Tuesday, April 21, 2026
Homeព័ត៌មានជាតិព្រះមហាក្សត្រ វះកាត់ជោគជ័យ  សម្តេចហ៊ុន សែន ទៅកំដរនៅមន្ទីរពេទ្យ

ព្រះមហាក្សត្រ វះកាត់ជោគជ័យ  សម្តេចហ៊ុន សែន ទៅកំដរនៅមន្ទីរពេទ្យ

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានក្រុមវេជ្ជបណ្ឌិតជំនាញនៅមន្ទីរពេទ្យទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន វះកាត់ដោយជោគជ័យ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ខណៈដែលសម្ដេច ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅកំដរព្រះមហាក្សត្រជាទីគោរពសក្ការៈ នៅមន្ទីរពេទ្យ និងបានផ្ដល់ដំណឹងដ៏រីករាយនេះ មកកាន់ប្រជារាស្រ្តនៅក្នុងប្រទេស ថាព្រះ រាជសុខភាពរបស់ព្រះមហាក្សត្រ គឺជាសុខភាពរបស់ប្រទេសជាតិទាំងមូល។ ដូច្នេះក្នុងករណីព្រះរាជសុខភាពព្រះមហាក្សត្រ បានប្រសើរ សម្ដេច នឹងត្រឡប់មកប្រទេសកម្ពុជា វិញ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ។

 សម្ដេច ហ៊ុន សែន បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់សម្ដេច នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ថា “ថ្វាយបង្គំសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់! ពេលនេះខ្ញុំព្រះករុណាខ្ញុំ កំពុងស្ថិតនៅមន្ទីរពេទ្យក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន សូមទូលប្រគេននិងជម្រាបជូនបងប្អូនជនរួមជាតិថា ការវះកាត់របស់គ្រូពេទ្យចិន ថ្វាយចំពោះព្រះមហាក្សត្រ ជាទីគោរពសក្ការៈ បានទទួលជោគជ័យហើយ។ ការវះកាត់ បានធ្វើនៅព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២៦ នេះ។ ពេលនេះ ព្រះករុណា ព្រះអង្គបានដឹងព្រះកាយ បន្ទាប់ពីអស់ថ្នាំសណ្តំ ។ ពេលនេះ គ្រូពេទ្យកំពុងតាមដានដោយយកចិត្តទុកដាក់នូវការវិវត្តប្រែប្រួលក្រោយការវះកាត់។ ព្រះករុណា ព្រះមហាក្ស ត្រ និងសម្តេចម៉ែ ព្រះអង្គសូមអរព្រះគុណនិងអរគុណចំពោះព្រះសង្ឃនិងប្រជាពលរដ្ឋ ដែលបានផ្ញើសារថ្វាយ ព្រះពរចំពោះព្រះអង្គ“ ។

សម្ដេច ហ៊ុន សែន បានសរសេរបន្តថា “ខ្ញុំសូមយកឱកាសនេះ អរគុណប្រធានាធិបតីស៊ី ជីនពីង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា។ សូមអរគុណជាពិសេស ដល់ក្រុមគ្រូពេទ្យដ៏ពូកែដែលបានវះកាត់ប្រកបដោយជោគជ័យនិងសុវត្ថិភាព សម្រាប់ព្រះមហាក្សត្រ ជាទីគោរពស្រលាញ់របស់ប្រជាជនកម្ពុជា។ សម្រាប់ខ្ញុំព្រះករុណា និងកូនប្រុស ពីរនាក់ ហ៊ុន ម៉ានិត និង ហ៊ុន ម៉ានី បានមកដល់ប៉េកាំង តាំងពីថ្ងៃ១៧ ខែមេសា ឆ្នាំ២០២៦ មកម្ល៉េះ ដែលមានគោលដៅតែ មួយគត់ គឺកំដរព្រះមហាក្សត្រ និងហ្លួងម៉ែ ក្នុងពេលវេលាដ៏លំបាកនេះ ព្រោះព្រះរាជសុខភាពរបស់ព្រះមហា ក្សត្រ គឺជាសុខភាពរបស់ប្រទេសជាតិទាំងមូល។ ក្នុងករណីព្រះរាជសុខភាពព្រះមហាក្សត្រ បានប្រសើរ ខ្ញុំព្រះ ករុណា នឹងត្រឡប់ទៅប្រទេសវិញ នៅថ្ងៃ២២ ខែមេសា ឆ្នាំ២០២៦“ ។

