ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានសម្រេចបិទមន្ទីរពហុព្យាបាល ឥន្ទ្រទេវី១ ក្រោយពីផ្ទុះរឿងដេរមុខរបួស ៦ថ្នេរ គិតលុយអស់ ១៩៨ដុល្លារ ធ្វើឱ្យកើតជាជម្លោះប្រតាយប្រតប់ ដោយអ្នកគ្រូពេទ្យជាម្ចាស់គ្លីនិក ចាប់អូសកូនស្រីអ្នកជំងឺ ចូលក្នុងបន្ទប់ ដកហូតយកទូរស័ព្ទនិងថ្នាំពេទ្យ ទាមទារឱ្យបង់លុយថ្លៃព្យាបាល ដែលក្រសួង សុខាភិបាល បានចាត់ទុកថា ប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ បណ្តាលឱ្យប៉ះពាល់ដល់លទ្ធផលនៃការបម្រើសេវាពិនិត្យព្យាបាលជូនដល់ប្រជាជន មិនបានសមរម្យ។

យោងតាមសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយលោកវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការ បានសម្រេចដូចខាងក្រោម ៖
ប្រការ១ ៖ បិទមន្ទីរពហុព្យាបាល ឥន្ទ្រទេវី១ ដែលមានទីតាំងនៅផ្ទះលេខ៦៥ ផ្លូវលេខ២៧៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមូលហេតុប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ ដែលបណ្តាលឱ្យប៉ះពាល់ដល់លទ្ធផលនៃការបម្រើសេវាពិនិត្យ ព្យាបាលជូនដល់ប្រជាជនមិនបានសមរម្យ។
ប្រការ២ ៖ លោកស្រីវេជ្ជបណ្ឌិត ឡេង ចេងលាង និងម្ចាស់ទុនទាំងអស់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ជាធរមាន នូវបន្ទុកផ្លូវច្បាប់ទាំងឡាយ ដែលបានកើតឡើងអំឡុងពេលនៃសកម្មភាពអាជីវកម្មរបស់ខ្លួន។
ប្រការ៣ ៖ អគ្គនាយកបច្ចេកទេសសុខាភិបាល អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ អគ្គាធិការក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត ឡេង ចេងលាង មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ…។

គួររំលឹកថា ស្ត្រីចំណាស់ម្នាក់ បានរងរបួសមុតដៃ ត្រូវបានកូនៗបញ្ជូនមកកាន់គ្លីនិកឯកជន ឥន្ទ្រទេវី១ ដើម្បីឱ្យគ្រូពេទ្យជួយព្យាបាល ដេររបួស លុះក្រោយពីគ្រូពេទ្យដេរមុខរបួស ៦ថ្នេរ គិតលុយ ស្រាប់តែអស់ដល់ទៅ ១៩៨ដុល្លារ ធ្វើឱ្យក្រុមគ្រួសារអ្នកជំងឺ គ្មានលទ្ធភាពបង់ សុំបញ្ចុះតម្លៃ តែមិនត្រូវរ៉ូវគ្នា ចុងក្រោយភាគីអ្នកជំងឺ មានលុយត្រឹម ៥០ដុល្លារ តែខាងគ្លីនិក មិនព្រមទទួលយក ក៏កើតជាជម្លោះប្រតាយប្រតប់ ដោយអ្នកគ្រូពេទ្យ បានចាប់អូសកូនស្រីអ្នកជំងឺ ចូលក្នុងបន្ទប់ ដកហូតយកទូរស័ព្ទនិងថ្នាំពេទ្យ ទាមទារឱ្យបង់លុយថ្លៃព្យាបាលគ្រប់ចំនួន។

តាមសម្តីស្ត្រីជាកូនស្រីអ្នកជំងឺ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ម្តាយរបស់នាង បានមុតដៃខាងស្តាំ និងត្រូវបានពួកនាងជាកូន ដឹកបញ្ជូនមកកាន់មន្ទីរពហុព្យាបាល ឥន្ទ្រទេវី ដើម្បីឱ្យគ្រូពេទ្យជួយព្យាបាល ដេរមុខ របួស។ លុះពេលមកដល់ គ្រូពេទ្យបានលាងរបួស រួចដេរចំនួន ៦ថ្នេរ ដោយពេលដេរនោះ គ្រូពេទ្យបានចាក់ថ្នាំស្ពឹក និងព្យួរសេរ៉ូមបំបាត់ការឈឺចាប់ផងដែរ។ លុះក្រោយមក ម្តាយរបស់នាងអន់ឈឺ ក៏ទារត្រឡប់ទៅផ្ទះវិញ ទើបនាងបានឱ្យគ្រូពេទ្យគិតលុយ ដើម្បីរៀបចំចេញពីពេទ្យ។

