ខេត្តបាត់ដំបង ៖ រឿងរ៉ាវវិវាទ ម្តាយអាយុ ៨៩ឆ្នាំ ប្តឹងទាមទារដីពីកូន ដែលកើតឡើងនៅស្រុកថ្មគោល ខេត្តបាត់ដំបង ទីបំផុតទទួលបានការសម្របសម្រួលបញ្ចប់វិវាទ ប្រកបដោយស្នាមញញឹម ក្រោយពីមានការជ្រោ មជ្រែងរកដំណោះស្រាយពីអាជ្ញាធរមូលដ្ឋាន រួមនឹងភាគីពាក់ព័ន្ធ ពិសេស ការជួយសម្របសម្រួលណែនាំលោកស្រីឧកញ៉ា ហ៊ុន ស៊ីណាត ម្តាយមីងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយចុងក្រោយ ភាគីកូន បានយល់ព្រមប្រគល់ដី ជូនម្តាយវិញ ដោយស្ម័គ្រចិត្ត។ ចំណែកម្តាយ ក៏ព្រមទទួលយកនិងលើកលែងទោសឱ្យកូន នូវរាល់កំហុសឆ្គងកន្លងទៅ។

រឿងរ៉ាវទំនាស់ប្តឹងទាមទារដី រវាងម្តាយ និងកូនបង្កើតនេះ បានកើតឡើង នៅក្នុងភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង រវាងម្តាយឈ្មោះ សៅ ឡេង (ជាដើមបណ្តឹង) និងកូនឈ្មោះ សែន ចាន់ និងប្រពន្ធឈ្មោះប្រង់ ព្រឿន (ជាចុងបណ្តឹង)។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ជាសមាជិកគណៈកម្មាធិការជាតិដើម្បីមនុស្សចាស់ និងជាប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការ បានបង្ហោះរូបភាពនិងសំណេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួនលោកស្រីថា “ទីបំផុតលោកយាយ អាយុ៨៩ឆ្នាំ ដែលមានបញ្ហារឿងដីធ្លី នៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានលោកជំទាវ ហ៊ុន ស៊ីណាត ជួយសម្របសម្រួល រហូតព្រមព្រៀងបញ្ចប់ទំនាស់ តាំងពីម្សិលមិញហើយ។ ក្នុងនាមសមាជិកគណៈកម្មាធិការជាតិដើម្បីមនុស្សចាស់ ខ្ញុំសូមគោរពអរគុណលោកជំទាវ ហ៊ុន ស៊ីណាត ដែលតែងជួយសម្របសម្រួលអន្ត រាគមន៍ជួយអ្នកជួបការលំបាក សូមអរគុណលោកប្រធានមន្ទីរអធិការកិច្ច លោកចៅហ្វាយ ស្រុកថ្មគោលលោ កជំទប់ទី១ សៀង កក្កដា និងក្រុមការងារពាក់ព័ន្ធ ដែលបានរួមគ្នាជួយដោះស្រាយបញ្ហាជូនលោកយាយសព្វ បែបយ៉ាង…”។
ដោយឡែក យោងតាមកំណត់ហេតុកិច្ចប្រជុំសម្រុះសម្រួលករណីសុំទាមទារជីកម្មសិទ្ធិពីកូនបង្កើត ស្ថិតនៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល មានខ្លឹមសារទាំងស្រុងថា «ឆ្នាំពីរពាន់ម្ភៃប្រាំមួយ ខែមីនា ថ្ងៃទីបី វេលាម៉ោងពីរនិងសូន្យៗនាទីរសៀល នៅសាលាស្រុកថ្មគោល បានបើកកិច្ចប្រជុំសម្រុះសម្រួលករណីសុំទាមទារដីកម្មសិទ្ធិពីកូនបង្កើត ស្ថិតនៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក តេង គឹមស៊ាន អភិបាលនៃគណៈអភិបាលស្រុកថ្មគោល និងលោក ប៊ុក ម៉ក់ ប្រធានមន្ទីរអធិការកិច្ចខេត្តបាត់ដំបង។

