ភ្នំពេញ ៖ អង្គភាពកម្ចាត់មីន ស៊ីម៉ាក់ បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ និងវឌ្ឍនភាពថ្មីៗនៃកិច្ចប្រតិបត្តិការរំដោះផ្ទៃដីពីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ទុកពីសង្គ្រាមសៀមឈ្លានពាន។


លោក ហេង រតនា ប្រតិភូតរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ស៊ីម៉ាក់ (CMAC) បានប្រកាសនៅលើបណ្តាញសង្គម ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ថា “ដំណើរឆ្ពោះទៅមុខក្នុងការរំដោះទឹកដីនៃព្រះរាជាណាចក្រនេះ ឱ្យមានសុខសុវត្ថិភាព និងចាកផុតពីការគំរាមកំហែង ដោយសារសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់សៀមឈ្លានពាន…”។


គួរបញ្ជាក់ផងដែរថា បេសកកម្មនេះ មិនត្រឹមតែជាការងារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការស្តារឡើងវិញនូវអធិបតេយ្យ និងសេចក្តីសុខសាន្តពេញលេញ ជូនដល់មាតុភូមិ បន្ទាប់ពីឆ្លងកាត់ការគំរាមកំហែងពីសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ អស់រយៈពេលជាច្រើនឆ្នាំ ជាពិសេស សំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ ទុកពីសង្គ្រាមសៀមឈ្លានពាន ២លើក នាខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ៕



