ភ្នំពេញ ៖ រថយន្តយីឌុប ដឹកផ្លែស្វាយ ១គ្រឿង បើកបរក្នុងល្បឿនលឿន រួចជ្រុលទៅបុកពីក្រោយម៉ូតូ ១គ្រឿង ជិះគ្នា២នាក់ ពេញទំហឹង ខណៈដែលម៉ូតូកំពុងឈប់ស្តុប បណ្តាលឱ្យបុរសជាអ្នកជិះម៉ូតូ ទាំង២នាក់ រងរបួសធ្ងន់-ស្រាល ចំណែកម៉ូតូ ត្រូវរថយន្តបង្កកិនអូសប្រមាណជាង១០០ម៉ែត្រ រហូតផ្ទុះឆេះទាំងរថយន្ត និងម៉ូតូ។ រីឯអ្នកបើកបររថយន្តបង្កហេតុ បានចុះរត់គេចខ្លួនបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង១៥នាទីព្រឹក ថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០២៦ នៅតាមមហាវិថីស៊ី ជីនពីង ត្រង់ចំណុចភ្លើងស្តុបគងនយ ស្ថិតនៅក្នុងភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ភាគីរថយន្តបង្កហេតុ ត្រូវភ្លើងឆេះ ក្បាលរថយន្តហ្មត់ ជារថយន្តសណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ កំពង់ចាម 4A-1254 ដឹកផ្លែស្វាយ។ ចំណែកម៉ូតូដែលជាប់ក្រោមរថយន្ត និងត្រូវភ្លើងឆេះអស់ ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1P-8457 ជិះដោយបុរស២នាក់ (មិនទាន់ស្គាល់អត្ត សញ្ញាណ)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ មានបុរស ២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1P-8457 ធ្វើដំណើរតាមមហាវិថីស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ក្នុងទិសដៅពីជើង ទៅត្បូង លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ភ្លើងស្តុបបានលោតពណ៌ក្រហម ហើយម៉ូតូនោះក៏បានឈប់រង់ចាំភ្លើងស្តុបលោតពណ៌ខៀវវិញ ខណៈនោះស្រាប់តែរថយន្តយីឌុប ដឹកផ្លែស្វាយ ១គ្រឿង ខាងលើ បានបើកបរក្នុងទិសដៅស្របគ្នា និងក្នុងល្បឿនលឿន បានជ្រុលបុកម៉ូតូ ពីក្រោយ ពេញទំហឹងតែម្តង។
ប្រភពដដែល បន្តថា ពេលនោះ បុរសអ្នកជិះម៉ូតូម្នាក់ (អ្នកជិះខាងក្រោយ) មើលឃើញរថយន្តនោះទៅជិត ក៏បានលោតចេញទាន់ និងបានរងរបួសស្រាល។ ចំណែកបុរសម្នាក់ទៀត ដែលជាអ្នកបើកបរម៉ូតូ ត្រូវរថយន្តបុកខ្ទាតចេញ រងរបួសធ្ងន់។ រីឯម៉ូតូ ត្រូវរថយន្តកិនអូសទៅមុខចម្ងាយប្រមាណជាង ១០០ម៉ែត្រ រហូតផ្ទុះឆេះទាំង រថយន្ត និងម៉ូតូ យ៉ាងសន្ធោសន្ធៅ ហើយ អ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់ភ្លាមៗ។

ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគងនយ និងកម្លាំងផ្នែកនគរបាល បានចរាចរណ៍ នៃអធិការ ដ្ឋានខណ្ឌដង្កោ បានចេញអន្តរាគមន៍ និងរាយការណ៍ទៅកាន់រថយន្តពន្លត់អគ្គិភ័យ ឱ្យចេញមកបាញ់ពន្លត់ភ្លើង រហូតរល។ ប៉ុន្តែក្បាលរថយន្តខាងលើ រួមទាំងម៉ូតូ ហុងដា ឌ្រីម សេ១២៥ ត្រូវភ្លើងឆេះខូចខាតទាំងស្រុង ហើយក្រោយពេលកើតហេតុ បុរសដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ។

បន្ទាប់មកនគរបាលចរាចរណ៍ខណ្ឌដង្កោ បានរាយការណ៍ទៅកាន់កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យចុះទៅធ្វើការវាស់វែង និងនាំយករថយន្តបង្កហេតុ និងម៉ូតូរងគ្រោះ ទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