ខេត្តស្ទឹងត្រែងៈ ជនសង្ស័យម្នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញឆ្មក់ចុះបង្ក្រាប ខណៈ ដែលជនសង្ស័យកំពុងបើកទូកដើរលក់ថ្នាំញៀន លុះគ្រាន់តែឃើញសមត្ថកិច្ច ជនសង្ស័ យបានព្យាយាមលោតចូលទឹករត់គេចដែរ តែត្រូវ សមត្ថកិច្ចចាប់ក្របួចជាប់។

ការចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនខាងលើ បានធ្វើឡើង កាលពីវេលាម៉ោង២ និង៥៥នាទី រសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅចំណុចកំពង់ទឹក ក្នុងភូមិសាស្ត្រឃុំស្រែ គរ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឆឹង សិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិស្រែគរ១ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង២និង៥៥នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ កម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយអធិការរដ្ឋាននគរបាលស្រុកសេសាន បានចុះបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន១ ករណី ស្ថិតនៅចំណុចកំពង់ទឹក ក្នុងភូមិសាស្ត្រឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយឃាត់ខ្លួនជន សង្ស័យម្នាក់ ឈ្មោះឆឹង សិដ្ឋ ព្រមតាំងដកហូតវត្ថុតាង នៅកន្លែងកើតហេតុ រួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀន ចំនួន២កញ្ចប់ (ធំ១កញ្ចប់ និងតូច១កញ្ចប់) ឧបករណ៍សម្រាប់ច្រក និងសេពគ្រឿងញៀនមួយចំនួន ទូកស្មាច់១គ្រឿង ព្រមទាំងម៉ាស៊ីនកាណូត ម៉ាកហ៊ីណូតា 9និះតៀបា កម្លាំង១៨សេះ ពណ៌ស្លាទុំ ចំនួន១គ្រឿង។

ប្រភពដដែលបន្តថា ដោយមានការសម្របសម្រួលនីតិវិធីពីលោកស៊ិន សុហឹង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង ខេត្តស្ទឹងត្រែង កម្លាំងសមត្ថកិច្ចបានបន្តឈានទៅដល់ការឆែកឆេរលំនៅឋានរបស់ជនសង្ស័យ នៅវេលាម៉ោង៣និង០៥នាទីថ្ងៃដដែល ដោយរក ឃើញ វត្ថុតាងបន្ថែម រួមមាន អាវុធកែច្នៃបាញ់ហ្គាសចំនួន១ដើម ឧបករណ៍ឆក់ត្រី៤គ្រឿង និងអាគុយ៤០អំពែរ១គ្រឿង ម៉ូតូយ៉ាម៉ាហា ពណ៌ស លាយខ្មៅ១គ្រឿង រួមទាំងឧបករណ៍ពាក់ព័ន្ធមួយចំនួនទៀត។

ជនសង្ស័យខាងលើ រួមជាមួយវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូង ខេត្តស្ទឹងត្រែង ចាត់ការតាមនីតិវិធី៕