ខេត្តបន្ទាយមានជ័យ ៖ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ទ្រង់ទ្រាយធំ ឈ្មោះឆាយណាបឹងបេង ស្ថិតនៅភូមិអូរអម្ពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។


ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នង ការរងនគរបាលជាតិ ដោយមានការចូលរួមពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។


តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា នៅក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបទីតាំងឆបោកអនឡាញ ទ្រង់ទ្រាយធំនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ជាច្រើននាក់ និងដកហូតបានវត្ថុតាងមួយចំនួន ខណៈដែលជនសង្ស័យជាច្រើននាក់ផ្សេងទៀត ដឹងខ្លួនមុន បានរត់គេចខ្លួនចេញតាមផ្លូវក្រោយ ដោយមានរថយន្តទំនើប ជាច្រើនគ្រឿង រង់ចាំដឹកជញ្ជូនគេចចេញបាត់អស់ដោយសវុត្ថិភាព។

ជនសង្ស័យដែលឃាត់ខ្លួនបាន ត្រូវបានបញ្ជូនទៅសាកសួរ និងបន្តនីតិវិធី៕


