Tuesday, March 3, 2026
Homeព័ត៌មានជាតិ១០នាក់ ធាក់ស៊ីក្លូ ពីភ្នំពេញ ទៅស្ទឹងត្រែង

១០នាក់ ធាក់ស៊ីក្លូ ពីភ្នំពេញ ទៅស្ទឹងត្រែង

ភ្នំពេញ ៖ ក្រុមអ្នកធាក់ស៊ីក្លូ ១០រូប បានធ្វើយុទ្ធនាការជិះស៊ីក្លូ ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ដើម្បីរួមគ្នាលើកកម្ពស់វិស័យទេសចរណ៍ និងស្ទឹងត្រែងលើសពីទន្លេ  លើសពីធម្មតា បានចាប់ផ្តើមចេញ ដំណើរពីវិមានឯករាជ្យ រាជធានីភ្នំពេញ ដោយយុទ្ធនាការធាក់ស៊ីក្លូ ចម្ងាយផ្លូវ ៣៧០គីឡូម៉ែត្រនេះ នឹងធានាបាននូវការការអភិរក្ស អភិវឌ្ឍន៍ ពិសេសទទួលបានគាំទ្រប្រើប្រាស់ច្រើននៅក្នុងសង្គមកម្ពុជា។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងក្នុងឱកាសជូនដំណើរក្រុមអ្នកធាក់ស៊ីក្លូ ភ្នំពេញ-ស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ថា តាមរយៈការចំណាយពេលចំនួន៦ថ្ងៃ ធ្វើយុទ្ធនាការធាក់ស៊ីក្លូ ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តស្ទឹងត្រែង លើចម្ងាយ ៣៧០គីឡូម៉ែត្រ របស់ក្រុមអ្នកធាក់ស៊ីក្លូនេះ គឺរួមចំណែកផ្សព្វផ្សាយទិវាជាតិទីក្រុងស្អាត ឆ្នាំ២០២៦ និងជំរុញការអភិរក្ស អភិវឌ្ឍន៍ ក៏ដូចជំរុញការគាំទ្រនិងប្រើប្រាស់ស៊ីក្លូ ធ្វើដំណើរកាន់តែច្រើននៅក្នុងសង្គមកម្ពុជា ហើយក្រសួងទេសចរណ៍ នឹងជំរុញការផ្តល់តម្លៃបន្ថែម ដោយជំរុញឱ្យអាជីវកម្មទេសចរណ៍ ពិសេសការីទេសចរណ៍ រៀបចំកញ្ចប់ទេសចរណ៍ ដោយមានដាក់ បញ្ចូលឱ្យទេសចរអន្តរជាតិ ទទួលបានពិសោធន៍ធ្វើដំណើរតាមស៊ីក្លូ នេះផងដែរ។

ប្រធានសមាគមស៊ីក្លូកម្ពុជា និងអ្នកធាក់ស៊ីក្លូ បានថ្លែងអរគុណជាខ្លាំង ដែលក្រសួងទេសចរណ៍ ជំរុញមានព្រឹត្តិការណ៍ធាក់ស៊ីក្លូ ភ្នំពេញ-ស្ទឹងត្រែង ហើយតាមរយៈយុទ្ធនាការធ្វើដំណើរតាមស៊ីក្លូ រួមគ្នាលើកកម្ពស់វិស័យទេសចរណ៍ ទាក់ទាញទេសចរទស្សនាភ្នំពេញ និងខេត្តស្ទឹងត្រែង ឱ្យបានច្រើន ពិសេសជំរុញការគាំទ្រប្រើ ប្រាស់សេវាធ្វើដំណើរតាមស៊ីក្លូ ខណៈបច្ចុប្បន្ន ការប្រើប្រាស់ការធ្វើដំណើរតាមស៊ីក្លូ របស់ ប្រជាពលរដ្ឋខ្មែរ ហាក់មានធ្លាក់ចុះ និងមានការប្រើប្រាស់ច្រើន រកចំណូលបានច្រើននៅក្នុងវិស័យទេសចរណ៍ ជាពិសេសនៅក្នុងរដូវពេលមានទេសចរអន្តរជាតិ មកទស្សនាច្រើន។

លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានថ្លែងថា ការចេញដំណើររបស់ក្រុមអ្នក ធាក់ស៊ីក្លូ ចំនួន១០ស៊ីក្លូ ពីវិមានឯករាជ្យ រាជធានីភ្នំពេញ ទៅកាន់ខេត្តស្ទឹងត្រែងចម្ងាយ ៣៧០គីឡូម៉ែត្រ ដោយមានស៊ីក្លូអមជូនដំណើរ ចំនួន៤០ស៊ីក្លូនេះ នឹងទៅដល់ខេត្តស្ទឹងត្រែង នៅថ្ងៃទី៦ ខែមីនា គឺចំថ្ងៃដែលខេត្តស្ទឹងត្រែង រៀបចំព្រឹត្តិការណ៍ទេសចរណ៍ព្យុហយាត្រាដំណើរកម្សាន្តទេសចរណ៍ នៅក្នុងក្រុងស្ទឹងត្រែង ចម្ងាយ ៣,៥គីឡូម៉ែត្រ និងអមដោយមានការរៀបចំព្រឹត្តិការណ៍អមជាច្រើនទៀត ពិសេសព្រឹត្តិការណ៍ប្រកាសអនុវត្តផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ស្ទឹងត្រែង រយៈពេល ៥ឆ្នាំ (២០២៦-២០៣០)  ព្រឹត្តិការណ៍ថ្នាក់ដឹកនាំមន្ត្រីក្រោមឱវាទ នាំគ្នាទស្សនាតំបន់ទេសចរណ៍ បុរីអូរស្វាយ ដើម្បីជួយគាំទ្រដល់សេវាកម្មសហគមន៍អេកូទេស ចរណ៍ខេត្តស្ទឹងត្រែង ជំរុញពលរដ្ឋស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដីខ្លួនឯង និងព្រឹត្តិការណ៍អបអរសាទរទិវាជាតិទីក្រុងស្អាត ឆ្នាំ២០២៦ និងផ្សព្វផ្សាយការដាក់ចេញនាមសញ្ញា «ស្ទឹងត្រែង លើសពីទន្លេ លើសពីធម្មតា» ជាដើម៕

RELATED ARTICLES