Thursday, April 2, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចិន៤នាក់ កាន់កាំភ្លើង២ដើម ជួញថ្នាំញៀន 

ចិន៤នាក់ កាន់កាំភ្លើង២ដើម ជួញថ្នាំញៀន 

ភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានសហការជាមួយកម្លាំងអធិការនគរបាលខណ្ឌសែនសុខ និងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងផ្ទះលេខ២៣ ផ្លូវ J-01 បុរីហ្គ្រេនភ្នំពេញ ក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ រកឃើញគ្រឿងញៀន ហើយធ្វើការស្រាវជ្រាវឈានដល់ការចាប់ខ្លួន ជនជាតិចិន ជាបន្ត បន្ទាប់ ចំនួន៤នាក់ ដកហូតកាំភ្លើងខ្លី ២ដើម និងថ្នាំញៀន មួយចំនួន។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរ បាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា ក្នុងការត្រួតពិនិត្យនេះ កម្លាំងសមត្ថកិច្ចបានរកឃើញវត្ថុតាងពាក់ព័ន្ធបទល្មើសគ្រឿងញៀន រួមមាន ៖ ១-ម្សៅម៉ដ្ឋពណ៌ស ចំនួន១ កញ្ចប់។ ២-ម្សៅម៉ដ្ឋពណ៌ទឹកដោះគោ ចំនួន១កញ្ចប់។

៣-សារធាតុរាវ ក្នុងដបមានអក្សរ Ketmaine ចំនួន៥ដប។ ៤-ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន៣។ ៥-ស៊ីឡៅ ចំនួន២។ ៦-បំពង់កែវ ចំនួន១។

៧-ថង់ប្លាស្ទិកមួយចំនួន។ នៅក្នុងការត្រួតពិនិត្យនោះ កម្លាំងនគរបាលបានឃាត់ខ្លួនជនជាតិចិន ម្នាក់ ឈ្មោះ LUO TIAN ZHU ភេទប្រុស អាយុ៣៥ឆ្នាំ។

រហូតដល់វេលាម៉ោង ២និង០៥នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កម្លាំងនគរបាលបានបន្តស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនបក្ខពួក ៣នាក់បន្ថែមទៀត នៅចំណុចផ្ទះលេខ២១ ផ្លូវ J-01 បុរីហ្គ្រេនភ្នំពេញ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយដកហូតបានអាវុធខ្លី ២ដើម។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ LI GANG អាយុ៥១ឆ្នាំ ជនជាតិចិន សញ្ជាតិខ្មែរ។ ទី២-ឈ្មោះ ZHANG CHENXIANG អាយុ៣៦ឆ្នាំ ជនជាតិចិន និងទី៣-ឈ្មោះ WANG XIAOBING អាយុ៤៥ឆ្នាំ ជនជាតិចិន។

ចំពោះវត្ថុតាងដកហូត រួមមាន ១-អាវុធខ្លី ចំនួន២ដើម បង់ចំនួន២។ ២-លិខិតឆ្លងដែន ចំនួន៣ក្បាល។ ៣-ទូរស័ព្ទដៃ ចំនួន២គ្រឿង។ ៤-ប័ណ្ណជនបរទេស ចំនួន៣សន្លឹក។ ៥-អត្តសញ្ញណប័ណ្ណ ចំនួន១សន្លឹក។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ LUO TIAN ZHU បានឆ្លើយថា សារភាពថា ខ្លួនចេញពីប្រទេសចិន មកកាន់ប្រទេសឡាវ អំឡុងខែកុម្ភៈ ដើម្បីមកធ្វើការជាមួយមិត្តភក្តិ នៅខារ៉ាអូខេ តែពេលមកដល់ មិនបានជួបមិត្តភក្តិទេ ហើយត្រូវបានគេយកទៅទុកនៅឃ្លាំងមួយកន្លែង អស់រយៈពេលប្រហែល ១អាទិត្យ ហើយត្រូវបានគេដកលិខិតឆ្លងដែនទុក។ បន្ទាប់មក មានតៃកុងឡានឡាវម្នាក់ បានដឹកខ្លួនឆ្លងដែន ចូលមកកម្ពុជា តែខ្លួនមិនដឹងចូលតាមច្រកណាទេ ដោយជិះកាត់ព្រៃ ហើយក៏មានតៃកុងឡានខ្មែរ ដឹកខ្លួនបន្តមកទីតាំងផ្ទះខាង លើ។

ចំណែកជនសង្ស័យឈ្មោះ លី កាំង Li Gang មិនទាន់សារភាពទេ ដោយឆ្លើយដោះសាថា អាវុធខ្លី ទាំង២ដើម ម្តងថាទិញពីជនជាតិចិន ម្តងថា ទិញពីខ្មែរ ក្នុងតម្លៃ ៥០០ដុល្លារ ហើយម្តងថា រើសបាននៅក្នុងធុងសំរាម។ជនសង្ស័យជាជនជាតិចិន ទាំង៤នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីស្រាវជ្រាវបន្ត៕

RELATED ARTICLES