ភ្នំពេញ ៖ តារាកំប្លែងតូចល្អិត លោកទេស សុជន ហៅនាយក្រិន អតីតតារាកំប្លែងល្បី ក្នុងក្រុមនាយកុយ បានកើតមានជំងឺរលាកត្រចៀក ដោយឆ្លងមេរោគដល់ទៅ ២៤ពាន់ វាយលុករាលដាលចូលដល់ឈាមនិងខួរក្បាល រហូតវង្វេងសន្លប់លែងដឹងខ្លួន ត្រូវបានក្រុមគ្រួសារ សាច់ញាតិ និងមិត្តអ្នកសិល្ប: បញ្ជូនទៅគ្លីនិកឯកជន ១ កន្លែង ក្នុងក្រុងបាត់ដំបង នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ រួចបញ្ជូនបន្តមកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ។

តាមប្រភពតារាសម្តែង លោក សាវីន ហ្វីលីព បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នាយក្រិន នាយក្រិន ដែលកំពុងសម្រាកព្យាបាលនៅក្នុងគ្លីនិក សុវណ្ណ ក្នុងក្រុងបាត់ដំបង វេជ្ជបណ្ឌិត បញ្ជាក់នៅព្រឹកនេះថា នាយក្រិន មានជំងឺរលាកប្រអប់ត្រចៀកខាងឆ្វេងធ្ងន់ធ្ងរ ហើយបង្កជាមេរោគយ៉ាងច្រើន ហើយមេរោគបានរាល ដាលចូលពេញឈាម និងដល់ខួរក្បាលទៅហើយ រហូត២៤ពាន់មេរោគឯណោះ។
លោក សាវិន ហ្វីលីព និយាយថា «នាយក្រិន វង្វេងវង្វាន់ មិនស្គាល់ខ្ញុំទេ ខ្ញុំគិតថា នេះអាចជារឿងគ្រោះថ្នាក់ដល់ជីវិតរបស់គាត់ បើយើងបណ្តែតបណ្តោយ ទុកគាត់នៅគ្លីនិកខេត្ត យូរតទៅទៀត ដូច្នេះខ្ញុំបានស្នើសុំដល់វេជ្ជបណ្ឌិត នៅគ្លីនិក សុវណ្ណ ក្រុងបាត់ដំបង ដើម្បីបញ្ជូននាយក្រិន មកសង្គ្រោះបន្ទាន់នៅភ្នំពេញ ដោយគ្រូពេទ្យប្រាប់ថា គួរតែធ្វើយ៉ាងនេះដែរ។ ពេលទៅដល់ភ្នំពេញ នឹងមានតារាកំប្លែងប្រិមប្រិយ ចាំទទួលជួយ។ នាយក្រិន មើលទៅកម្សត់ណាស់ គ្មានអ្នកមើលថែគាត់ទេ ក្នុងមន្ទីរពេទ្យ ក្រៅពីកូនតូចៗ ទាំងបី…”។
ដោយឡែក តាមប្រភពកូនរបស់នាយក្រិន បានឱ្យដឹងថា មុនឈឺធ្ងន់ ២ថ្ងៃ ឪពុករបស់ខ្លួន (នាយក្រិន) បានចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយ នៅម្តុំភ្នំឧដុង្គ ដោយសារមានសភាពក្តៅខ្លួន។ លុះក្រោយពីអាការក្តៅខ្លួនបានធូរស្បើយ ឪពុក ក៏បានធ្វើដំណើរទៅខេត្តបាត់ដំបង វិញ ស្រាប់តែទៅដល់ ក៏ធ្លាក់ខ្លួនឈឺធ្ងន់តែម្តង។
កូនរបស់នាយក្រិន បានបន្តថា ក្រោយបានសាកសួរក្រុមគ្រូពេទ្យ អាការរបស់ឪពុក គឺមានលក្ខណៈធ្ងន់ធ្ងរ ដោយវង្វេង លែងស្គាល់អ្នកណាទាំងអស់ ព្រោះតែមេរោគបានឡើងពេញឈាម ដោយសាររលាកប្រអប់ត្រចៀកខាងឆ្វេង ធ្វើឱ្យមេរោគឡើងពេញខួរក្បាល។ ដោយ សារស្ថានភាពនេះ គឺតម្រូវឱ្យប្រើថ្នាំដែលធ្ងន់និងថ្លៃ (អាចចំណាយប្រមាណជាង ១០០ដុល្លារក្នុង១ថ្ងៃ) ហើយបើបណ្តែតបណ្តោយ ឪពុកអាចនឹងគ្រោះថ្នាក់ដល់ជីវិត ហេតុនេះក្រុមគ្រួសារ សម្រេចបញ្ចូនឪពុក ទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ ឯរាជធានីភ្នំពេញ តែម្តង។

តាមប្រភពលោក សាវិន ហ្វីលីព បានឱ្យដឹងថា ក្រោយពីទទួលបានដំណឹងថា នាយក្រិន កំពុងធ្លាក់ខ្លួនឈឺធ្ងន់ លោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ និងលោកស្រី ហាក់ ដាណា បានបរិច្ចាគថវិកាចំ នួន១០០០ដុល្លារ ដើម្បីជួយដល់នាយក្រិន ផងដែរ។ ក្រៅពីនេះក៏មានសប្បុរសជនមួយចំនួនទៀត ឧបត្ថម្ភជាបន្តបន្ទាប់ផងដែរ។
ដោយឡែក នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ លោក សាវិន ហ្វីលីព បានឲ្យដឹងថា លោកបានចាត់ចែងបញ្ជូននាយក្រិន តាមទ្បានសង្គ្រោះបន្ទាន់ របស់គ្លីនិក សុវណ្ណ ចេញពីក្រុងបាត់ដំបង ទៅកាន់មន្ទីរពេទ្យព្រះអង្គដួង រាជធានីភ្នំពេញ ដើម្បីសង្គ្រោះជីវិតបន្ទាន់។

គួរបញ្ជាក់ថា តារាកំប្លែងរូបរាងតូចល្អិត វ័យ៤០ឆ្នាំប្លាយ លោកទេស សុជន ហៅនាយក្រិន បានបែកបាក់ប្រពន្ធទី១ ឈ្មោះហ៊ិន ចាន់ធឿន ហៅសុវណ្ណរ៉ា (មានកូន១) នៅខេត្តព្រះសីហនុ និងបែកបាក់ប្រពន្ធទី២ ឈ្មោះយ៉ាយ៉ា នៅភ្នំពេញ ដោយបន្សល់ទុកកូន ចំនួន៣នាក់ (ប្រុស២ ស្រី១) សព្វថ្ងៃលោកកំពុងខំប្រឹងរកស៊ីនិងធ្វើការ ងារសិល្ប: ដើម្បីចិញ្ចឹមកូន និងដោះបំណុលប្រមាណ ៩ម៉ឺនដុល្លារ ជាអកុសល ពេលនេះបែរជាត្រូវធ្លាក់ខ្លួនឈឺធ្ងន់ទៀត។

បន្ទាប់ពីទទួលបានដំណឹងខាងលើនេះ ជនរួមជាតិ និងអ្នកសិល្ប: បានសម្តែងការអាណិតអាសូរចំពោះតារា កំប្លែងខុសខ្នាត អភ័ព្វស្នេហ៍រូបនេះ និងបួងសួងឲ្យនាយបានជាសះស្បើយឆាប់ៗ៕
