ភ្នំពេញ ៖ ស្រីស្រស់ ប៉ាច គីមមួយ បានដឹកដៃប្រុសសង្ហា ជាគូដណ្ដឹង លោក សយ រតនៈ ចូលជ្រកនៅផលិត កម្មសាន់ដេ ជាផ្លូវការហើយ ក្រោយពួកគេចេញពីហង្សមាស បាន២ឆ្នាំ ។ ស្រីស្អាត គីមមួយ ចាត់ទុកថា នេះជាការទន្ទឹងរង់ចាំបានមកដល់ និងទុកសាន់ដេ ថាជាគ្រួសារថ្មី ។ ចំណែកអនាគតស្វាមីនាង លោក សយ រតនៈ ថាជំហានថ្មីនេះ លោកនឹងមានអ្វីថ្មីៗជាបន្ដបន្ទាប់ ប៉ុន្ដែមិនបញ្ជាក់ថាជារឿងអ្វីឡើយ។

អ្នកយកព័ត៌មាន «នគរធំ» បានទូរស័ព្ទទៅប៉ាច គីមមួយ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ តែនាងថា កំពុងងងុយគេង មិនទាន់អាចនិយាយបានទេ ។ យ៉ាងណា ការដែលគីមមួយ សម្រេចចិត្តចូលផលិតកម្មទី២នេះ ជាការផ្លាស់ប្ដូរជំហររបស់នាង ដែលក្រោយចេញពីហង្សមាស កាលពីឆ្នាំ២០២៤ នាងច្រៀងនិងផលិតបទចម្រៀង ដោយខ្លួនឯង។ ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ ការបោះជំហានទៅដល់សាន់ដេ របស់តារារូបស្អាតនេះ គឺទាល់ តែបានទៅជាមួយដៃគូពិសេសរបស់នាង គឺលោក សយ រតនៈ ទើបនាងព្រមទៅ ហេតុនេះច្បាស់ណាស់ថាថៅ កែសាន់ដេ នឹងផលិតបទចម្រៀងឲ្យពួកគេច្រៀងឆ្លងឆ្លើយគ្នាជាថ្មី ដូចដែលហង្សមាស ធ្លាប់បានធ្វើដែរជាមិន ខាន ។

ប៉ាច គីមមួយ អតីតបេក្ខភាព The Voice Cambodia រដូវកាលទី១ បានច្រៀងជិត ១០ឆ្នាំនៅហង្សមាស ហើយកាដែលនាងនិងគូស្នេហ៍ ដើរចេញពីទ្រនំធំនេះ មិនមែនមានជម្លោះជាមួយទ្រនំចាស់ឡើយ ប៉ុន្ដែពួកគេអះអាងថា ដោយសារផុតកុងត្រា ។ គីមមួយ ល្បីបទ «ស្រលាញ់គ្នាយូរបានទេ?» ប៉ុន្ដែបទចម្រៀងដែលនាងច្រៀង Cover ពីបទលោកព្រាប សុវត្ថិ, ឆាយ វីរៈយុទ្ធ និង ឆន សុវណ្ណារាជ ជាដើម សុទ្ធតែទទួលបានការគាំទ្រច្រើន ដោយថែមទាំងត្រូវបានគេចាត់ទុកថា នាងជាតារាស្អាតហើយច្រៀងពីរោះទៀតផង ។ កាលពីខែខែតុលា ឆ្នាំ២០២៥ គីមមួយ ជាតារាខ្មែរម្នាក់ មានឱកាសច្រៀងក្នុងព្រឹត្តិការណ៍ប្រគំតន្រ្ដីមិត្តភាពអាស៊ាន ឆ្នាំ២០២៥ (ASIAN Friendship Concert 2025 )នៅមហោស្រព Seri Angkasa នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ផងដែរ។ ក្រៅពីបទខ្មែរ នាងអាចច្រៀងបទជាភាសាចិន និងបទអង់គ្លេស មួយចំនួនទៀតផង ។

សូមបញ្ជាក់ដែរថា ប៉ាច គីមមួយ មានសម្រស់គួរឲ្យក្នាញ់ ជាមុខសញ្ញានៃការតាមស្នេហ៍ពីសំណាក់មន្រ្ដីធំ និងប្រុសៗមានទ្រព្យស្ដុកមួយចំនួន តែស្រីស្អាត គីមមួយ ខុសពីស្រីស្អាតមួយចំនួនទៀត ព្រោះលុយ មិនអាចទិញស្នេហានាងបានទេ ប្រសិនបើប្រុសនោះ នាងគ្មានអារម្មណ៍បេតី ទើបគេហៅនាងថា ស្រលាញ់តែប្រុសក្មេង ។ គីមមួយ ក៏មិនប្រកែកទេ ដោយនាងធ្លាប់អះអាងថា មនុស្សប្រុស វ័យចាប់ពី ៤០ឆ្នាំឡើង នាងគ្មានអារម្មណ៍ឡើយ ហើយទីបំផុត នាងបានភ្ជាប់ពាក្យជាមួយប្រុសក្មេងជាងខ្លួន លោក សយ រតនៈ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ប៉ុន្ដែបែរជាលុបចោលមង្គលការ នៅឆ្នាំ២០២៣ ហើយពេលនេះ លែងហ៊ានកំណត់ថ្ងៃរៀបការទៅវិញ ។ ប៉ុន្តែលោក រតនៈ ធ្លាប់ប្រាប់ថា ទោះជាមិនទាន់បានរៀបការ តែពេលនេះ លោកនិងអូនគីមមួយ រស់នៅក្រោមដំបូលផ្ទះជាមួយគ្នា ដូចប្ដីប្រពន្ធទៅហើយ ។ ប៉ុន្តែលោក រតនៈ តាំងចិត្តថា នឹងមិនមានគម្រោងយកកូនជាមួយគីមមួយ មុនពេលរៀបការឡើយ ។


អ្នកជំនាញសិល្បៈ ថាបើសិនជា ប៉ាច គីមមួយ ចាប់ដៃជាមួយលោក ឆាយ វីរៈយុទ្ធ នោះទីផ្សារចម្រៀងរបស់នាង នឹងកាន់តែទទួលបានការចាប់អារម្មណ៍ថែមទៀតជាមិនខាន ។ ប៉ុន្ដែការដណ្ដើមភាពលេចធ្លោនៅសាន់ដេ ក៏មិនងាយស្រួលឡើយ សម្រាប់អនាគតភរិយារបស់លោក រតនៈ ព្រោះអ្នកណាៗក៏បានដឹងដែរថា តារាស្រីតួឯកនៅសាន់ដេ ជាង១០ឆ្នាំ មក គឺសុខ ពិសី ដែលមានខ្នងបង្អែកធំ គឺលោកថៅកែក្មេងរបស់សាន់ដេ នោះតែម្តង៕

