Friday, April 3, 2026
Homeតារាខ្មែរឌុច លីដា ប្ដីមិនហួងហែងអាជីពចាស់

ឌុច លីដា ប្ដីមិនហួងហែងអាជីពចាស់

ភ្នំពេញ ៖ តារាកូន១ ឌុច  លីដា  បានប្រាប់អ្នកកាសែត នាពេលថ្មីៗនេះថា ការធ្វើតួស្លូត សុភាព ឬសិចស៊ី នាងអាចធ្វើបាន ទៅតាមសាច់រឿងដែលអ្នកដឹកនាំតម្រូវទាំងអស់ ព្រោះក្នុងនាមជាអ្នកសម្ដែងម្នាក់ នាងចង់ប្រឡូកឲ្យបានគ្រប់រសជាតិ មិនថាធ្វើជាតួធ្មប់ ម្ដាយ ឬលោកយាយ នាងមិនបដិដេធទេ ។ នេះជាគឺការតាំងចិត្តដ៏គួរឲ្យសរសើររបស់លីដា ខណៈដែលតារាល្បីៗផ្សេងទៀត ក្នុងវ័យនេះ ពួកគេមិនព្រមធ្វើជាតួម្ដាយ ជាដាច់ខាត កុំថាឡើយជាតួលោកយាយ ។ ប៉ុន្ដែលីដា អាយុ៣៥ឆ្នាំ បែរជាព្រមទទួលសម្តែងជាតួយាយ ទៅវិញ ប្រសិនបើផលិតករតម្រូវ។

ឌុច លីដា ថាការសម្ដែងតួអង្គទៅតាមសាច់រឿងតម្រូវនោះ ស្វាមីនាង មិនហាមឃាត់ទេ ព្រោះមុនចាប់ដៃគ្នា ប្ដីក៏ដឹងថា នាងជាអ្នកណា? ធ្វើការអ្វីដែរ ហេតុនេះហើយ ស្វាមីប្រាកដជាអាចទទួលយកបាននូវការងារសិល្បៈរបស់នាង។ ការអះអាងបែបនេះរបស់លីដា បញ្ជាក់ថា បើសិនជានាងចង់លេងសិចស៊ី ឈុតស្រើបស្រាលដូចមុន ប្រាកដជាប្ដី មិនរារាំងផ្លូវនាងទេ ។ ប៉ុន្ដែសម្រាប់តារាស្រីផ្សេងៗទៀត ក្រៅពីលីដា សឹងតែ ៩០% ទៅហើយ ដែលកុំថាឡើយឈុតស្នេហាស្រើបស្រាល សូម្បីតែតួបឺតមាត់ ក៏ប្ដីហាមលេង ។

គួរញ្ជាក់ថា ឌុច លីដា ធ្លាប់ថតរឿងស្នេហាក្ដៅសាច់ខ្លាំង ដូចជារឿង «ស្បែកគង់» និង «នាទីវេទមន្ដ» ជាដើម រហូតមានខ្លះចោទនាងថា ហ៊ានថតស្រាតទៀតផង បើទោះជាពេលនោះ នាងថា ជាបច្ចេកទេសនៃការកាត់តរបស់ផលិតកម្ម ក៏ដោយ។ ប៉ុន្ដែតាំងពីលីដា បង្ហាញមុខស្វាមី ជាង៥ឆ្នាំនេះ គេមិនដែលឃើញនាងថតរឿងណាដែលមានឈុតរោលរាលដូចមុនទៀតឡើយ ។ អ្នកខ្លះថា លីដា ត្រូវបានប្ដីហួងហែង លែងឲ្យលេងឈុតក្ដៅសាច់នោះ ទើបតែពេលនេះ នាងអះអាងថា ស្វាមីមិនដែលហាមឃាត់នាង ទាក់ទងការងារសិល្បៈឡើយ ។ ប៉ុន្ដែលីដា ថារឿងដែលនាងអាចថត សម្ដែងបាន នាពេលនេះ គឺទាល់តែជាប្រភេទភាពយន្ដខ្លី និងទីតាំងជិតៗ តែបើរឿងនោះវែង ចុះទៅថតខេត្តឆ្ងាយៗ យូរថ្ងៃ នាងមិនទទួលទេ ព្រោះនាងគ្មានពេលវេលាគ្រប់គ្រាន់ ហើយជីវិតនាង ពេលនេះផ្ដោតលើការមើលថែកូន ជាងផ្ដោតលើសិល្បៈ ។

