Tuesday, March 10, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គម៩ព្រួតវ៉ៃ១ ជាប់ខ្នោះ៦

៩ព្រួតវ៉ៃ១ ជាប់ខ្នោះ៦

ភ្នំពេញៈ ក្មេងទំនើង១ក្រុម មានគ្នា៩នាក់ បានធ្វើសកម្មភាពដេញវាយ និងគប់ដុំថ្ម បណ្តាលឱ្យត្រូវចំយុវជនម្នាក់ រងរបួស រួចព្យាយាមរត់គេចខ្លួន តែត្រូវបានកម្លាំងជំនាញអាវុធហត្ថ ស្រាវជ្រាវបង្ក្រាប ឃាត់ខ្លួនបានជាបន្ត បន្ទាប់សរុបចំនួន៦នាក់ ខណៈបក្ខពួកផ្សេង ទៀត បានរត់គេចខ្លួនបាត់។

ករណីហិង្សា បង្កឡើងដោយក្មេងទំនើងខាងលើ បានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅចំណុចមុខហាងកាហ្វេយីហោ ស្លូកាហ្វេ តាមបណ្តោយផ្លូវលេខ៦០៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រហូតមកដល់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ទើបកម្លាំងជំនាញអាវុធហត្ថ បានស្រាវជ្រាវ ឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើបានជាបន្តបន្ទាប់ សរុបចំនួន៦នាក់។

ក្រុមក្មេងទំនើងទាំង៦នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះថាន់ ចិន្តាឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ។ ទី២-ឈ្មោះផល លីហួ ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៣-ឈ្មោះថន រ័ត្នរិទ្ធិយ៉ា ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៤-ឈ្មោះបូ កែវវាសនា ភេទប្រុស អាយុ១៩ឆ្នាំ។ ទី៥-ឈ្មោះនី វិសាល ភេទប្រុស ឆ្នាំកំណើត២០០៧ មុខរបរសិស្ស ស្រុកកំណើត ខេត្តកំពង់ចាម លំនៅបច្ចុប្បន្ន សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ និងទី៦-ឈ្មោះចាប ថៃ ភេទប្រុស អាយុ១៨ឆ្នាំ។

តាមប្រភពពីមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ មានករណីហិង្សា បង្កឡើងដោយក្មេងទំនើង១ក្រុម មានគ្នា៩នាក់ មធ្យោបាយម៉ូតូ៤គ្រឿង បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើ ជនរងគ្រោះបណ្តាលឱ្យរងរបួស ចំកែងដៃខាងឆ្វេង នៅចំណុចហាងកាហ្វេយីហោស្លូកាហ្វេ តាមបណ្តោយផ្លូវលេខ៦០៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ទន្ទឹមនឹងនោះក៏ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលកំពុងល្បាតនៅទីនោះ បានចុះមក អន្តរាគមន៍ចាប់ខ្លួនជនសង្ស័យជាក្មេងទំនើងបានម្នាក់ឈ្មោះថាន់ ចិន្តាឧត្តម បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានី ភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

រហូតមកដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្តសហការជាមួយកម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនក្មេងទំនើងចំនួន៥នាក់បន្ថែមទៀត (១-ឈ្មោះផល លីហួ ២-ឈ្មោះថន រ័ត្នរិទ្ធិយ៉ា ៣-ឈ្មោះបូ កែវវាសនា ៤-ឈ្មោះនី វិសាល ៥-ឈ្មោះចាប ថៃ) បញ្ជូនទៅការិយាល័យជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ក្រោមវិធានការជំនាញក្មេងទំនើងទាំង៦នាក់ បានឆ្លើយសារភាពដូចៗគ្នាថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សា ដូចការរៀបរាប់ ខាងលើប្រាកដមែន។

ក្មេងទំនើងទាំង៦នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកឯបក្ខពួកដែលមានពាក់ព័ន្ធក្នុងអំពើហិង្សាខាងលើ ហើយកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕

RELATED ARTICLES