ខេត្តកំពង់ស្ពឺ ៖ ក្មេងទំនើង ១ក្រុម ដែលរស់នៅក្នុងមូលដ្ឋាននស្រុកថ្ពង បានធ្វើការបង្ហោះខ្លឹមសារតាមរយៈបណ្តាញសង្គម ក្នុងចេតនាបង្កហេតុ ដល់គូភាគីម្ខាងទៀត ដោយសរសេរសារគំរាម មិនឲ្យគេចូលភូមិ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកថ្ពង ធ្វើការស្រាវជ្រាវឃាត់ខ្លួន សរុបចំនួន១០នាក់។
ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្រឃុំប្រាំបីមុម ស្រុកថ្ពង។

ក្មេងទំនើងទាំង១០នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះម៉ៅ វុទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងត្រោក ឃុំប្រាំបីមុម ស្រុកថ្ពង។ ទី២-ឈ្មោះមេន សុគា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងត្រោក ឃុំប្រាំបីមុម ស្រុកថ្ពង។ ទី៣-ឈ្មោះវ៉ាត រ៉ាវី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងត្រោក ឃុំប្រាំបីមុម ស្រុកថ្ពង។ ទី៤-ឈ្មោះ ថា សុខឡាង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីមុម ស្រុកថ្ពង។ ទី៥-ឈ្មោះ គឿន សុគាន់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីមុម ស្រុកថ្ពង។ ទី៦-ឈ្មោះ ជៀម ថៃ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិឡ ឃុំប្រាំបីមុម ស្រុកថ្ពង។ ទី៧-ឈ្មោះ ហ៊ឺន វន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឡ ឃុំប្រាំបីមុម ស្រុកថ្ពង។ ទី៨-ឈ្មោះទ្រាង ភារម្យ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិឡ ឃុំប្រាំបីមុម ស្រុកថ្ពង។ ទី៩-ឈ្មោះ រីម នរៈ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឡ ឃុំប្រាំបីមុម ស្រុកថ្ពង និងទី១០-ឈ្មោះអម ង៉េង ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិស្វាយ ឃុំយាអង្គ ស្រុកថ្ពង។
លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង បានបញ្ជាក់ឱ្យដឹងថា មុនឈានដល់ការបង្ក្រាបឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើ សមត្ថកិច្ចបានប្រទះឃើញការបង្ហោះក្នុងបណ្តាញសង្គម របស់ក្រុមក្មេងទំនើងខាងលើ ដែលមានចេតនាបង្កហេតុដល់គូភាគីម្ខាងទៀត ដោយក្នុងនោះ ១- គណនីហ្វេសប៊ុក ឈ្មោះ មិថុនា បានបង្ហោះខ្លឹមសារ “បើមិនចង់ងាប់កុំប៉ះក្មេងត្រពាំងត្រោក”។ ២- គណនីហ្វេសប៊ុក ឈ្មោះ Pao បានបង្ហោះខ្លឹមសារ “បើស្រលាញ់ជិវិត កុំប៉ះត្បែងជាប់”។ ៣- គណនីហ្វេសប៊ុក ឈ្មោះ BA បានបង្ហោះខ្លឹមសារ “បើស្រ លាញជីវិត កុំប៉ះក្មេងវត្តត្បែង”។ ៤- គណនីហ្វេសប៊ុក RAVI បានបង្ហោះខ្លឹមសារ “បើចង់រស់ កុំមកភូមិត្រាញវែង”។ ៥- គណនីហ្វេសប៊ុក ឈ្មោះ OGBaZZ បានបង្ហោះខ្លឹមសារ “បើចង់មានជីវិត កុំចូលភូមិឡ”។
បន្ទាប់ពីបានឃើញការបង្ហោះរបស់ក្រុមក្មេងទំនើងខាងលើ លោកអធិការស្រុកថ្ពង បានបញ្ជាឱ្យលោកវរសេ នីយ៍ទោ ហ៊ុន សុខពិសិដ្ឋ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ បានចុះសហការបង្ក្រាប ឃាត់បានក្រុមក្មេងទំនើង សរុបចំនួន១០នាក់ យកមកថតរូប នៅដងទង់ជាតិ និងធ្វើ កិច្ចសន្យា នៅអធិការដ្ឋាននគរបាលស្រុកថ្ពង រួច ទើបឱ្យវិលត្រឡប់ទៅគេហដ្ឋានវិញ។

ដោយមានការអនុញ្ញាតពីលោកអភិបាលស្រុកថ្ពង និងការអនុញ្ញាតពីលោកអធិការនគរបាលស្រុក កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ បានអញ្ជើញអាណាព្យាបាល មកធ្វើកិច្ចសន្យា អប់រំប្រៀនប្រដៅកូនៗ ត្រូវតែខិតខំរៀនសូត្រ និងចូលរៀន ឱ្យបានគ្រប់ម៉ោង ដោយបញ្ឈប់ សកម្មភាពប្រើប្រាស់បណ្តាញសង្គម លើផ្លូវខុស ពិសេស ការបង្ហោះនូវខ្លឹមសារដែលជាសម្តីអសីលធម៌នៅក្នុងសង្គម ប៉ះពាល់ដល់កិត្តិយស មុខមាត់អ្នកស្រុកថ្ពង៕