ការប្រកាសរបស់ឌុច លីដា នាពេលនេះ អ្នកខ្លះថា នាងចង់ទម្លាក់ខ្លួន ដើម្បីក្រសោបការងារសិល្បៈ ជាថ្មី ព្រោះតាំងពីមានស្វាមី និងកូន នាងស្ងាត់ មិនមានបញ្ចេញស្នាដៃលេចធ្លោ ដូចកាលនៅក្រមុំឡើយ។ ប៉ុន្ដែលីដា ថាអំឡុងពេលនាងមិនសូវមានសកម្មភាពសិល្បៈច្រើនដូចមុន នាងរវល់ទៅលើការបើកអាជីវកម្ម ដល់ទៅ៣ ផ្សេងគ្នា គឺហាង Café Corner  ហាង មូលី Beauty និងហាង Uji kura Matcha ។

ឌុច លីដា បានថតរឿងចុងក្រោយ «ទាយាទធ្មប់» ដែលនាងលេងជាតួធ្មប់ តែនៅឆ្នាំ២០២៦ នេះ នាងថាមិនទាន់ទទួលថតរឿងថ្មីឡើយ ។ លីដា ដែលបានរៀបការស្រដៀងសែនព្រេន ជាមួយស្វាមីវ័យចំណាស់ កាលពី២០២០ និងសម្រាលបានកូនប្រុស១ ឈ្មោះឡេង កិត្យានី នៅឆ្នាំដដែលនោះថា ចាប់ពីពេលនេះតទៅ មង្គលការ មិនមែនជារឿងចាំបាច់បំផុតសម្រាប់រូបនាងឡើយ ព្រោះនាងផ្ដោតលើការរកស៊ីច្រើនជាង។ ការតាំងចិត្តបែបនេះ គឺផ្ទុយស្រឡះទៅនឹងការអះអាងរបស់លីដា ដែលនាងធ្លាប់សន្យាថា នឹងរៀបការចំហ នៅ ពេលកូនប្រុសនាងមានអាយុ៥ឆ្នាំ ដែលពេលនោះ នាងនឹងយកកូន ធ្វើជាកូនអណ្ដើកតែម្ដង តែឥឡូវពេលកូនអាយុ ៦ឆ្នាំ លីដា បែរជាលែងចង់រៀបការលើកទី២ ទៅវិញ ។          

ប្រភពថា ទោះជាឌុច លីដា នៅតែអះអាងថា នាងអាចថតសម្ដែងរឿងបាន ទៅតាមតម្រូវការអ្នកដឹកនាំសម្តែងក្ដី ប៉ុន្ដែនោះអាចជាការស្ទាបស្ទង់ទីផ្សារសិល្បៈ ថាក្រោយនាងរយាលពីអាជីពចាស់ ៦ឆ្នាំ និងពេលនេះ មានប្ដីនិងកូន១ តើផលិតករ នៅត្រូវការនាងថតសិចស៊ី ដូចមុនទៀតឬអត់? គេជឿថា ប្រសិនបើលីដា ហ៊ានលេងឈុតស្នេហាស្រើបស្រាល ដូចកាលនៅក្រមុំមែននោះ ស្វាមីនាងនឹងមានប្រតិកម្មភ្លាមជាមិនខាន ព្រោះលោកជាមន្រ្ដីរាជការមួយរូប ហេតុនេះ ប្រាកដណាស់ថា នឹងមិនឲ្យភរិយា ធ្វើឲ្យលោកបាក់មុខទេ ។ ប៉ុន្ដែលីដា កន្លង មក ត្រូវបានចាត់ទុកជានារីចិត្តធ្ងន់ មិនចេះឆេវឆាវផ្ដេសផ្ដាសទេ ទោះបីជាអ្នកលេងហ្វេសប៊ុក មួយចំនួន បង្អាប់នាងថា យកប្ដីតា ដើម្បីដុល្លារ ក៏នាងមិនដែលប្រតិកម្មតបដោយកំហឹងឡើយ ៕

RELATED ARTICLES