េច? យើងនិយាយទៅកាន់គេម៉េច? គេថា អ្នកឯងល្អម៉េច បើអ្នកឯងចាប់ឃុំមេបក្សប្រឆាំង យ៉ាងអយុត្តិធម៌អ៊ីចឹង? ដូច្នេះការដោះលែងលោក កឹម សុខា គឺផ្ដល់មុខមាត់សំខាន់ណាស់ សម្រាប់អន្តរជាតិ ដែលបង្ហាញថា កម្ពុជា ជាប្រទេសមួយ មិនត្រូវបានរំលោភសិទ្ធិមនុស្ស មិនបានចាប់មេដឹកនាំបក្សប្រឆាំង ធ្វើទុក្ខបុកម្នេញបក្សប្រឆាំង អីហូរហែ ។ អ៊ីចឹងបើយើងដោះលែង គឺយើងមានមុខមាត់ខ្លាំងមែនទែន នៅលើឆាកអន្តរជាតិ ហើយដូចខ្ញុំនិយាយពីខាងដើមអ៊ីចឹងថា គ្មានកាលៈទេសៈណាដែលល្អជាងកាលៈទេសៈហ្នឹងទេ ក្នុងការដោះលែងលោក កឹម សុខា គឺបង្ហាញធំណាស់ បង្ហាញទៅសហគមន៍អន្តរជាតិផង បង្ហាញទៅប្រជាពលរដ្ឋផង និងបង្ហាញទៅបរទេសឈ្លានពានយើងផងថា ខ្មែរ អត់មានការបែកបាក់ទេ ខ្មែរ នៅពេលដែលមានការរំលោភបំពាន ឈ្លានពានពីបរទេស គឺខ្មែរ មានការសាមគ្គីគ្នាគ្រប់និន្នាការនយោបាយ ទាំងរដ្ឋាភិបាល ទាំងកងទ័ព ទាំងមេដឹកនាំកាន់អំណាច ទាំងមេដឹកនាំបក្សប្រឆាំង គឺបានរួមគ្នាជាធ្លុងមួយ ដើម្បីប្រឆាំងទៅនឹងបរទេសឈ្លានពាន ។ នេះគឺជាសញ្ញាណមួយដ៏ល្អបំផុត ដែលបង្ហាញថា ជាតិយើងរឹងមាំ ហើយយើងងើបឈររួមគ្នា ប្រឆាំងទៅនឹងបរទេសឈ្លានពាន ។ ដូច្នេះចំណុចទី៣ នេះ គឺជារឿងមួយចាំបាច់បំផុត ក្នុងកាលៈទេសៈនេះ ដែលត្រូវតែដោះលែងលោក កឹម សុខា ដោយឥតលក្ខខណ្ឌហ្នឹង គឺដើម្បីបង្ហាញថា ការសាមគ្គីមួយ ហើយការសាមគ្គីភាពនេះ គឺជាអាវុធដ៏រឹងមាំមួយ ដើម្បីទប់ទល់នឹងបរទេសឈ្លានពាន“ ។
ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ទាក់ទងនឹងការបន្ថយសម្ពាធអន្តរជាតិ វាជាប្រយោជន៍មួយសំខាន់ ព្រោះអន្តរជាតិ ចង់ឃើញការដោះលែងអ្នកនយោបាយខ្មែរ លោក កឹម សុខា លោក ថាច់ សេដ្ឋា និងសកម្មជនសង្គមដទៃៗទៀត ដើម្បីធ្វើឲ្យគេសប្បាយចិត្តក្នុងការជជែកជាមួយនឹងកម្ពុជា កុំឲ្យគេស្ទាក់ស្ទើរដូចរាល់ថ្ងៃ ។ ភ្ជាប់ជាមួយចំណុចនេះដែរ ការលើកកម្ពស់មុខមាត់លើឆាកអន្តរជាតិ ក៏ជាផលចំណេញពិតប្រាកដមួយ ព្រោះបើកាលណាយើងដោះស្រាយបញ្ហាជាតិ និងនយោបាយរបស់ខ្លួនឯងបាន វាធ្វើឲ្យអន្តរជាតិ មើលឃើញថា កម្ពុជា ដើរលើផ្លូវត្រូវ ។ អ្វីដែលត្រូវឈ្វេងយល់បន្ថែមលើចំណុចទាំងពីរនេះ គឺការបង្រួបបង្រួមជាតិ ព្រោះកាលណាមានការបង្រួបបង្រួមជាតិហើយ កម្ពុជា អាចជជែកពិគ្រោះគ្នាក្នុងការទប់ស្កាត់អំពើឈ្លានពានរបស់ប្រទេសជិតខាង ធ្វើឲ្យប្រទេសជិតខាង មិនហ៊ានប្រមាថមើលងាយខ្មែរ តទៅទៀត ។

