ខេត្តកំពង់ស្ពឺ ៖ ឃ្លាំងស្តុកអេតចាយ ដ៏ធំ ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ តាំងពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ រហូតដល់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ទើបកម្លាំងសមត្ថកិច្ចចម្រុះ អាចគ្រប់គ្រងស្ថានការណ៍ (បាញ់ទឹកពន្លត់បានទាំងស្រុង) ដោយប្រើប្រាស់កម្លាំងសរុប ១២០នាក់ និងប្រើប្រាស់ទឹក អស់សរុប ចំនួន១៤៥ឡាន។ ករណីនេះ ក្រសួងបរិស្ថាន បានបង្ហាញនូវការព្រួយបារម្ភអំពីផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈ ដោយសារផ្សែងនៃចំហេះវត្ថុអេតចាយនេះ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង ២និង១០នាទីរសៀល ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅចំណុចឃ្លាំងស្តុកអេតចាយ ១កន្លែង ស្ថិតក្នុងភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីអគ្គិភ័យ ឆេះឃ្លាំងស្តុកអេត ចាយ មានទំហំ ៩០ម៉្រែត គុណនឹង១៦០ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះសុខ ហាន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅ ក្នុងភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងអ្នកចាំឃ្លាំង ឈ្មោះ ស្រី ឈៀង ភេទប្រុស អាយុ៧៥ឆ្នាំ រស់នៅក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បណ្តាលឱ្យឆេះខូច ខាតសម្ភារៈអេតចាយ អស់មួយចំនួនធំ។

សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កិច្ចប្រតិបត្តិការពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី សុខម៉ុល ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធ គ្រឿងផ្ទុះនិងអគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ៩គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ របស់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួន២គ្រឿង ដោយប្រើកម្លាំងសរុប ១២០នាក់ និងប្រើប្រាស់ទឹកអស់សរុប ចំនួន១៤៥ឡាន។

សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ទំហំនៃការខូចខាតឃ្លាំងស្តុកអេតចាយដ៏ធំ ប្រចាំស្រុកឱរ៉ាល់ នោះ មិនទាន់អាចប៉ាន់ប្រមាណថា ទំហំនៃការខូចខាត គិតជាទឹកប្រាក់ ប៉ុន្មាននោះទេ។

លោកឧត្តមសេនីយ៍ទោ ឃឹម សុខខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺ បានធ្វើកិច្ចអន្តរាគមន៍បាញ់ពន្លត់ទាំងស្រុងរួចរាល់អស់ហើយ។លោកស្នងការ បានបញ្ជាក់ថា ចំពោះមូលហេតុដែលបណ្តាលឱ្យឆេះឃ្លាំងស្តុកអេតចាយនោះ គឺបណ្តាលមកពីកម្មករដុតស្មៅ ស្មានថាភ្លើងរលត់ មានការធ្វេសប្រហែស ទើបបណ្តាលឱ្យរាលឆេះតែម្តង តែយ៉ាងណា ករណីនេះមិនមានបង្កគ្រោះថ្នាក់ដល់មនុស្សនិងសត្វ ឬរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

បន្ទាប់ពីមានអគ្គិភ័យ ឆេះទីតាំងស្តុកសំណល់អេតចាយខាងលើនេះ ក្រសួងបរិស្ថាន បានបញ្ជាឱ្យមន្ទីរបរិស្ថាន រាជធានី-ខេត្ត ពិនិត្យទីតាំងស្តុកសំណល់អេតចាយទូទាំងប្រទេស ដើម្បីធានាឱ្យមានការអនុវត្តតាមបទប្បញ្ញត្តិបរិស្ថាន ។
តាមការណែនាំ មន្ទីរបរិស្ថានរាជធានី-ខេត្ត ត្រូវចុះត្រួតពិនិត្យ និងរៀបចំរបាយការណ៍អំពីទីតាំងស្តុក និងកែច្នៃសំណល់អេតចាយនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ការត្រួតពិនិត្យនេះនឹងផ្តោតលើការអនុវត្តតាមបទដ្ឋានបរិស្ថាន រួមមានការស្តុកសំណល់ឱ្យបានត្រឹមត្រូវ ការគ្រប់គ្រងសំណល់គ្រោះថ្នាក់ និងការទទួលបានលិខិតអនុញ្ញាតបរិស្ថានត្រឹមត្រូវ។

មន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា ការត្រួតពិនិត្យនេះ មានគោលបំណងបង្ការហានិភ័យបរិស្ថាន ដូចជា អគ្គិភ័យ ការបំពុលខ្យល់ និងការគ្រប់គ្រងសារធាតុគ្រោះថ្នាក់ មិនបានត្រឹមត្រូវ ដែលអាចកើតមាននៅទីតាំងស្តុកសំណល់ដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ។

ក្រសួង ក៏បានព្រមានថា អាជីវកម្មណាដែលមិនអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិបរិស្ថាន អាចប្រឈមមុខនឹងវិធានការរដ្ឋបាល ឬចាត់វិធានការតាមផ្លូវច្បាប់ ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ របស់កម្ពុជា។អាជ្ញាធរបានបញ្ជាក់ថា ការត្រួតពិនិត្យទូទាំងប្រទេសនេះ មានគោលបំណងពង្រឹងការតាមដានបរិស្ថាន និងធានាថា សកម្មភាពគ្រប់គ្រងសំណល់ មិនបង្កហានិភ័យដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ៕
