ខេត្តកណ្តាល ៖ ក្មេងទំនើងឈាមរាវ ១ក្រុម មានគ្នា ចំនួន២១នាក់ បានធ្វើសកម្មភាពលើកគ្នាមកកាប់យុវជនម្នាក់ ដល់ផ្ទះ តែត្រូវយុវជនរងគ្រោះដឹងខ្លួនទាន់ ស្ទុះរត់ចូលផ្ទះ ទាញទ្វារបិទ ក៏ត្រូវក្រុមក្មេងទំនើង ព្រួតគប់និងកាប់កម្ទេចកញ្ចក់ទ្វារផ្ទះ បណ្តាលឱ្យខូចខាត រួចនាំគ្នារត់គេចខ្លួនបាត់អស់។ លុះក្រោយមក ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន ចំនួន២នាក់ នាំយកមកចាត់ការតាមច្បាប់ ខណៈបក្ខពួកផ្សេងទៀត កំពុងរត់គេចខ្លួន។ករណីអំពើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៏ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះ មានឈ្មោះទ្រី គីមហេង អាយុ១៦ឆ្នាំ ភេទប្រុស មុខរបរកម្មករ មានលំនៅក្នុងភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកក្មេងទំនើង ទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះជា សូយស៊ីន អាយុ១៥ឆ្នាំ ភេទប្រុស មុខរបរសិស្ស មានលំនៅ ភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល និងទី២-ឈ្មោះគ្រុយ ជាវ៉ាន់ ហៅហេង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

រីឯក្មេងទំនើង ៧នាក់ ដែលរត់គេចខ្លួន រួមមាន ១-ឈ្មោះហៀង ២-ឈ្មោះឡុង ៣-ឈ្មោះអេន ចាន់ពណ៌ ៤-ឈ្មោះកា រិទ្ធី ៥-ឈ្មោះបូ ណា ៦-ឈ្មោះសេង និង៧-ឈ្មោះផល្លា មានអាយុចន្លោះពី១៤ ទៅ១៦ឆ្នាំ ខ្លះជាសិស្ស ខ្លះគ្មានមុខរបរពិតប្រាកដ និងមានលំនៅក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ ចំពោះវត្ថុតាងចាប់យក រួមមាន កាបូបពណ៌ខ្មៅ ចំនួន១ ដុំថ្មចំនួន ៤ដុំ និងកាតសិស្ស ចំនួន១។

លោកអធិការ បានបន្តថា នៅវេលាកើតហេតុ ជនរងគ្រោះកំពុងអង្គុយលេងក្នុងផ្ទះ ជាមួយបងប្អូន នៅទីតាំងកើតហេតុ ពេលនោះស្រាប់តែឃើញឈ្មោះ ជា សូយស៊ីន និងឈ្មោះគ្រុយ ដាវ៉ាន់ ព្រមទាំងបក្ខពួក មានគ្នា២១នាក់ មានម៉ូតូ ចំនួន៩គ្រឿង បានចុះពីលើម៉ូតូ ស្ទុះមកកាប់ជនរងគ្រោះ តែបានប្អូនរបស់ជនរងគ្រោះ នៅខាងមុខផ្ទះ ឃើញទាន់ ក៏ស្រែកប្រាប់ថា “ពួកវាមកទៀតហើយ!” ពេលនោះជនរងគ្រោះ បានដឹងខ្លួនទាន់ ក៏ស្ទុះមកបិទទ្វារ ធ្វើឱ្យក្រុមក្មេងទំនើងខឹងកាប់មនុស្សមិនបាន ក៏យកដុំថ្មគប់ និងកាប់កញ្ចក់ទ្វារនិងបង្អួចផ្ទះជនរងគ្រោះ បណ្តាលឲ្យបែក។ ក្រោយពេលធ្វើសកម្មភាពរួច ក្រុមក្មេងទំនើង បាននាំគ្នារត់ឡើងជិះម៉ូតូ គេចពីកន្លែងកើតហេតុ។ បន្ទាប់មក ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ។
ក្រោយទទួលបានពាក្យបណ្តឹងភ្លាម លោកអធិការ បានបញ្ជាកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសិត្បូ សហការជាមួយប៉ុស្តិ៍នគរបាលត្រើយស្លា ស្រុកស្អាង ធ្វើការស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ រួមទាំងវត្ថុតាង បញ្ជូនមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសាកសួនិងកសាងសំណុំរឿង តាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួននិងបក្ខពួក ពិតជាបានធ្វើសកម្ម ភាពប្រើហិង្សាដោយចេតនា ទៅលើជនរងគ្រោះ ប្រាកដមែន។
ជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដោយសមត្ថកិច្ចបន្តស្រាវជ្រាវបក្ខពួកដែលរត់គេច ដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់៕