Wednesday, April 29, 2026
Homeតារាខ្មែរសុគន្ធ និសា ពុទ្ធបរិស័ទគាំទ្រពេញវត្ត

សុគន្ធ និសា ពុទ្ធបរិស័ទគាំទ្រពេញវត្ត

សហរដ្ឋអាមេរិក ៖ ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ អ្នកនាង សុគន្ធ និសា ឈរនៅលើឆាកតូចមួយ ពីមុខតន្រ្ដីករ និងតារាចម្រៀងខ្មែរ នៅអាមេរិក សុទ្ធសឹងតែមានវ័យចំណាស់ជាងនាង និសា ច្រៀងនៅចំពោះមុខពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ ណែនពេញមុខឆាក នៅវត្តពុទ្ធរង្សី ទីក្រុងវូហ៊ី (Voorhees ) រដ្ឋញូវជេស៊ី (New Jesey) នៃសហរដ្ឋអាមេរិក ដែលនាងច្រៀងសម្ដែង ២ថ្ងៃ គឺថ្ងៃទី២៥ និង២៦ ខែមេសា ឆ្នាំ២០២៦ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។ ដោយសាតែមានសំឡេងហ៊ោ និងទះដៃស្វាគមន៍យ៉ាងកក់ក្ដៅនោះ និសា ដែលមានជំងឺរលាកបំពង់សំឡេង មិនទាន់ជា ១០០% នោះ មានកម្លាំងចិត្តណាស់ ហើយនាងច្រៀងជាច្រើនបទ ពិសេសបទ «ក្ដាមស្រែ» មានអ្នកចេះបទនេះ និងច្រៀងតាមនាងទៀតផង ។

សូមបញ្ជាក់ថា សុគន្ធ និសា បានហោះទៅដល់អាមេរិក កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ដោយមានស្វាមីនាង លោកចៅ សម្បត្តិ ជូនដំណើរ ដែលការច្រៀងសម្ដែងលើកនេះនាងបានត្រៀមតែបទមរតកដើម និងបទប្រពៃណីខ្មែរប៉ុណ្ណោះ  ខណៈសម្លៀកបំពាក់ ក៏ជាឈុតបុរាណរបស់ខ្មែរដែរ ព្រោះច្រៀងនៅវត្ត។ មុនចេញទៅអាមេរិក និសា ក៏មានបញ្ហាសុខភាពខ្លះៗដែរ គឺនាងកើតជំងឺរលាកបំពង់សំឡេង នាំឲ្យលុបចោលការច្រៀងសម្ដែងមួយចំនួនក្នុងស្រុកទៀតផង។ ប៉ុន្ដែការច្រៀងនៅវត្តពុទ្ធរង្សី សហរដ្ឋអាមេរិក មិនអាចអាក់ខានបានទេ ព្រោះមានការផ្សព្វផ្សាយជាច្រើនថ្ងៃមកហើយ ហេតុនេះទោះជាមានបញ្ហាសំឡេងខ្លះ តែនិសា នៅតែអាច ច្រៀងសម្ដែងបានចប់ ទៅតាមគម្រោងដែលបានត្រៀមទុក។

តាមព័តមានថា និសា គ្មានគម្រោងច្រៀងសម្ដែងនៅបណ្ដារដ្ឋផ្សេងៗទៀតឡើយ ពោលគឺចប់ច្រៀងនៅទីក្រុងវូហ៊ី (Voorhees ) រដ្ឋញូវជេស៊ី (New Jesey) នាងទៅផ្ទះស្វាមី នៅទីក្រុងបូស្ដុន (Boston) រដ្ឋ Massachusetts សហរដ្ឋអាមេរិក និងដើរកម្សាន្ដជាលក្ខណៈឯកជន ហើយនាងនឹងនាំស្វាមី វិលត្រឡប់មកស្រុកខ្មែរ វិញ នៅដើមខែឧសភា ខាងមុខ។