 ជាមួយគ្នានោះដែរ ក្រសួងព្រះបរមរាជវាំង ក៏បានចេញសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ជម្រាបជូនសាធារណជនថា ស្ថានភាពនៃព្រះរាជសុខភាពព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានទទួលការព្យាបាលព្រះរោគ ដោយវះកាត់ ពីក្រុមវេជ្ជបណ្ឌិតចំណានៗ នៅមន្ទីរពេទ្យប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន នៅវេលាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ។

ក្រសួងព្រះបរមរាជវាំង បានឱ្យដឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានយាងចាកចេញពីបន្ទប់វះកាត់រួចហើយ នៅថ្ងៃដដែល ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុត ពីក្រុមវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។ ទន្ទឹមនេះដែរ ក្រុមវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន បានក្រាបបង្គំទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គគង់ប្រថាប់មួយរយៈពេលទៀត ក្រោយវះកាត់ ដើម្បីពិនិត្យតាមដាននិងថែទាំព្រះរាជសុខភាពបន្ត នៅក្នុងមន្ទីរពេទ្យប៉េកាំង។

 សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង បានបញ្ជាក់បន្ថែមថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសូមថ្លែងអំណរព្រះគុណ និងអរគុណ ថ្វាយសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនសម្ដេច ថ្នាក់ដឹកនាំកំពូលជាតិ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ និងបង ប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានថ្វាយព្រះពរនិងបួងសួងសូមឲ្យព្រះអង្គ បានឆាប់ជាសះស្បើយពីព្រះរោគ ។

សូមរម្លឹកថា ក្រសួងព្រះបរមរាជវាំង បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ថា ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរោគមហារីកក្រពេញប្រូស្តាត (Prostate Cancer) ដែលតម្រូវឲ្យមានការវះកាត់ តាមវេជ្ជបញ្ជា នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង ។

ព្រះមហាក្សត្រ នរោត្ដម សីហមុនី និងសម្ដេចម៉ែ នរោត្តម មុនិនាថ សីហនុ បានយាងទៅពិនិត្យព្រះរាជសុខ ភាពនៅក្រុងប៉េកាំង ប្រទេសចិន កាលពីអំឡុងខែកុម្ភៈ និងខែមីនា ។ លុះមកដល់ថ្ងៃទី១០ ខែមេសា ព្រះមហា ក្សត្រ បានប្រទានព្រះរាជសារបញ្ជាក់ពីព្រះរោគមហារីកក្រពេញប្រូស្តាត បន្ទាប់ពីបន្ទាប់ពីទទួលលទ្ធផលពិនិត្យពីក្រុមវេជ្ជបណ្ឌិត។

យោងតាមព្រះរាជសារ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ថ្វាយជូនសម្តេចព្រះមហាសង្ឃរាជ ថ្នាក់ដឹកនាំ ព្រះ ញាតិវង្សានុវង្ស និងជនរួមជាតិទាំងអស់ ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលថា ក្រោយការពិនិត្យដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យរដ្ឋធានីប៉េកាំង ព្រះអង្គមានព្រះរោគមហារីក នៅក្រពេញប្រូស្តាត ។

 ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានបញ្ជាក់នៅក្នុងព្រះរាជសារនោះថា «តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមព្រះអនុញ្ញាតនិងអនុញ្ញាតគង់ប្រថាប់បន្តទៀត ហើយពុំទាន់អាចយាងនិវត្តន៍ទៅកាន់មាតុប្រទេស នៅពេលនេះបានទេ ។ ក្រុមគ្រូពេទ្យ តម្រូវឱ្យទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ចូលគង់ប្រថាប់ក្នុងមន្ទីរពេទ្យ ដើម្បីព្យាបាលតាមវេជ្ជបញ្ជា និងថែរក្សាព្រះរាជសុខភាព មួយរយៈពេល ពីមួយខែ ទៅពីរខែ បន្តទៀត»៕

RELATED ARTICLES