ខេត្តបាត់ដំបង ៖ ក្រុមក្មេងទំនើង ចំនួន២ក្រុម បានធ្វើសកម្មភាពបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យពេញដងផ្លូវ ឌឺគ្នា ដោយក្នុងនោះ ក្មេងទំនើង ១ក្រុម បានស្កាត់មកពីខេត្តប៉ៃលិន ចូលមកបង្ហោះម៉ូតូនៅក្នុងភូមិសាស្ត្រឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ខណៈក្មេងទំនើង ១ក្រុមទៀត ជាអ្នករស់នៅខេត្តបាត់ដំបង ក្រោយមកកម្លាំងសមត្ថញកិច្ចបានចុះអន្តរាគមន៍បង្ក្រាប ឃាត់ខ្លួនក្រុមក្មេងទំនើងទាំង២ក្រុម សរុបចំនួន៩នាក់។

យោងតាមរបាយការណ៍របស់លោកហេង បារាំង អធិការនគរបាលស្រុកបាណន់ បានឱ្យដឹងថា ក្មេងទំនើង ទាំង២ក្រុម បានធ្វើសកម្មភាពដាច់ដោយឡែកពីគ្នា ហើយត្រូវបានកម្លាំងជំនាញ សហការជាមួយកម្លាំងមូល ដ្ឋាន តាមបង្ក្រាបបានជាបន្តបន្ទាប់ ក្រោយពួកគេធ្វើសកម្មភាពជិះម៉ូតូបង្ហោះតាមដងផ្លូវ យ៉ាងអនាធិបតេយ្យ។ ក្មេងទំនើងទាំង ២ក្រុមនេះ ១ក្រុមមាន គ្នា៦នាក់ និង ១ក្រុមទៀត មានគ្នា៣នាក់។
របាយការណ៍ដដែល បានបញ្ជាក់ថា ក្រុមក្មេងទំនើងដែលមានគ្នា ៦នាក់ ១-ឈ្មោះខាន់ សុខឃីម ភេទប្រុស អាយុ១៧ឆ្នាំ ២-ឈ្មោះ វ៉ានន៉ សំណាង ភេទប្រុស អាយុ១៦ឆ្នាំ ៣-ឈ្មោះ នឿន ចាន់នុ ភេទប្រុស អាយុ១៦ឆ្នាំ ៤-ឈ្មោះ ភួង ប៊ុនធឿន ភេទប្រុស អាយុ១៧ឆ្នាំ ៥-ឈ្មោះម៉េត សាម៉ុត ភេទប្រុស អាយុ១៧ឆ្នាំ និង៦-ឈ្មោះបូ មករា ភេទប្រុស អាយុ១៧ឆ្នាំ ក្នុងឯកសណ្ឋានអាវឈុតខ្មៅ បានជិះម៉ូតូ៣គ្រឿង បង្ហោះនៅលើដងផ្លូវក្នុងភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់។
តាមការពិនិត្យមើលសកម្មភាព និងចេតនារបស់ក្រុមក្មេងទំនើងទាំង ៦នាក់នេះ ហាក់មានចេតនាមកបង្ករឿងតែម្តង ព្រោះពួកគេបានស្កាត់មកពីខេត្តប៉ៃលិន មកបង្ហោះម៉ូតូ នៅស្រុកបាណន់ ខេត្តបាត់ដំបង។
ដោយឡែក ក្មេងទំនើងមួយក្រុមទៀត មានគ្នាចំនួន៣នាក់ (១-ឈ្មោះហ៊ុំ ជីវ៉ាត់ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិតាង៉ែន ឃុំតាគ្រាម ២-ឈ្មោះ គឹម លិ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង និង៣-ឈ្មោះ គល់ យ៉ុង ភេទប្រុស អាយុ១៤ឆ្នាំ នៅភូមិព្រៃទទឹង ឃុំអូរតាគី ស្រុកថ្មគោល) ជិះម៉ូតូចំនួន២គ្រឿង ក្នុងឯកសណ្ឋានខោអាវកីឡាឈុតពណ៌ក្រហម បានជិះម៉ូតូបង្ហោះនៅលើដងផ្លូវ ត្រង់ចំណុចភូមិប៉ោយស្វាយ ឃុំតាគ្រាម កាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ និងត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។

ក្រុមក្មេងទំនើង ទាំង២ក្រុម (៩នាក់) ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យា អប់រំណែនាំ និងកោះហៅឪពុកម្តាយ មកធានាយកត្រឡប់ទៅផ្ទះវិញ ដើម្បីអប់រំបន្ត។ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចដកហូតរក្សាទុកជាបណ្តោះអាសន្ន រយៈពេល៣ខែ៕