 ប្រភពថា នៅថ្ងៃឡើងយន្ដហោះ នារាត្រីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នោះ និសា ក៏ត្រូវបានពិធីការិនី ណាក់ ស្រីណា ជូននាងដល់អាកាសយានដ្ឋានអន្តរជាតិតេជោ និងថែមទាំងបានលើកនំខេក ធ្វើខួបកំណើតគម្រប់៤៣ឆ្នាំ ទៀតផង បើទោះជាខួបកំណើតពិតរបស់នាង នៅថ្ងៃទី១ ខែឧសភា ក៏ដោយ ដោយសារដឹងថា នៅថ្ងៃនោះ និសា មិនទាន់វិលមកខ្មែរវិញ ទើបស្រីណា ធ្វើខួបកំណើតឲ្យនិសា មុនថ្ងៃបែបនេះ។ អ្វីដែលគួរឲ្យចាប់ អារម្មណ៍ ទោះជាពេលនេះ និសា ឈានចូលវ័យរាងជ្រេបន្ដិច តែនាងនៅរក្សាបានសម្រស់ផូរផង់ ក្មេងជាងវ័យ ដែលតាមព័ត៌មានថា នោះព្រោះតែនាងមានគ្លីនិកថែសម្រស់ ផ្ទាល់ខ្លួន ហេតុនេះហើយ បានជាថៅកែស្រីរូបនេះ នៅរក្សារូបឆោម រាងរៅ មិនឡើងគីឡូ និងបែកសាច់ដូចតារាមួយចំនួនទៀត ដែលមានប្ដីដូចនាងឡើយ ។

សុគន្ធ និសា បានអាក់ខានច្រៀងសម្ដែងនៅអាមេរិក ជាង១០ឆ្នាំមកហើយ គឺទើបតែឆ្នាំនេះ នាងទទួលការ ច្រៀង រយៈពេលត្រឹមតែ ២ថ្ងៃ ដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរ នៅទីនោះ ។ ប៉ុន្ដែតាំងពីនិសា រៀបការប្ដី លោកសម្បត្តិ អាណិកជនខ្មែរនៅអាមេរិក ជិត៩ឆ្នាំ មកនេះ ជាទម្លាប់ ស្វាមីតែងតែនាំនាងទៅលេងអាមេរិក ១ឆ្នាំម្ដង នៅរៀងរាល់រដូវធ្លាក់ភ្លៀង ដែលស្បើយការងារសិល្បៈក្នុងស្រុក ។ ប៉ុន្ដែនិសា មិនទាន់មានគម្រោងច្បាស់ លា ស់ក្នុងការទៅរស់នៅអាមេរិក តាមស្វាមី ជាអចិន្ត្រៃយ៍ឡើយ ព្រោះតែនាងមិនចង់បញ្ចប់អាជីពចាស់ នៅក្នុងស្រុក ស្ដាយការតស៊ូជាង ១០ឆ្នាំ ទើបមិនទាន់ប្រញាប់ទៅរស់នៅអាមេរិក។ ចំណែកលោកសម្បត្តិ បានអនុ ញ្ញាតឲ្យភរិយា លេងសិល្បៈ តាមចិត្តចង់ ហើយលោកមិនដែលដើរតាមប្រពន្ធ នៅឆាកតន្រ្ដីនានាក្នុងស្រុក ដូចប្ដីប្រពន្ធតារាផ្សេងៗទៀតឡើយ ។ និសា ធ្លាប់អះអាងថា នាងនិងស្វាមី មានទំនុកចិត្តខ្ពស់លើគ្នា ហេតុនេះមិនចាំបាច់ទៅណាតាមគ្នាគ្រប់វិនាទីទេ ព្រោះនាងនិងប្ដី មានការងាររវល់រៀងៗខ្លួនដែរ ។          

ទាក់ទងរឿងយកកូន សុគន្ធ និសា ធ្លាប់ប្រាប់ដែរ នាងរៀបគម្រោង តាំងពីឆ្នាំ២០២១ ក្រោយពន្យារពេលអស់ ៤ឆ្នាំ ប៉ុន្ដែពេលនេះ បែរជាគ្មានកូន ដូចការចង់បានទៅវិញ ។ ប្រភពថា បញ្ហារៀបការជិត ១០ឆ្នាំ អត់កូននេះហើយ ធ្វើឲ្យនិសា និងប្ដី មិនសូវមានភាពកក់ក្ដៅក្នុងគ្រួសារ ព្រោះគ្រួសារទាំងសងខាង ចង់ឲ្យនិសា ពពោះ តាំងពីក្រោយរៀបការភ្លាមៗ៕

RELATED ARTICLES