លោក ម៉ែន ណាត បានមានប្រសាសន៍ថា “ការដោះលែងលោក កឹម សុខា វាមានប្រយោជន៍ច្រើន ពីព្រោះជាការចង់បានរបស់សហរដ្ឋអាមេរិក កន្លងទៅផង ស្របតាមគោលការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ហើយក៏ជាការចង់បានរបស់សហភាពអឺរ៉ុប ហើយនិងបណ្ដាប្រទេសលោកសេរីដទៃទៀត ដែលកម្ពុជា យើងក៏មានរដ្ឋធម្មនុញ្ញ និយាយអំពីគោលការណ៍ប្រជាធិបតេយ្យ សិទ្ធិមនុស្ស អីអ៊ីចឹងដែរ ។ ម៉្លោះហើយបើកម្ពុជា វិលទៅរកការអនុវត្តស្មារតីរដ្ឋធម្មនុញ្ញ ឲ្យបានត្រឹមត្រូវឡើងវិញ មានទៅទាស់ខុសអី ប៉ុន្តែការដោះលែងលោក កឹម សុខា វាមានប្រយោជន៍ច្រើនសម្រាប់កម្ពុជា ។ ទី១ បន្ថយសម្ពាធអន្តរជាតិ ជាការពិត ព្រោះអន្តរជាតិ ចង់ឃើញការដោះលែងអ្នកនយោបាយខ្មែរ ដូចជាលោក កឹម សុខា លោក ថាច់ សេដ្ឋា សកម្មជនសង្គមអីដទៃៗទៀតហ្នឹង គឺចង់ឃើញឲ្យពួកគាត់ហ្នឹង មានសេរីភាព ពីព្រោះនោះគឺជាការចោទប្រកាន់ដល់ពួកគាត់យ៉ាងអយុត្តិធម៌អ៊ីចឹង ។ អាហ្នឹងអ្នកណាក៏មើលឃើញអ៊ីចឹងដែរ ទោះបីតុលាការកម្ពុជា ចោទប្រកាន់ ដាក់ទោសទណ្ឌ ជាប់គុកប៉ុន្មានឆ្នាំ ដល់ពួកគាត់ក៏ដោយ ប៉ុន្តែតាមគោលការណ៍ច្បាប់អន្តរជាតិ តាមគោលការណ៍ប្រជាធិបតេយ្យ គឺពួកគាត់មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ទិតៀនមន្រ្តីសារធារណៈអីអ៊ីចឹងជាធម្មតា ហើយជាពិសេស អ្នកនយោបាយ មានសិទ្ធិ ។ ម៉្លោះហើយ ពួកគាត់មិនគួរត្រូវបានចាប់ដាក់ទោសទណ្ឌអ៊ីចឹងទេ ហើយកាលណាបើកម្ពុជា ដោះលែងទាំងលោក កឹម សុខា ទាំងអ្នកឯទៀតៗហ្នឹង ឃើញថា វាជាស្មារតីចាប់ផ្ដើមដល់ចំណុចមួយគេថា បង្រួបបង្រួមស្មារតីផ្ទៃក្នុងជាតិយើង ហើយធ្វើឲ្យអន្តរជាតិហ្នឹង គេសប្បាយចិត្តសប្បាយថ្លើម ក្នុងការជជែកជាមួយនឹងកម្ពុជា កុំឲ្យគេស្ទាក់ស្ទើរដូចរាល់ថ្ងៃ ។ រាល់ថ្ងៃ ខ្ញុំមើលកម្រិតការទូតរបស់កម្ពុជា នៅមានកម្រិតនៅឡើយ ដោយសារសហគមន៍អន្តរជាតិ គេនៅក្នុងការស្ទាក់ស្ទើរ នៅក្នុងការជជែកជាមួយលោកហ៊ុន ម៉ាណែត ក្ដី ជាមួយរដ្ឋមន្រ្តីការបរទេស លោកប្រាក់ សុខុន ក្ដី គេស្ទាក់ស្ទើរខ្លាំងណាស់ ។ និយាយទៅ ផ្នែកការទូត គេនិយាយឲ្យតែសមៗទេ ប៉ុន្តែសេចក្ដីសម្រេចគេ គេស្ទាក់ស្ទើរក្នុងការធ្វើយ៉ាងណាដើម្បីជួយឲ្យពេញដៃពេញជើងដល់កម្ពុជា អាហ្នឹងចំណុចទី១»។
លោក ម៉ែន ណាត បានមានប្រសាសន៍បន្តថា “ហើយចំណុចទី២ ជាការលើកមុខ លើកមាត់ ជាការពិតហើយ កាលណាយើងដោះស្រាយបញ្ហាជាតិរបស់ខ្លួនឯង ដោះស្រាយបញ្ហានយោបាយរបស់ខ្លួនឯងបានទៅ វាធ្វើឲ្យអន្តរជាតិហ្នឹង គេមើលឃើញថា កម្ពុជា ដើរលើផ្លូវត្រូវ ។ អ៊ីចឹងទៅ វាអាចបានផលច្រើន ទាំងវិស័យវិនិយោគទុន ទាំងវិស័យជំនួយមនុស្សធម៌ និងវិស័យកម្មវិធីអភិវឌ្ឍអីដទៃៗទៀត ច្រើនទៀត