សមាសភាពចូលរួម ៖ ដូចមានភ្ជាប់ក្នុងបញ្ជីវត្តមានជាមួយ។
ជាកិច្ចចាប់ផ្តើម លោកតេង គឹមស៊ាន អភិបាល នៃគណៈអភិបាលស្រុក មានមតិស្វាគមន៍ និងបើកអង្គប្រជុំ ដើម្បីជជែក ពិភាក្សា សម្រុះសម្រួល ៖
ក្រោយពីប្រជុំជជែករួចមក ភាគីទាំងពីរ បានព្រមព្រៀងឯកភាពតាមលក្ខខណ្ឌដូចខាងក្រោម ៖
លោកសែ ចាន់ និងប្រពន្ធ ប្រង់ លឿន (ចុងបណ្តឹង) ព្រមព្រៀងបញ្ចប់ទំនាស់ជាមួយម្តាយ សៅ ឡេង ដោយព្រមកាត់ដីលំនៅឋាន ពីក្បាលដីលេខ៩៤៥ ស្ថិតនៅភូមិកៀនកែស២ ឃុំភោគឃ្មុំ ស្រុកថ្មគោល ដោយប្រគល់ជូនម្តាយ ឈ្មោះសៅ ឡេង នៅទំហំក្បាលដី ទទឹងចំនួន ៧ម៉ែត្រ និងបណ្តោយដីជាក់ស្តែង (ផ្នែកខាងត្បូង)។

លោកយាយ សៅ ឡេង (ដើមបណ្តឹងជាម្តាយ) ៖ ខ្ញុំយល់ព្រមទទួលយកចំណែកដីលំនៅឋាន ដែលមានទីតាំងស្ថិតនៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ពីកូនឈ្មោះសែ ចាន់ និងប្រពន្ធ ប្រង់ គ្រឿន នូវទំហំក្បាលដីដែលមានទទឹង ចំនួន៧ម៉ែត្រ និងបណ្តោយដីជាក់ស្តែង (ផ្នែកខាងត្បូង)។ ចំពោះក្បាលដីស្រែ លេខ២៧១ ស្ថិតនៅភូមិកៀន កែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល នាងខ្ញុំពុំទាមទារអ្វីទៀតឡើយ និងយល់ព្រមលើក លែងទោសឱ្យកូន រាល់កំហុសឆ្គង កន្លងមក។

ចុងបញ្ចប់ លោក តេង គឹមស៊ាន អភិបាល នៃគណៈអភិបាលស្រុកថ្មគោល មានមតិបូកសរុបអង្គ ដោយភាគីព្រមព្រៀងបញ្ចប់ទំនាស់ក្រៅប្រព័ន្ធតុលាការ ត្រឹមរដ្ឋបាលស្រុក ក្រោមការជួយសម្របសម្រួលរបស់លោកប៊ុត ម៉ក់ ប្រធានមន្ទីរអធិការកិច្ចខេត្តបាត់ដំបង តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ហ៊ុន ស៊ីណាត និងបានណែនាំឱ្យភាគីទាំងពីរធ្វើការដកពាក្យបណ្តឹងទាំងឡាយដែលបានប្តឹងនៅគ្រប់ស្ថាប័នពាក់ព័ន្ធកន្លងមក ហើយ ចំពោះនីតិវិធីធ្វើការបំបែកប្លង់កម្មសិទ្ធិ លោកអភិបាលស្រុក ជួយចេញថ្លៃសេវារដ្ឋបាល និងអនុញ្ញាតឱ្យការិយាល័យជំនាញភូមិបាលស្រុក ជួយសម្របសម្រួល រត់ឯកសារជូនភាគី។

កំណត់ហេតុត្រូវបានបញ្ចប់ និងបានអានឱ្យភាគីទាំងអស់ស្តាប់ ទទួលស្គាល់ថា ត្រឹមត្រូវ ដោយព្រមផ្តិតមេដៃស្តាំ ជាចំណាំ ប្រសិនបើថ្ងៃក្រោយ មានការប្រែក្រឡាស់ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ ជាធរមាន។កិច្ចប្រជុំ ត្រូវបានបញ្ចប់នៅវេលាម៉ោងបីនិងសាមសិបនាទីរសៀល នៅថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសរីករាយនិងស្និទ្ធស្នាល»៕