ស្ត្រីជាកូនស្រីអ្នកជំងឺ បានបន្តថា បន្តិចក្រោយមក គ្រូពេទ្យបានយកបុង (វិក្កយបត្រ) មកប្រគល់ឱ្យនាង ដែលមានតម្លៃសរុប ១៩៨ដុល្លារ លុះនាងសួរថា “ម៉េចក៏ថ្លៃម៉្លេះ?” គ្រូពេទ្យ ពន្យល់ប្រាប់ថា ថ្លៃសេវាកម្មពេទ្យ ១០ ដុល្លារ ថ្លៃដេរ បូកជាមួយថ្លៃថ្នាំបំបាត់ការឈឺចាប់ និងថ្នាំស្ពឹក អស់១៣៥ដុល្លារ ថ្លៃសេរ៉ូម ចំនួន២ប្លោក (តូច១ ធំ១) អស់៤៨ដុល្លារ និងថ្លៃលាងរបួស សម្លាប់មេរោគ អស់៥ដុល្លារទៀត សរុប ១៩៨ដុល្លារ។ បន្ទាប់មក នាងបានព្យាយាមសុំឱ្យគ្រូពេទ្យជួយបញ្ចុះតម្លៃ ហើយគ្រូពេទ្យបានចុះឱ្យ ២លើក (២០ភាគរយ) ប៉ុន្តែនៅសល់តម្លៃ ១៧១ ដុល្លារ តែដោយសារនាងគ្មានលទ្ធភាពបង់ ទើបព្យាយាមចរចាតម្លៃ តែមិនត្រូវគ្នា ដោយគ្រូពេទ្យ មិនព្រមចុះ តម្លៃឱ្យទៀតទេ។

កូនស្រីអ្នកជំងឺ បានឱ្យដឹងបន្តថា ដោយសារតែនាងគ្មានលុយបង់ឱ្យពេទ្យ ទើបគ្រូពេទ្យបានឃាត់មិនឱ្យម្តាយនាងចេញឡើយ ដោយទុកឱ្យគាត់អង្គុយហាលថ្ងៃ ទាំងមិនទាន់បានហូបបាយនៅឡើយ។ ចំណែកនាង ដោយឃើញម្តាយកំពុងមានរបួស ហេវហត់អស់កម្លាំង មិនអាចទ្រាំទ្របាន ក៏និយាយជាមួយគ្រូពេទ្យ ដោយសុំឱ្យម្តាយត្រឡប់ទៅផ្ទះមុន ទុកឱ្យនាងជាកូន នៅដោះស្រាយជាមួយ តែគ្រូពេទ្យ មិនព្រមឱ្យចេញឡើយ ដោយប្រាប់ថា “អត់ទាន់គិតលុយ អត់ទាន់ឱ្យចេញបានទេ!”។ លុះមួយសន្ទុះក្រោយមក ទើបគ្រូពេទ្យនោះ បានទាក់ទងទៅមេរបស់គាត់ (អ្នកគ្រូពេទ្យដែលចាប់អូសនាងនិងដកហូតយកទូរស័ព្ទ និងថ្នាំពេទ្យនាង) ឱ្យចុះមកដោះស្រាយជាមួយនាងបន្តទៀត។ ពេលអ្នកគ្រូពេទ្យរូបនោះ មកដល់ នាងក៏ប្រាប់ថា នាងអត់មានលុយទេ ស្រាប់តែអ្នកគ្រូពេទ្យ បាននិយាយថា “បើអត់លុយ ម៉េចមិនទៅពេទ្យ រដ្ឋ?” ធ្វើឱ្យនាងអស់ពាក្យនឹងតបត ក៏សុំបង់ថ្លៃត្រឹម ២០ម៉ឺនរៀល ស្មើនឹង៥០ដុល្លារ តែអ្នកគ្រូពេទ្យរូបនោះ មិនព្រមទទួលយកដាច់ខាត រួចក៏កើតមានទំនាស់ពាក្យសម្តី និងទាញទូរស័ព្ទដៃ ថតទៅវិញទៅមករៀងខ្លួន ស្រាប់តែអ្នកគ្រូពេទ្យ បានស្ទុះមកចាប់យកទូរស័ព្ទរបស់នាង រួចព្យាយាមប្រតាយប្រតប់អូសនាងចូលទៅក្នុងបន្ទប់ពេទ្យ ហើយដកហូតយកកញ្ចប់ថ្នាំពេទ្យ ដែលនាងទិញពីក្រៅមក តម្លៃប្រមាណ ៧០ម៉ឺនរៀល យកទៅទុកបាត់ សូម្បីតែលុយចំនួន ២០ម៉ឺនរៀល ដែលនាងសុំបង់ ក៏ត្រូវអ្នកគ្រូពេទ្យ ដកយកអស់ដែរ ហើយទោះជាពួកនាងព្យាយាមសុំយកទូរស័ព្ទនិងថង់ថ្នាំពេទ្យ មកវិញ ក៏គ្រូពេទ្យមិនព្រមប្រគល់ឱ្យវិញឡើយ ដោយអះអាងថា នៅពេលទូទាត់ថ្លៃពេទ្យរួច នឹងប្រគល់ឱ្យវិញ។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីភាគីតំណាងមន្ទីរពហុព្យាបាល ឥន្ទ្រទេវី ខាងលើ បានទេ កាលពីម្សិលមិញ៕