យើងអាចទទួលបាននូវផលប្រយោជន៍ច្រើន រួមទាំងទេសចរណ៍អីអ៊ីចឹងទៅ។ ហើយចំណុចទី៣ បង្រួបបង្រួមជាតិ ជាការពិតហើយ កាលពីចំណុចទី១ ទី២ រហូតដល់ទី៣ គឺក្នុងគោលដៅបង្រួបបង្រួមជាតិ ។ ប្រសិនធ្វើអាពីរខាងលើបាន គឺនាំឲ្យមានការបង្រួបបង្រួមជាតិ ហើយកាលណាមានការបង្រួបបង្រួមជាតិហើយ កម្ពុជា យើងអាចជជែកគ្នា ពិគ្រោះគ្នាក្នុងការទប់ស្កាត់អំពើឈ្លានពានរបស់ប្រទេសជិតខាងមកលើកម្ពុជា បានជាអាទិភាព ហើយប្រទេសជិតខាងហ្នឹង ក៏មិនហ៊ានប្រមាថមើលងាយខ្មែរ ច្រើនតទៅទៀតដែរ ។ អាហ្នឹងយើងគួរឈ្វេងយល់ កាលណាយើងធ្វើដូចសព្វថ្ងៃអ៊ីចឹង បែកបាក់ផ្ទៃក្នុងជាតិ ចាប់មនុស្សដាក់គុក តាមទំនើងចិត្តអីអ៊ីចឹងទៅ វាធ្វើឲ្យអាបរទេសជិតខាង សើចចំអក មើលងាយមើលថោកយើង ប្រមាថយើង មិនឈប់មិនឈរ ។ ម៉្លោះហើយចំណុចនេះ ខ្ញុំយល់ថា នាំគ្នាគិតគូរប្រយោជន៍ជាតិ មិនមែនគិតតែមាត់ថា ពីរបីម៉ាត់ហ្នឹង ជាការគិតទេ ប៉ុន្តែធ្វើឲ្យឃើញជាក់ស្ដែង ហើយធ្វើឲ្យពលរដ្ឋហ្នឹងគាត់ពេញចិត្តពេញថ្លើមទៅ ហើយឈប់ឲ្យពលរដ្ឋហ្នឹងភ័យខ្លាចរឿងសុវត្ថិភាព ដោយសារតែរឿងការបញ្ចេញមតិទៀត ពេលនោះកម្ពុជា យើងនឹងអាចយល់គ្នាបាន និងផ្សះផ្សាស្មារតីគ្នាបាន ហើយរួមចំណែកគ្នាក្នុងការកសាងជាប្រយោជន៍ជាតិ…” ។
សូមរម្លឹកថា លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ (អតីតបក្សប្រឆាំង) ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមសម្រេចផ្តន្ទាទោស កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដាក់ពន្ធនាគារ ចំនួន ២៧ឆ្នាំ ពីបទក្បត់ជាតិ «សន្ទិដ្ឋភាពជាមួយបរទេស»។ ប៉ុន្តែតុលាការមិនបានបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគារនោះទេ ដោយដាក់នៅស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ដោយតុលាការបានដកហូតសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ ជាស្ថាពរ ហើយហាមឃាត់លោកចេញពីបរិវេណផ្ទះ និងហាមចេញក្រៅប្រទេស ដែលទាំងនេះមិនខុសពីការឃុំខ្លួននៅក្នុងផ្ទះនោះទេ ។

គួរបញ្ជាក់ដែរថា តាមកំណត់ត្រារបស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ គិតត្រឹមចុងខែមករា ឆ្នាំ២០២៦ នេះ ចំនួនសមាជិកមកពីបក្សប្រឆាំង ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន និងឃុំខ្លួន បានបន្តកើនឡើងដល់ជាង ៦០នាក់។ ពួកគេស្ថិតក្នុងចំណោមអ្នកដែលមានទស្សនៈផ្ទុយ ប្រមាណ ១០០នាក់ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួននិងឃុំខ្លួននៅពន្ធនាគារ៕ កុលបុត្រ