Saturday, February 28, 2026
Homeសង្គម និងជីវិតគ្រូអន់មារយាទ នោមដាក់ថ្នាក់រៀន

គ្រូអន់មារយាទ នោមដាក់ថ្នាក់រៀន

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ជាគ្រូបង្រៀនថ្នាក់ទី៦ តែបែរជាអន់មារយាទ ធ្វើសកម្មភាពចូលទៅឈរនោមក្នុងថ្នាក់រៀន បង្កឱ្យមានការភ្ញាក់ផ្អើល និងត្រូវបានអ្នកគ្រូបង្រៀនម្នាក់ ថតបានសកម្មភាពដ៏អាក្រក់នោះ បង្ហោះចែកចាយ ផ្អើលពេញបណ្តាញសង្គម។

ករណីគ្រូអន់មារយាទ នោមដាក់ថ្នាក់រៀននេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម ធ្វើការបង្ហោះចែករំលែកផ្អើលព្រោងព្រាត នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។

បុរសជាគ្រូបង្រៀនដែលនោមដាក់ថ្នាក់រៀននោះ ត្រូវបានអះអាងថា មានឈ្មោះ ឆែ ប៊ុនថន ជាគ្រូបង្រៀនថ្នាក់ទី៦ នៃសាលាបឋមសិក្សាទួលស្រគំ ស្ថិតក្នុងភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

យោងតាមវីដេអូរយៈពេលប្រមាណ ១៣វិនាទី បានបង្ហាញសកម្មភាពបុរសម្នាក់ អាយុប្រមាណ ៥០ឆ្នាំប្លាយ ស្លៀកខោជើងវែង ពណ៌ខ្មៅ ពាក់អាវដៃវែងពណ៌ផ្ទៃមេឃ និងមានពាក់មួកកាតឹប ពណ៌ខ្មៅផង បានឈរជំទែង នោមដាក់មុខក្តាខៀន ក្នុងថ្នាក់រៀន ១កន្លែង ត្រូវបានអ្នកគ្រូបង្រៀនម្នាក់ ថតបានសកម្មភាពដ៏គួរឱ្យអាម៉ាស់នេះ។ បន្ទាប់មក បុរសខាងលើ បានងាកក្រោយ យកដៃរូតខោ រួចពេលឃើញកាមេរ៉ាកំពុងថត ក៏សើច ដើរសំដៅមករកអ្នកកាន់កាមេរ៉ា ព្រមតាំងលើកដៃរា ជាសញ្ញាកុំឱ្យថត។

ក្រោយបែកធ្លាយសកម្មភាពក្នុងវីដេអូខាងលើនេះ ឃើញអ្នកប្រើប្រាស់បណ្តាញសង្គម បានធ្វើការស្តីបន្ទោស រិះគន់ទៅលើលោកគ្រូបង្រៀនរូបនោះយ៉ាងខ្លាំង ដោយចាត់ទុកថា ទង្វើរបស់គ្រូបង្រៀនរូបនេះ ខ្វះក្រមសីលធម៌វិជ្ជាជីវៈ និងជាគំរូដ៏អាក្រក់សម្រាប់សិស្ស ធ្វើឱ្យខូចដល់តម្លៃគ្រូបង្រៀនទូទៅ រហូតអ្នកខ្លះហៅថា ជាគ្រូអន់មារយាទទៀតផង។

ជាមួយនេះ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមខ្លះ យល់ថា លោកគ្រូបង្រៀនខាងលើ អាចមានបញ្ហាសុខភាពផ្លូវចិត្ត ឬស្រវឹងស្រា ដោយក្នុងនោះ មានម្នាក់បញ្ចេញមតិត (ខម្មិន) ថា “លោកគ្រូរូបនេះ អាចកើតជំងឺមហារីកក្រពេញប្រូស្តាតធ្ងន់ធ្ងរ ទប់នោមមិនជាប់…” តែការយល់ឃើញបែបនេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ ឆ្លើយតបថា “ជំងឺអន់ចរិតច្រើនជាង បើមហារីកប្រូស្តាត មែន គាត់នោមដាក់ខោ ក៏មិនដឹងខ្លួនផង អត់បាននៅឈរនោមអ៊ីចឹងទេ…”។

ជុំវិញរឿងរ៉ាវដ៏អាម៉ាស់ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនគ្រូបង្រៀន ឈ្មោះ ឆែ ប៊ុនថន ដែលរងការចោទប្រកាន់ថា ជាគ្រូអន់មារយាទ នោមដាក់ថ្នាក់រៀនខាងលើនេះ បានទេ កាលពីម្សិលមិញ។ ចំណែកថ្នាក់គ្រប់គ្រងសាលាបឋមសិក្សាទួលស្រគំ  ក៏មិនទាន់មានប្រតិកម្មឬការបំភ្លឺថា តើករណីនេះ ជារឿងពិតឬយ៉ាងណានៅឡើយ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES