ភ្នំពេញ ៖ ស្រីស្អាត រ៉េត ស៊ូហ្សាណា រកបានដៃគូថ្មីម្នាក់ទៀតហើយ ប៉ុន្ដែនៅតែមិនមែនជាតារារ៉េប វណ្ណដា ដូច Fan ចង់ឃើញនោះទេ ព្រោះបុរសនោះ ជាលោក នរិទ្ធ តាមរយៈការចាប់ដៃគ្នាច្រៀងបទ «How can i be in love » ។

ហ្សាណា ប្រែប្រួលទាំងរូបសម្រស់និងការតែងខ្លួន នៅឆ្នាំ២០២៦ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ តាំងពីនាងជ្រកនៅផលិតកម្មបារមី ជិត២ឆ្នាំ មកនេះ ម្ដាយនាងមិនសូវតឹងតែងដូចអំឡុងនាងច្រៀងនៅហង្សមាស ដែលប្រុសៗមិនហ៊ានស្និទ្ធហ្សាណា នោះទេ ព្រោះ នរិទ្ធ អាចសម្ដែងជាមួយនាង ទៅតាមអត្ថន័យបទចម្រៀង ដូចជាគូសង្សារ។ នេះជាជាដៃគូទី២ របស់ស្រីស្រស់ ហ្សាណា តាំងពីនាងច្រៀងនៅបារមី ខណៈដែលអំឡុងចាប់ដៃគូជាមួយលោក យូហៃ នាងមិនទាន់ទាំងបាត់រឿងត្រូវគេសង្ស័យថា ពួកគេស្និទ្ធគ្នាលើសពីធម្មតា ព្រោះយូហៃ ក៏ធ្លាប់សារភាពថា លោកស្រលាញ់នាងនោះ ឥឡូវបែរជានាងងាកមកចាប់ដៃគូថ្មីទៅវិញ ។ ចំណែកអ្នកគាំទ្រ នៅតែចង់ឃើញនាងច្រៀងរ៉េប ជាមួយវណ្ណដា ច្រើនជាងតារារួមទ្រនំផ្សេងទៀត ព្រោះបើតារាទាំងពីរ ក្លាយជាដៃគូ នឹងអាចធ្វើឲ្យទីផ្សារចម្រៀងពួកគេ មានការប្រែប្រួលជាមិនខាន ពិសេសគឺហ្សាណា តែម្ដង។

គួររំលឹកថា កាលរ៉េត ស៊ូហ្សាណា ច្រៀងនៅហង្សមាស នាងធ្លាប់ចាប់ដៃគូជាមួយលោកដួង វីរៈសិទ្ធ, សុវត្ថិ មុនីនាគ (N.John) និងលីម តិចម៉េង ។ ប៉ុន្ដែមានតែលោកមុនីនាគ កូនឧកញ៉ា ព្រាប សុវត្ថិ ប៉ុណ្ណោះដែលស្និទ្ធនាង ទាំងក្នុងនិងក្រៅឆាក រហូតគេសង្ស័យថា ពួកគេជាគូសង្សារទៀតផង ។ ប៉ុន្តែអ្វីៗត្រូវបានបញ្ចប់ ក្រោយលោកស្រី ឡុង ស្រីមុំ ភរិយាលោកឧកញ៉ា ព្រាប សុវត្ថិ កាលពីឆ្នាំ២០២២ បានចេញមកបដិសេធថា កូនកំលោះទី២ របស់លោកស្រី សុវត្ថិ មុនីនាគ គ្មានទំនាក់ទំនងស្នេហាជាមួយហ្សាណា ទើបជាង ៣ឆ្នាំ ចុងក្រោយនេះ គេមិនដែលឃើញស្រីស្រស់រូបនេះ ដើរចូលមុនីនាគ ដូចមុនទៀតទេ បើទោះជាកាលពីខែកក្កដា ឆ្នាំ២០២៥ នាងបានចេញទៅច្រៀងសម្ដែងនៅអាមេរិក ហើយមុនីនាគ កំពុងរស់នៅទីនោះក្ដី ។


ប្រភពថា ទោះជារ៉េត ស៊ូហ្សាណា ត្រូវម្ដាយបណ្ដោយឲ្យអាចសម្ដែងស្និទ្ធជាមួយតារាប្រុសដែលចាប់ដៃជាមួយនាង ដូចតារាស្រីដទៃទៀតក៏ដោយ តែហ្សាណា នៅតែត្រូវបានឪពុកម្ដាយនាង ដើរតាមឆាកតន្រ្ដីមួយចំនួនដដែល ហេតុនេះ បុរសដែលចង់សុំស្នេហា ហើយចង់លេងផ្លូវកាត់ គឺមិនអាចទៅរួចជាដាច់ខាត ស្របពេលដែលការចាប់អាជីពចម្រៀង ១០ឆ្នាំមកនេះ នាងមិនដែលប៉ះរឿងអាស្រូវស្នេហាឡើយ ។ ចំណែកការឈរនៅទ្រនំទីពីរនេះ គេសង្កេតឃើញហ្សាណា មិនសូវមានបទល្បីៗដូចកាលនៅហង្សមាស ទេ ហើយក៏មិនសូវចេញ ច្រៀង Concerts ធំៗដូចមុនដែរ ។ ប៉ុន្ដែអ្វីដែលស្រីសស់រូបនេះ រីករាយ គឺនាងត្រូវបានថៅកែផលិតកម្ម ផ្ដល់សិទ្ធិពិសេសឲ្យលើសពីតារាចម្រៀង ពោលគឺនាងអាចនិពន្ធទំនុកច្រៀង និងអាចធ្វើជាអ្នកដឹកនាំ MV បទខ្លួន ឯងតែម្ដង ដែលផ្ទុយពីអំឡុងជ្រកនៅហង្សមាស នាងគ្រាន់តែជាតារាចម្រៀងធម្មតាម្នាក់ ធ្វើការទៅតាមអ្នកដឹកនាំចាត់ចែងឲ្យប៉ុណ្ណោះ ។


សូមបញ្ជាក់ថា រ៉េត ស៊ូហ្សាណា បានចេញចម្រៀងបាន ៦បទហើយ តាំងពីចូលបារមី ដែលបទទាំងនោះ ជាស្នាដៃនិពន្ធនិងដឹកនាំដោយរូបនាងផ្ទាល់ មានដូចជា «2Am», «ត្រូវការកម្លាំងចិត្ត», «ស្រី្ដសេរី», «Me And You», «How Can I Be In Love» និងបទ «Baby I Promise You» ៕


